ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភេរវកម្ម IS មានប្រមាណ៣ពាន់នាក់ព្យាយាមរក្សាទីតាំងនៅស៊ីរីនិងអុីរ៉ាក់

ចែករំលែក៖

សម្ពន្ធមិត្តប្រឆាំងភេរវកម្ម ដឹកនាំដោយអាមេរិក បានប្រកាសឲ្យដឹងថាក្រុមភេរវកម្មប្រមាណ៣ពាន់នាក់កំពុងតែព្យាយាមការពារទីតាំងរបស់ខ្លួននៅក្នុងប្រទេសស៊ីរី និងអុីរ៉ាក់។

លោក Ryan Dillon មន្ត្រីយោធាអាមេរិកបានបញ្ជាក់ថា«តាមការវាយតម្លៃនាពេលបច្ចុប្បន្ន មានក្រុមភេរវកម្ម IS ប្រមាណតែ៣ពាន់នាក់ប៉ុណ្ណោះ នៅក្នុងប្រទេសអុីរ៉ាក់ និងស៊ីរី ហើយក្រុមភេរវកម្មទាំងនោះ នៅតែជាការគំរាមកំហែងដដែល ប៉ុន្តែយើងនៅតែបន្តសកម្មភាព វាយប្រហារកម្ចាត់ក្រុមភេរវកម្មឲ្យអស់ពីទីនោះ»។

ជាមួយគ្នានេះដែរ ក្រុមអ្នកសារព័ត៌មានបានចោទសួរលោក Ryan Dillon ថា «តើអាមេរិកអាចនឹងដាក់ទីតាំងយោធានៅក្នុងប្រទេសអុីរ៉ាក់ និងស៊ីរីជារៀងរហូតដែរឬទេ?» លោកបានបញ្ជាក់ថា «រឿងនេះមិនអាចកើតឡើងនោះឡើយ»។

ឧត្តមសេនីយ៍ Felix Gedney មេបញ្ជាការរង យុទ្ធសាស្ត្រជំនួយរបស់សម្ពន្ធមិត្តយោធាប្រឆាំងភេរវកម្មបានបញ្ជាក់ថា«យើងនឹងបន្តជួយដល់ប្រទេសអុីរ៉ាក់ នៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្ម IS ក្នុងនោះមានការបណ្តុះបណ្តាល និងបំពាក់អាវុធទៅតាមសំណើរបស់ពួកគាត់»។

លោកបន្តទៀតថា «ក្នុងដំណាក់កាលនេះ យើងនឹងផ្តោតទៅលើការផ្តល់ការរក្សាសន្តិសុខយូរអង្វែង និងអភិវឌ្ឍរឹងមាំដោយជួយឲ្យអុីរ៉ាក់ធ្វើជាម្ចាស់ការខ្លួនឯង»។

ពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារភេរវកម្មនៅក្នុងប្រទេសស៊ីរីវិញ អុីស្រាអែលបានបើកការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ សំដៅទៅលើមូលដ្ឋានទ័ពស៊ីរី នៅខេត្តដាម៉ាស់ ប៉ុន្តែត្រូវបានកម្លាំងទាហានការពារស៊ីរីបាញ់កម្ទេចចោលទាន់ពេលវេលា។

ទីភ្នាក់ងារព័ត៌មាន Sana របស់ស៊ីរី បានផ្សាយថា“សត្រូវឈ្លានពានអ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់មកកាន់ទឹកដីយើង នៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសោរ៍ សំដៅកម្ទេចបន្ទាយទាហាននៅក្នុងខេត្តដាម៉ាស់។ តែជាសំណាងល្អ ក្រុមកម្លាំងការពារផ្លូវអាកាសយើងបានទប់ទល់ទាន់ពេលវេលា ដោយបានកម្ទេចមីស៊ីលនោះបាន២គ្រាប់”។

ដោយឡែក បើយោងតាមលោក Rami Abdel Rahmane នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរីបានអះអាងថា ពិតជាមានគ្រាប់មីស៊ីលធ្លាក់ផ្ទុះនៅតំបន់ Keswe ភាគខាងត្បូងក្រុងដាម៉ាស់ប្រាកដមែន ដោយបានកម្ទេចកន្លែងស្តុកគ្រាប់ និងសព្វាវុធរបស់កងទ័ព។ តែយ៉ាងណា គេមិនអាចដឹងថា ទីតាំងនោះ ជាទីតាំងរបស់កងទ័ពស៊ីរី ឬក៏ជាទីតាំងរបស់កងកម្លាំងសម្ពន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរី ដែលអាចជាក្រុមហេសប៊ូឡាហ៍ ឬកងកម្លាំងពិសេសរបស់អ៊ីរ៉ង់ឡើយ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងទ័ពអ៊ីស្រាអែលបានបដិសេធ មិនឆ្លើយសំណួររបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ទេ។

គួរបញ្ជាក់ថា អ៊ីស្រាអែល និងស៊ីរី ស្ថិតនៅក្នុងស្ថានភាពប្រឈមមុខកំញើញដាក់គ្នាជាង១០ឆ្នាំមកហើយ។ ចាប់តាំងពីមានផ្ទុះសង្រ្គាមនៅស៊ីរី នៅឆ្នាំ២០១១មក អ៊ីស្រាអែលបានតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត ដោយខ្លាចក្រែងឥទ្ធិពលសង្រ្គាមនេះ រាលដាលមកគំរាមសន្តិសុខរបស់ខ្លួន។ អ៊ីរ៉ង់ និងក្រុមហេសប៊ូឡាហ៍លីបង់ បានចូលរួមជួយកងទ័ពរបស់លោក បាសា អាល់អាសាដ ដែលប្រការនេះ ធ្វើឲ្យអ៊ីស្រាអែលព្រួយបារម្ភជាខ្លាំង ទាក់ទិនទៅនឹងការបញ្ជូនអាវុធពីអ៊ីរ៉ង់ ទៅឲ្យក្រុមហេសប៊ូឡាហ៍។

មិនប្រឡូកចូលធ្វើសង្រ្គាមទេ តែអ៊ីស្រាអែលធ្លាប់បានឆ្មក់បាញ់កម្ទេចទីតាំងស្តុកអាវុធ និងក្បួនរថយន្តទាហាននៅស៊ីរីជាច្រើនលើក។ ជាក់ស្តែង កាលពីខែមីនា ឆ្នាំ២០១៧ ទាហានអ៊ីស្រាអែល បានបាញ់កម្ទេចក្បួនរថយន្តដឹកអាវុធដោយចោទថា ជាអាវុធដែលអ៊ីរ៉ង់បញ្ជូនទៅឲ្យក្រុមហេសប៊ូឡាហ៍លីបង់។ ទាហានស៊ីរីបានបាញ់មីស៊ីលតបវិញ សំដៅមកអ៊ីស្រាអែល ក៏ប៉ុន្តែមីស៊ីលនោះ ត្រូវបានស្ទាក់កម្ទេចចោល។ ជាមួយនឹងអន្តរាគមន៍យោធារុស្ស៊ីទៅជួយកងទ័ពរបស់ បាសា អាល់អាសាដ នាពេលនេះទៀត គឺរឹតតែធ្វើឲ្យអ៊ីស្រាអែលមានការព្រួយបារម្ភយ៉ាងខ្លាំង៕ ម៉ែវ សាធី


ចែករំលែក៖