តុលាការកំពូលអេស្ប៉ាញ បានសម្រេចដោះលែងឲ្យមានសេរីភាពដល់មន្ត្រីតំបន់កាតាឡូនៀ៦រូប ប៉ុន្តែនៅបន្តឃុំខ្លួន៤រូបផ្សេងទៀត។
នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃទី៤ ខែធ្នូ ចៅក្រមតុលាការកំពូលអេស្ប៉ាញ លោក Pablo Llarena បានសម្រេចដោះលែងអតីតមន្ត្រី៦រូប នៅតំបន់ស្វ័យភាពកាតាឡូនៀ ក្រោយពេលទទួលបានការធានា និងបង់ប្រាក់ចំនួន១សែនអឺរ៉ូ។
អតីតមន្ត្រីទាំងនោះ ត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី២ ខែវិច្ឆិកា ក្រោយពេលរដ្ឋាភិបាលតំបន់កាតាឡូនៀរងការចោទប្រកាន់ពីបទ ញុះញុងបង្កឲ្យមានភាពចលាចលទាមទារឯករាជ្យ។ ទោះបីត្រូវបានដោះលែងឲ្យនៅក្រៅឃុំ តែអតីតមន្ត្រីទាំង៦រូប ត្រូវបានដកហូតលិខិតឆ្លងដែន ទប់ស្កាត់ការភៀសខ្លួនទៅក្រៅប្រទេស។ នេះជាសកម្មភាពប្រែប្រួលជាវិជ្ជមាន នៅក្នុងវិបត្តិតំបន់កាតាឡូនៀ ក្រោយប្រឈមមុខតានតឹងដាក់គ្នាជាច្រើនខែ ពាក់ព័ន្ធនឹងការទាមទារឯករាជ្យ។ ប៉ុន្តែអតីតមន្ត្រី៤រូបផ្សេងទៀត នៅក្នុងជួររដ្ឋាភិបាលកាតាឡូនៀ នៅតែបន្តឃុំខ្លួន ក្នុងនោះមានលោក Oriol Junqueras ជាបុគ្គលមានឥទ្ធិពលទី២នៅក្នុងជួររដ្ឋាភិបាលតំបន់កាតាឡូនៀ បន្ទាប់ពីលោក Carles Puigdemont ដែលជាមេដឹកនាំតំបន់កាតាឡូនៀទាមទារឯករាជ្យ។
តុលាការកំពូលអេស្ប៉ាញបានបញ្ជាក់ថា នឹងបន្តឃុំខ្លួនអតីតមន្ត្រី៤រូបផ្សេងទៀត ដោយសារតែមន្ត្រីទាំងនោះអាចបន្តប្រព្រឹត្តបទល្មើស និងមានទំនាក់ទំនងជាមួយអំពើហិង្សាកាលពីថ្ងៃទី១ ខែតុលា ដែលកាតាឡូនៀបោះឆ្នោតប្រជាមតិខុសច្បាប់ចាកចេញពីអេស្ប៉ាញ។
ក្រុមមន្ត្រីតំបន់កាតាឡូនៀដែលមានទស្សនៈគាំទ្រតំបន់កាតាឡូនៀឯករាជ្យបានថ្កោលទោសដល់តុលាការកំពូលអេស្ប៉ាញ ដោយចាត់ទុកថា ការបន្តឃុំខ្លួនអតីតមន្ត្រីជាន់ខ្ពស់លំដាប់ទី២នៅតំបន់នេះ គឺលោក Oriol Junqueras ជារឿងមិនសមហេតុសមផល។
តំបន់កាតាឡូនៀនឹងរៀបចំបោះឆ្នោតមុនពេលកំណត់ ដែលត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ ដើម្បីជ្រើសរើសតំណាងថ្មីនៅក្នុងតំបន់នេះ។ បច្ចុប្បន្នសិទ្ធិគ្រប់គ្រងស្វ័យភាព ត្រូវបានរដ្ឋាភិបាលអេស្ប៉ាញដកហូត៕ ម៉ែវ សាធី