ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក.) ទើបតែបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី មន្ត្រីគ្រប់គ្រងព្រឹត្តិការណ៍ប្រកួត (FFC Event Management Course) ឬហៅថា ស្នងការប្រកួត កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដែលចាប់ផ្តើមបណ្តុះបណ្តាលកាលពីចុងខែវិច្ឆិកា កន្លងទៅនៅទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញមានសិក្ខាកាមចូលរួមជាង៣០នាក់ ។
តំណាងមន្ត្រីរៀបចំការប្រកួតរំពឹងថា អ្នកចូលរួមទាំងអស់នឹងយកចំណេះដឹងទៅប្រើប្រាស់តាមក្លិប សមាគម ឬស្ថាប័នរៀងៗខ្លួន ហើយអភិវឌ្ឍន៍កីឡាមួយនេះឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។
យោងតាមលិខិតផ្លូវការលេខ ៥៤១/១៧ ស.ស.ប.ក/ស.ជ.ណ បានឲ្យដឹងថា វគ្គមន្ត្រីគ្រប់គ្រងព្រឹត្តិការណ៍ប្រកួត នឹងធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លើទីលានពហុកីឡដ្ឋានជាតិ ។ ចំពោះទីកន្លែងស្នាក់នៅនិងអាហារហូបចុកជាបន្ទុករបស់សហព័ន្ធកីឡាបាល់ទាត់ដែលទទួលខុសត្រូវ។
សូមបញ្ជាក់ថា សិក្សាវគ្គនេះសិក្ខាកាមត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា សិក្ខាកាមទាំងអស់ត្រូវមានអាយុចាប់ពី២៥ដល់៣៥ឆ្នាំ ត្រូវមានពេលគ្រប់គ្រាន់បម្រើការតាមការចាត់តាំងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ មិនតែប៉ុណ្ណោះ សិក្ខាកាមត្រូវចេះកម្មវិធីកុំព្យូទ័រមួយចំនួនដូចជា Word, Excel, Power Point, Email និង Internet ជាដើម ចំពោះអ្នកចេះភាសាអង់គ្លេសកាន់តែប្រសើរ។ ចំណែកសំណុំឯកសារដាក់ពាក្យចុះឈ្មោះមានពាក្យសុំចុះឈ្មោះ១ច្បាប់និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងពណ៌ធម្មជាតិ)៕ សារីម