ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ថ្នាក់ដឹកនាំក្រសួងបរិស្ថានជាខ្នងបង្អែកឲ្យលោកប៉ាន់ មរកត សាងបទល្មើសព្រៃឈើនៅខេត្តពោធិ៍សាត់

ចែករំលែក៖

លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ត្រូវបាន​មន្ត្រីរាជការ​ក្នុង​មន្ទីរ​នេះ​បង្ហើប​ឲ្យ​ដឹងថា ជា​មេខ្លោង​ធំ​បំផុត​ក្នុងការ​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ប៉ាន់ មរកត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ក្រសួងបរិស្ថាន​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា ដូច្នេះហើយ​ទើប​លោក ប៉ាន់ មរកត បណ្ដោយ​ឲ្យ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល ឃុបឃិត​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​វាលវែង​និង​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​កា​ប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ព្រោះ​ការបង្ក្រាប​របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​។ ជាក់ស្ដែង​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល​និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពុង​រង​ការបំផ្លាញ​ជា​បន្តបន្ទាប់ ហើយ​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​មួយចំនួន​គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​។

ជាង​មួយ​សប្ដាហ៍​កន្លងទៅនេះ​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្តពោធិ៍សាត់ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងស្រុក​វាលវែង​និង​ស្រុក​ភ្នំក្រវាញ ជា​បន្តបន្ទាប់​ជាពិសេស​បង្ក្រាប​ពលរដ្ឋ​ដែល​ដឹកឈើ​តាម​ម៉ូតូ​ឬ​គោយន្ត​ជាដើម ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​។ ចំណែក​ឈ្មួញ​មួយចំនួន​ដែល​ដឹកឈើ​តាម​រថយន្ត​ធំៗ​ចំណុះ​រាប់សិប​ម៉ែត្រគូប​មិនឃើញ​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប នៅឡើយ ហើយ​ករណីខ្លះ​សមត្ថកិច្ច​បង្ក្រាប​រថយន្ត​ដឹកឈើ​ធំៗ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ក៏​ដោះលែង​ទៅវិញ​ស្ងាត់ៗ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ឈ្មួញ​មួយចំនួន​បាន​យកឈ្មោះ​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តពោធិ៍សាត់ ធ្វើជា​ខ្នងបង្អែក​ដើម្បី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​ទាល់តែសោះ​​៕


ចែករំលែក៖