ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានធ្វើឲ្យ ប្រទេសនៅក្នុងតំបន់ ពិសេសប្រទេស ជិតខាង បានត្រៀមលក្ខណៈសម្រាប់ទប់ ទល់ និងដោះស្រាយខ្លួនឯងពេលមាន សង្គ្រាមបរមាណូកើតឡើង។ កន្លងមក អាមេរិកបានជម្លៀសពលរដ្ឋ និងសាច់ ញាតិយោធា នៅកូរ៉េខាងត្បូង ទៅកាន់ អាមេរិកវិញ។ ចំណែកជប៉ុនក៏បានឡើង គម្រោងហ្វឹកហាត់ ពលរដ្ឋនៅទីក្រុងតូក្យូ រាប់លាននាក់ ក្នុងការភៀសខ្លួនជាបន្ទាន់ពេលមានសង្គ្រាមវាយប្រហារកើតឡើង។
ខេត្ត Jilinប្រទេសចិន ស្ថិតនៅជាប់ព្រំដែនជាមួយកូរ៉េខាងជើង កាលពីថ្ងៃទី៦ ខែធ្នូបានផ្សព្វផ្សាយព័ត៌មាន ណែនាំពល រដ្ឋពីវិធីសាស្ត្រដែលអាចគេចផុតពីការស្លាប់នៅក្នុងសង្គ្រាមបរមាណូ។ ការណែនាំនោះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្តាញសង្គមនិងតាមសារព័ត៌មានផ្សេងៗក្នុងប្រទេសចិន។
សារព័ត៌មានJinlin បានផ្សព្វផ្សាយ ពេញមួយទំព័រ ដែលមាន ចំណងជើង ថា«ចំណេះដឹងទូទៅ ស្តីពីអាវុធបរមាណូ និងវិធីសាស្ត្រការពារខ្លួន»។ នៅក្នុងការ ផ្សព្វផ្សាយនោះមានទាំង រូបភាពស្តីពីវិធីសាស្ត្រការពារខ្លួនផងដែរ។
រូបភាពដែលបានផ្សព្វផ្សាយនោះ បាន ប្រាប់ពលរដ្ឋថា ត្រូវតែបិទទ្វារបង្អួច ហើយ បើគ្មាន លេណដ្ឋានលាក់ខ្លួនទេ គឺត្រូវតែ ពួននៅក្រុមតុជាដើម។ ប្រសិនបើអ្នកនៅ ក្បែរមាត់ព្រែក ឬទន្លេ បឹងជាដើម គឺត្រូវ តែលោតចុះទីនោះ ។ ក្រោយការផ្ទុះគ្រាប់ បែកបរមាណូ ពេលដើរចេញក្រៅគឺត្រូវតែពាក់របាំងមុខការពារ ស្លៀកសម្លៀកបំពាក់ ការពារ លាងដៃ និងរាងកាយដែលបាន ប៉ះជាមួយនឹង អាកាសធាតុខាងក្រៅ សូម្បីតែត្រចៀកក៏ត្រូវតែសម្អាតដែរ។
ស្ថានភាពសន្តិសុខនៅកូរ៉េខាងជើងប្រែប្រួលគួរឲ្យបារម្ភ ហើយប្រទេសក្នុង តំបន់ បានត្រៀមលក្ខណៈការពារពលរដ្ឋរបស់ខ្លួន។ កន្លងមកថ្មីៗជប៉ុន ក៏បាន ប្រកាសពីគម្រោង ធ្វើលំហាត់ដល់ពលរដ្ឋនៅទីក្រុងតូក្យូ ក្នុងការភៀសខ្លួនពីការវាយប្រហារដោយ បរមាណូ។
ការធ្វើសមយុទ្ធនឹងត្រូវធ្វើឡើង នៅ ខែមករាឆ្នាំ២០១៨ រហូតដល់ខែមីនាស្ថិតនៅកណ្តាលទីក្រុងតូក្យូ ដែលជាទីកន្លែងមានពលរដ្ឋរហូតដល់ទៅជាង៩,៣លាននាក់រស់នៅ។ ពលរដ្ឋនិងអ្នកធ្វើការនៅ ក្នុងទីក្រុង នឹងត្រូវបាន ហ្វឹកហាត់ពីការ រត់ភៀសខ្លួន ទៅកាន់ទីកន្លែងលាក់ខ្លួន នៅរូងក្រោមដី ក្រោយពេល ការប្រកាស អាសន្ន។
កន្លងមកតំបន់មួយចំនួននៅក្នុងប្រទេសជប៉ុនបានធ្វើសមយុទ្ធបែបនេះ នៅតំបន់ ក្រៅក្រុង ដើម្បីបញ្ចៀសផលប៉ះពាល់ ប៉ុន្តែពេលនេះ នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេបានសម្រេសចឲ្យធ្វើសមយុទ្ធនៅ កណ្តាលក្រុងដែលមានពលរដ្ឋច្រើន ក្នុង ពេលដែលកូរ៉េខាងជើង បានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប និងការប្រឈមមុខតានតឹងជាមួយអាមេរិក អាចនឹងផ្ទុះសង្គ្រាមបានគ្រប់ពេលវេលា៕ ម៉ែវ សាធី