ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម Intelligent Quotient លើកពាន Cyberfusion ក្រោយឈ្នះក្រុម Glory5 វគ្គផ្តាច់ព្រ័ត្រ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមកីឡាករ អេឡិចត្រូនិក Intelligent Quotient បានលើពានរង្វាន់ជើងឯក Cyberfusion ឆ្នាំ២០១៧ ក្រោយលេងឈ្នះ Glory5 ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក លន់ សាមឌី អគ្គលេខាធិកាសហព័ន្ធកីឡាអេឡេត្រូនិកកម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡាអេឡេត្រូនិកពានរង្វាន់ Cyberfusion នេះ បានបែងចែកការប្រកួតជា ៣ដំណាក់កាល មាន៥០ក្រុមចូលរួម បានប្រកួតជម្រុះរហូតរកឃើញក្រុមជើងខ្លាំងចំនួន៨ចុងក្រោយ ដើម្បីប្រកួតនៅវគ្គពាក់កណ្តាលនិង ផ្តាច់ព្រ័ត្រ ។

ក្រុមទាំង៨នោះ រួមមាន ក្រុម Intelligent Quotient, CA_:laughing:, Glory5, GreatSeven, The Horde, Danger Gaming, Sky Gaming, និង HSM ។ ការប្រកួតចំរាញ់រកជើងឯកប្រចាំឆ្នាំ២០១៧នេះ ចាប់ពីថ្ងៃទី២៤-២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរួចមក ក្រុម Intelligent Quotient និងក្រុម Glory5 បានបន្តឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែជាលទ្ធផល គឺជ័យជម្នះបានទៅក្រុម Intelligent Quotient បន្ទាប់ពីលេងឈ្នះ ក្រុម Glory5បានលើកពានរង្វាន់ជើងឯក Cyberfusion 2017 (Dota2) រដូវកាលទី១ ។

ក្រុមជើងឯក Intelligent Quotient ទទួលបាន ៥,០០០ដុល្លារ, ក្រុមជើងឯករង Glory5 ទទួលបាន ៣,០០០ដុល្លារ, ក្រុមលេខ៣ The Horde ទទួលបាន ១,៥០០០ដុល្លារ និងក្រុមលេខ៤ CA-:laughing: ទទួលបាន ១,០០០ដុល្លារ។ ចំណែកក្រុម HSM និង Great Seven ដែលឈរលេខ៥ និងលេខ៦ ទទួលបាន ៧៥០ដុល្លារស្មើគ្នា ខណៈក្រុម Dager Gaming និងក្រុម Sky Gaming ទទួលបាន ៥០០ដុល្លារដូចគ្នា ។

លោក ជា ច័ន្ទបូរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានទី១សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា មានប្រសាសន៍ផ្ដាំផ្ញើដល់ក្រុមកីឡា E-Sport ដែលមកចូលរួមទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅរកការប្រកួតលក្ខណៈអន្ដរជាតិនាពេលខាងមុខ ពិសេសគឺការត្រៀមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។

លោកមានប្រសាសន៍ថា កីឡា E-Sport មិនមែនជាហ្គេមទេ សូមបងប្អូនកុំស្រឡំ បើជាហ្គេមគណៈកម្មាធិការជាតិអូឡាំពិកគេមិនអនុញ្ញាតឲ្យប្រកួតនៅក្នុងស្នាក់ការរបស់គេដែរ ម្យ៉ាងវិញទៀត E-Sport គឺជាកីឡាដែលមានច្បាប់ប្រកួតត្រឹមត្រូវ និងមានការទទួលស្គាល់ពីសហព័ន្ធអន្តរជាតិ និង ក្រសួងអប់រំយុវជនកីឡានៃកម្ពុជាផងដែរ ៕ សារីម


ចែករំលែក៖