ការប៉ះទង្គិចគ្នារវាងកម្លាំងទាហានស្មោះនឹងអតីតប្រធានាធិបតីយេមែន លោក Ali Saleh និងក្រុមឧទ្ទាមហូធី បានឈានដល់ថ្ងៃទី៥ហើយ ដោយបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន ទាំងសងខាង។
តាមតួលេខចុងក្រោយបំផុតបង្ហាញឲ្យឃើញថា ក្នុងរយៈពេល២៤ម៉ោងនៃការប៉ះទង្គិចគ្នា រវាងក្រុមទាំងពីរ មានអ្នកស្លាប់រហូតដល់ទៅ១៤០នាក់ ភាគច្រើនជាកម្លាំងក្រុមហូធី។ កម្លាំងទាហាន ដែលស្មោះត្រង់នឹងអតីតប្រធានាធិបតីបានបើកការវាយប្រហារ ឆ្ពោះទៅបណ្តាខេត្ត Ibb, Dhamar , Rameh, Hajja , Mahweet និងបង្កើតគោលដៅថ្មីដើម្បីបណ្តេញក្រុមឧទ្ទាមហូធី ចេញពីទីតាំងសំខាន់ៗនៅក្នុងប្រទេសយេមែន។
ក្នុងពេលជាមួយគ្នានេះ កម្លាំងទាហានមកពីក្រុមកុលសម្ព័ន្ធ Khawlan ក្នុងតំបន់ Sanaa គាំទ្រដល់កម្លាំងទាហានប្រឆាំងនឹងក្រុមហូធី។ កាលពីថ្ងៃទី៣ ខែធ្នូ កម្លាំងទាហានប្រជាជនបានដណ្តើមគ្រប់គ្រង តំបន់ដ៏សំខាន់បំផុតក្នុងរដ្ឋធានីSanaa និងខេត្តមួយចំនួនពីក្រុងហូធី។
ក្នុងពេលជាមួយគ្នានេះដែរ កម្លាំងទាហានអារ៉ាប ដឹកនាំដោយប្រទេសសាឌីអារ៉ាបី គាំទ្រអតីតប្រធានាធិបតីSaleh ប្រឆាំងនឹក្រុមហូធីបានបញ្ជាក់ថា ជម្រើសពិភាក្សាជាមួយ សម្ពន្ធមិត្តគឺជួយបោសសម្អាតក្រុមឧទ្ទាម ។ ក្នុងពេលជាមួយគ្នានេះ យន្តហោះចម្បាំងរបស់សម្ពន្ធមិត្តអារ៉ាប បានបើកការវាយប្រហារ ទៅលើទីតាំង របស់ក្រុមហូធី សម្លាប់ខ្មាន់កាំភ្លើងក្រុមនេះជាច្រើន។
សង្គ្រាមរវាងក្រុមឧទ្ទាមហូធីគាំទ្រដោយប្រទេសអ៊ីរ៉ង់ នឹងកម្លាំងទាហានស្មោះត្រង់ជាមួយអតីតប្រធានាធិបតី Saleh គាំទ្រនៅរដ្ឋធានីសាណា តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតមកទល់ពេលនេះ។
សង្គ្រាមបន្តកើតឡើងនៅក្នុងប្រទេសយេមែនធ្វើឲ្យប្រទេសនេះធ្លាក់ក្នុងភាពចលាចល ។ សង្គ្រាមបានសម្លាប់មនុស្សរហូតដល់ទៅ១២០០០នាក់ ភាគច្រើនជាពលរដ្ឋស្លូតត្រង់ និងជាង៤ម៉ឺននាក់ផ្សេងទៀត រងរបួស ។ ក្រៅពីនេះ នៅមានពលរដ្ឋប្រមាណជាង៣លាននាក់ ត្រូវបោះបង់ចោលផ្ទះសម្បែងរត់ភៀសខ្លួនដោយសារសង្គ្រាមក្នុងរយៈពេលពីរឆ្នាំកន្លងមក៕ ម៉ែវ សាធី