ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា ស៊ឹង សំអុល បន្សល់ទុករឿងអាស្រូវដល់កម្ពុជា ករណីបំផ្លាញព្រៃឈើតំបន់ដែនជម្រកសត្វភ្នំព្រិច តំបន់ស្រែពក ជ្រកក្រោមច្បាប់ក្រុមហ៊ុន ប៉ាវីភីវី អ៊ឹមផត អិចផត

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រឿងអាស្រូវ ឧកញ៉ា ស៊ឹង សំអុល បានបន្សល់ទុកនូវកេរ្តិ៍ដ៏អសោចន៍នៅកម្ពុជា ជាជនបំផ្លាញព្រៃឈើដ៏គឃ្លើននិងច្បាប់ ក្នុងនោះសូម្បីសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាធ្លាប់ព្រមាននៃបទល្មើសនេះ ជាមួយនឹងការឆែកឆេឃ្លាំង ឧកញ៉ា ស៊ឹង សំអុល ឃ្លាំង ឧកញ៉ា លីម ប៉ុណ្ណា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ល្បីទូទាំងប្រទេស និងគាំទ្រពីមជ្ឈដ្ឋានប្រជាជន បុគ្គលិក មន្ត្រីរាជការចំពោះចំណាត់សម្តេចតេជោយ៉ាងពេញទំហឹង។

ករណីនេះឧកញ៉ា លីម ប៉ុណ្ណា ត្រូវបានផ្អាកដកខ្លួនទាំងស្រុងនិងជំនួញឈើ។ ដោយឡែក ឧកញ៉ា ស៊ឹង សំអុល ផ្អាកមួយរយះដោយក្តីភ័យព្រួយ តែឱកាសហុចអោយសារជាថ្មីជាមួយការទំនាក់ទំនងល្អនិងសមត្ថកិច្ច ជំនាញរដ្ឋបាលព្រៃឈើ បរិស្ថាន អាជ្ញាធរពាក់ព័ន្ធ បន្តអាជីពជំនួញឈើ តាមរយះទិញអាជ្ញាប័ណ្ណពីក្រុមហ៊ុន ប៉ាវីភីវី អ៊ឹមផត អិចផត របស់លោក ហូ សុធី ហើយគាត់បានប្រើរូបភាពកេណ្ឌប្រជាជនអោយចូលកាប់នៅតំបន់ដែនជម្រកសត្វភ្នំព្រិច នៅស្រុកកោះញែក និងតំបន់ដែនជម្រកសត្វស្រែពក ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាព្រៃអភិរក្សការពារក្រោមការគ្រប់គ្រងខាងបរិស្ថាន។

បើទោះជា ឧកញ៉ា ស៊ឹង សំអុល មិនបានធ្វើកិច្ចការនេះដោយផ្ទាល់ក្នុងព្រៃទាំងនោះ ក៏ប្រភពគួរអោយជឿទុកចិត្តបង្ហើបថា៖ មានឈ្មោះ សាំង សុខុន ត្រូវជាប្អូនថ្លៃគាត់គឺជាអ្នកចាត់ចែងរឿងចំណាយលុយរៀបចំអោយប្រជាជនចូលកាប់ផ្តួលរលំឈើនៅតំបន់ដែនជម្រកសត្វភ្នំព្រិច នៅស្រុកកោះញែក និងតំបន់ដែនជម្រកសត្វស្រែពក ស្រុកពេជ្រាដា ខណះខាងបរិស្ថានបើកដៃ។ ប៉ុន្តែករណីនេះលោក កែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្ត កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ បានប្រាប់ «នគរវត្ត»យ៉ាងដូច្នេះថា៖ ខ្ញុំទទួលស្គាល់ថាមានឈ្មួញធ្លាប់ទទួលទិញឈើពីប្រជាជនចូលកាប់នៅតំបន់ដែនជម្រកសត្វភ្នំព្រិចមែន តែមិនដូចសម័យឆ្នាំ២០១៦ធ្លាប់ប្រើឡានបាកុងដឹកឈើនោះទេ។ លោកបន្តថា៖ ពិបាកណាស់រឿងប្រជាជនគាត់តែងប្រតិកម្មបើចាប់ ដូច្នេះខាងខ្ញុំបង្ក្រាបផង ធ្វើតាមវិធីតាមដានពិនិត្យលើក្រុមហ៊ុនផ្ទាល់ថាតើគាត់កាប់ឈើក្នុងដីព្រៃសម្បទានគាត់ឬទិញពីផ្សេងចូល។

លោក កែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបញ្ជាក់ថា៖ ឥឡូវអភិបាលខេត្តបានបង្កើតគណៈកម្មការត្រួតពិនិត្យតាមក្រុមហ៊ុន អោយមានចូលរួមជាច្រើនស្ថាប័ន មុននឹងកាត់PC សួរនាំពីប្រភពឈើយកមកពីណា ក្នុងព្រៃសម្បទានឬទាញពីក្រៅ ហើយករណីនឹងចាប់អនុវត្តក្នុងមួយអាទិត្យទៀត។

លោក ស្វាយ សំអាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីជាមួយ«នគរវត្ត»តាមទូរស័ព្ទលោកមិនបានធ្វើអធិប្បាយបកស្រាយ គ្រាន់តែបញ្ជាក់ថាជាប់មានភារកិច្ចរវល់បន្តិចរួចក៏បិទទូរស័ព្ទ។ អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអាង ទោះបទល្មើសព្រៃឈើកើតមានបន្តបន្ទាប់ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់គាត់ ទាំងការដឹកជញ្ជូនចេញពីស្រុកកោះញែក ទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ ក៏ដូចជាចេញទៅវៀតណាមតាមច្រកប៉ុស្តិ៧-ណាំលៀ ជាដើមក៏គាត់ខ្វះការទទួលខុសត្រូវ ក្នុងនោះសូម្បីកូនប្រសារគាត់ឈ្មោះ យ៉តក៏មានជំនាញរត់ការបទល្មើសឈើផងដែរ។

សកម្មភាពដឹកឈើរបស់ឧកញ៉ា ស៊ឹង សំអុល គឺឈើមួយចំនួនទិញពីតំបន់ដែនជម្រកសត្វភ្នំព្រិច មួយចំនួនទៀតចេញពីតំបន់ដែនជម្រកសត្វស្រែពក ក្នុងនោះមានមន្ត្រីខ្លះនិយាយបែបចំអកថា៖ «បើធ្វើតាមច្បាប់ទាំងអស់បានអីត្រូវសល់បានសុី..ចឹងក្រុមហ៊ុនណាក៏ដូចក្រុមហ៊ុនណាដែរ គេធ្វើតាមច្បាប់ត្រឹម២០ទៅ៤០ភាគរយនោះ ចាត់ទុកថាត្រឹមត្រូវបំផុត..ព្រោះចៀសមិនផុតពីបញ្ហាបង់លុយទេ»។ បើឧកញ៉ា ស៊ឹង សំអុលវិញ ដឹកលោតឆ័ត្រតែម្តង ឡានអត់ស្លាកលេខ ខុសពីPC ខុសយថាប្រភេទឈើ ដឹកលើសPC ផ្ទុកលើសទំងន់ ។ ច្បាប់ត្រឹមកែច្នៃចែកចាយក្នុងស្រុក ឧកញ៉ា ស៊ឹង សំអុល លួចបន្លំដឹកឆ្លងទៅវៀតណាមតាមច្រកយ៉ាងតិចចំនួនបីទីតាំង និងមានមួយចំនួនតូចធ្វើតាមច្បាប់ដឹកចែកចាយទៅកាន់រាជធានី ខេត្តព្រៃវែង ស្វាយរៀង ។ ម្យ៉ាងទៀតបើទៅខេត្តព្រៃវែងច្រើនលួចកាច់ចង្កេះទៅវៀតណាមតាមច្រកទ្វេរភាគីមុឺនជ័យ ដោយសារត្រូវដងត្រូវផ្លែជាមួយគយចល័ត លក្ខណះគយចល័តមានឥទ្ធិពលគ្រប់ដណ្តបដល់ច្រកមុឺនជ័យ និងច្រកជាច្រើនទៀតដែល ឧកញ៉ា ស៊ឹង សំអុល នាំឈើចេញបានឆ្លងទៅវៀតណាមនោះ។

គួររំលឹកថា៖ ឧកញ៉ា ស៊ឹង សំអុល មានបណ្តឹងរឿងករណីកាប់បំផ្លាញព្រៃឈើនៅខេត្តមណ្ឌលគិរី ដោយចៅក្រមសើបសួរសាលាដំបូងខេត្ត លោក ស៊ុយ សុភា កោះហៅកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ អោយចូលខ្លួននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅវេលាម៉ោង៩ព្រឹក តែឧកញ៉ា ស៊ឹង សំអុល មិនបានចូលខ្លួនតាមការកំណត់រហូតដល់បច្ចប្បន្ន សង្ស័យដោយសារឥទ្ធិពលលុយ គាត់នៅមានចំហាយអំណាចសិន.? ឧកញ៉ា ស៊ឹង សំអុល ត្រូវចូលខ្លួនឆ្លើយបំភ្លឺដំណើររឿង កាប់ ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ ប្រព្រឹត្តនៅភូមិ-ឃុំចុងផ្លាស់ ស្រុកកែវសីមា ឆ្នាំ២០១៦ ក្នុងក្រុមហ៊ុនដាយថាន់។

ប្រភពគួរអោយជឿខ្លះពីខាងសាលាដំបូងខេត្តធ្លោយថា៖ ពាក់ព័ន្ធដំណើររឿង កាប់ ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ ប្រព្រឹត្តនៅភូមិ-ឃុំចុងផ្លាស់ ស្រុកកែវសីមា ឆ្នាំ២០១៦ ក្នុងក្រុមហ៊ុនដាយថាន់ នោះ ឧកញ៉ា ស៊ឹង សំអុល គ្រោងស្នើសុំចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី១២ ខែធ្នូខាងមុខនេះ តែដឹងដំណឹងថាព្រះរាជអាជ្ញានៅកន្លែង កំពុងចរចាគ្នាចូលបំភ្លឺថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០១៧ ខណះគ្មានវត្តមានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ព្រោះគាត់មានធុរៈមកឆ្លើយបំភ្លឺតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ រឿងកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំនៅតំបន់អូរហ៊ុច កាលពីព្រឹកព្រលឹមអុរថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ ត្រូវបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ហើយមានឈ្មោះគាត់ទទួលបានសំណូកពីបទល្មើសនេះផងដែរ។

ឧកញ៉ា ស៊ឹង សំអុល ក៏ធ្វើផ្លូវដើម្បីដឹកឈើចេញពីព្រៃ និងយកលុយពីក្រុមហ៊ុនផ្សេងៗដឹកឈើឆ្លងកាត់ ក្នុង១ឡាន៦០០ដុល្លារ ដោយមិនគិតមានច្បាប់អត់ច្បាប់ ផ្ទុកលើសទំងន់ឬមិនលើស។ មិនតែប៉ុណ្ណោះគាត់កំពុងអោយក្រុមហ៊ុនសម្បទានច្បាប់អោយចូលមករកសុីជាមួយគាត់ ដោយធានាចេញមុខការពារដឹកលើសទំងន់ លើសPC អោយតែបង់លុយតាមការកំណត់របស់គាត់។

នគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺពីឧកញ៉ា ស៊ឹង សំអុល បានទេចំពោះការលើកឡើងពីមជ្ឈដ្ឋានខាងក្រៅដូចខាងលើ ដោយទូរស័ព្ទត្រូវបានបិទ កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។ ដោយឡែកមេការរបស់គាត់ និងជាមេក្លោងកេណ្ឌប្រមូលប្រជាជនចូលកាប់ឈើក្នុងតំបន់ដែនជម្រកសត្វភ្នំព្រិច នៅស្រុកកោះញែក និងតំបន់ដែនជម្រកសត្វស្រែពក ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាព្រៃអភិរក្សការពារក្រោមការគ្រប់គ្រងខាងបរិស្ថាន ដើម្បីក្រុមខ្លួនចាំទទួលទិញ បានបដិសេធន៍ថាមិនបានធ្វើការងារនោះ គ្រាន់តែមានភារកិច្ចមើលឡានដឹកឈើ មើលកង់ឡានខ្លាចបែកផ្ទុះ ដើម្បីធ្វើការដោះដូរប៉ុណ្ណោះ។

សព្វថ្ងៃការដឹកជញ្ជូនឈើរបស់ឧកញ៉ា ស៊ឹង សំអុល មិនត្រឹមលើសPC ផ្ទុកលើសទំងន់ ខុសយថាប្រភេទឈើ ឡានដឹកអត់ស្លាកលេខ និងលួចនាំឆ្លងទៅវៀតណាមប៉ុណ្ណោះទេ គឺគាត់ធ្វើការជាមួយរដ្ឋបាលព្រៃឈើផ្តល់PCផ្ញើតែតាមWatapp ឬអោយកូនចៅកាន់តែPCថតចម្លងជាការស្រេច ខណះខាងគយចល័តធូរលុងអោយចេញទៅវៀតណាមកាច់ចង្កេះតាមច្រកយ៉ាងតិចចំនួន៣ទីតាំងនោះ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានអោយដឹងថា៖ យ៉ាងតិចសមត្ថកិច្ចជំនាញរបស់លោកចំនួន៤នាក់ ត្រូវបញ្ជូនចុះទៅធ្វើការតាមដានស្រាវជ្រាវជុំវិញលេចឮព័ត៌មានកាប់ឈើនៅក្នុងតំបន់ដែនជម្រកសត្វភ្នំព្រិច នៅស្រុកកោះញែក ដោយមានលោក ភោគ ចន្ធូ ជាអ្នកដឹកនាំ។ លោកអះអាងថា៖ មិនអនុញ្ញាតិអោយមានបទល្មើសនេះកើតឡើងជាដាច់ខាត ដើម្បីចូលរួមអនុវត្តតាមការណែនាំពីថ្នាក់លើ។

លោកឧកញ៉ា ស៊ឹង សំអុល អាចប្រឈមនឹងផ្លូវច្បាប់ បើគាត់បន្តអាជីពជំនួញឈើ កាប់អូសពីដែនជម្រកសត្វមកចូលក្រុមហ៊ុនខ្លួន អោយទៅជាស្របច្បាប់ដើម្បីកាត់PCនោះ ។ ម្យ៉ាងទៀតគាត់បាននិងជាផ្ទាំងសុីបមហាជន បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប្រព័ន្ធផ្សព្វផ្សាយ និងជះឥទ្ធិពលដ៏អាក្រក់ប៉ះពាល់ដល់សង្គមជាតិ។ ពិសេសបើមានការបង្ក្រាបក្នុងបទល្មើសដឹកជញ្ជូនជាក់ស្តែង គឺធានាថាមានការគាំទ្រយ៉ាងពេញទំហឹងពីមជ្ឈដ្ឋានទូទៅរបស់បងប្អូនប្រជាជន ខណះឈ្មោះឧកញ៉ា ស៊ឹង សំអុល បន្សល់ទុកនួវភាពមិនល្អក្នុងសង្គមប្រទេសគ្រប់គ្រងដោយច្បាប់និងសន្តិភាពដ៏ពេញក្នុងក្របខណ្ឌទូទាំងប្រទេសក៏ដូចលើឆាតអន្តរជាតិស្មើមុខស្មើមាត់ថាជាប្រទេសលទ្ធិប្រជាធិបតេយ្យនោះ ៕ ដោយ៖ ព្រះម៉ែល័ក្ស្មុី

 


ចែករំលែក៖