ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសបារាំង ៖ ប្រទេសអីុរ៉ាក់នឹងត្រូវបានរំដោះទាំងស្រុងពីក្រុមភេរវកម្ម IS នៅក្នុងខែធ្នូនេះ

ចែករំលែក៖

កាលពីថ្ងៃទី៧ ខែធ្នូ ប្រធានាធិបតី បារាំង លោកអេមម៉ានុយអែល ម៉ាក្រុង បានបញ្ជាក់នៅក្នុងទីក្រុងដូហា ប្រទេស កាតារពេលបំពេញទស្សនកិច្ចនៅទីនោះថា អីុរ៉ាក់នឹងរំដោះទឹកដីទាំងស្រុងពីក្រុមភេរវកម្ម IS នៅក្នុងខែធ្នូនេះ។

ការបញ្ជាក់ខាងលើរបស់ប្រធានាធិបតីបារាំងធ្វើឡើងនៅក្នុងសន្និសីទកាសែតរួមមួយនៅទីក្រុងដូហា ជាមួយព្រះមហាក្សត្រ Sheikh Tamim Bin Hamad Al Thani ។ ប្រធានាធិបតីបារាំងបញ្ជាក់ថា «អីុរ៉ាក់ នឹង រំដោះទាំងស្រុងពីការគ្រប់គ្រងរបស់ក្រុមភេរវកម្ម IS នៅចុងឆ្នាំនេះ ហើយយើង សង្ឃឹមថា នៅក្នុងខែក្រោយៗទៀតក៏ នឹង បន្តជ័យជម្នះលើក្រុមភេរវកម្ម IS នៅក្នុង ទឹកដីស៊ីរីផងដែរ។

ការប្រកាសខាងលើរបស់ប្រធានាធិបតីបារាំង ពេលដែលលោកបំពេញទស្សន កិច្ចទៅកាន់ទីតាំងទ័ពអាកាសរបស់អាមេរិក នៅប្រទេសកាតារ ហើយលោកបាន ជួបពិភាក្សាជាមួយទាហានបារាំង និងមេ បញ្ជាការកងទ័ពអាមេរិកនៅទីនោះ។ ទីតាំងទ័ពអាកាស Al Udeid គឺជាទីតាំង ទ័ពអាកាសធំបំផុតរបស់អាមេរិកនៅក្នុង តំបន់មជ្ឈិមបូព៌ា មានតួនាទីប្រឆាំងក្រុម ភេរវកម្ម IS ។ ចេញពីទីតាំងខាងលើ អាមេរិកបានបញ្ជាបើកការវាយប្រហារតាមដែនអាកាសទៅលើក្រុមភេរវកម្ម ធ្វើឲ្យក្រុមនេះត្រូវខាតបង់ជាច្រើន ក្នុងឆ្នាំនេះ។

ក្នុងថ្ងៃជាមួយគ្នានេះដែរក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា យុទ្ធនាការវាយ ប្រហារ ទៅលើទីតាំង របស់ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី បានសម្រេចជោគ ជ័យ ហើយស៊ីរីរំដោះបានទាំងស្រុង ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ប្រទេសកាតារ ក្រៅតែវិបត្តិកាតារ និង ការផ្តល់ជំនួយហិរញ្ញវត្ថុ ដល់ក្រុមភេរវ និយម កិច្ចសន្យាលក់យន្តហោះចម្បាំងទៅឲ្យប្រទេសមហាសេដ្ឋីឧស្ម័នកាតារ ជាទិសដៅសំខាន់មួយ របស់ប្រធានាធិបតី បារាំង នៅទីក្រុងដូហា កាលពីថ្ងៃព្រហស្បតិ៍ មុននេះ។

អមដំណើរដោយរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិបារាំង លោកប្រធា នាធិបតីអេមម៉ានុយអែល ម៉ាក្រុងបានធ្វើ ដំណើរទៅមូលដ្ឋានទ័ពរបស់អាមេរិក នៅ ភាគខាងត្បូង ក្រុងដូហា ដែលកងទ័ព បារាំង កំពុងឈរជើង ប្រចាំការ។ តាមអ្នកនាំពាក្យប្រធានាធិបតីបញ្ជាក់ថា ទស្សន កិច្ចរបស់ប្រធានាធិបតីបារាំង ទៅកាតារ គឺដើម្បីបំពេញបន្ថែមទស្សនកិច្ចលោកបានធ្វើកន្លងមក នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ហើយនិងនៅអារ៉ាប៊ីសាអ៊ូឌីត។ ដូចនៅ អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម ប្រធានាធិបតីបារាំងនឹងលើកនិយាយពីការ ប្រឆាំងទប់ស្កាត់ការផ្តល់ជំនួយហិរញ្ញវត្ថុ ដល់ក្រុមភេរវនិយម។

នៅក្នុងជំនួបកំពូល អឺរ៉ុប-អាហ្រ្វិក នៅសប្តាហ៍មុនប្រធានាធិបតីវ័យក្មេងរបស់ បារាំង បានប្រកាសថា លោកនឹងសុំឲ្យ កាតារ ឈប់ផ្តល់ជំនួយថវិកាដល់ ស្ថាប័ន ឬសាលារៀនក្នុងទឹកដីបារាំង ដែលជំរុញ លើកទឹកចិត្តក្រុមអ៊ិស្លាមជ្រុលនិយម។ កាតារត្រូវបានក្រុមប្រទេសអារ៉ាប់ ដូចជា អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប កាត់ផ្តាច់ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចក្នុងបទចោទប្រកាន់ថា ក្រុង ដូហាផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ក្រុមអ៊ិស្លាមជ្រុលនិយម និងមានទំនាក់ទំនងល្អជាមួយអុីរ៉ង់ ដែលជាសត្រូវរបស់ក្រុមប្រទេសកាន់និកាយស៊ុននីត ដូចជាអារ៉ាប៊ីសាអ៊ូឌីត៕ ម៉ែវ សាធី


ចែករំលែក៖