ព័ត៌មានទាន់ហេតុការណ៍៖

ជន​ទំនើង​៣នាក់​បង្ក​ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ត្រូវ​នគរបាល​ចាប់​ខ្លួន​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​វរសេនីយ៍ទោភុល​ ភស្តា​ អធិការ នគរបាលក្រុង​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា៖ នៅ​វេលា​ម៉ោង​ប្រមាណ​២២​ ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧​ ខែធ្នូ ឆ្នាំ២០១៧ កន្លង​ទៅ​នេះ​ មាន​ជន​ទំនើង​៤នាក់​ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ ដោយ​ជិះ​ម៉ូតូ​ទៅ​ដោះ​យក​មួក​ ប្រជា​ពលរដ្ឋ​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ ពេល​ជនរងគ្រោះ​សួរ​នាំ​ ស្រាប់តែ​ ដកកាំបិត​ កាប់​ទៅលើ ជន​រង​គ្រោះ​តែ​ម្តង​ បណ្តាល​ឲ្យ​រង​របួស​បែក​ចិញ្ចើម​ ចូល​ដេកពេទ្យ​។ ទី​កន្លែង​កើតហេតុ​ នៅ​ជិត​ស្ថានីយ​ប្រេង​សូគីមិច ស្ថិតក្នុងក្រុមទី១១ ភូមិ២ សង្កាត់លេខ៤​ ក្រុង​ព្រះសីហនុ​។

លោក​ភុល​ ភស្តា​ អធិការ នគរបាលក្រុង​ បាន​បញ្ជាក់​ថា៖ ក្រោយ​ពេល​ទទួល​ដំណឹង​នេះ​ភ្លាម​ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ ចាប់​ខ្លួន​ជន​ទំនើង​បាន​ចំនួន​៣នាក់​៖ ១. ឈ្មោះ ឯម ធឿន ហៅជា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិដូងក្រុមទី២១ ភូមិ១ សង្កាត់លេ​ខ​៤ក្រុង-ខេត្តព្រះសីហនុ ជាជនដៃដល់កាប់ទៅលើជនរងគ្រោះ(មានកាំបិតចែត ) តាមចម្លីយសារភាពពីជនសង្ស័យរូបនេះបានអោយដឹងថាៈ ធ្លាប់ធ្វើសកម្មភាពកាប់គ្នាជាមួយក្រុម K.Boy នៅកន្ទុយនាគម្តងក្នុងអំឡុងខែតុលា ឆ្នាំ២០១៧​ ជាមួយឈ្មោះ ចេក ,ឈ្មោះ លី,ឈ្មោះ ឆែប បណ្តាលអោយរងរបួសទាំងសងខាង និង បានវ៉ៃគេម្តងនៅប៉ុន្មានថ្ងៃមុន (មិនចាំថ្ងៃក្នុងខែធ្នូ ឆ្នាំ២០១៧ នៅភូមិដូង) គឺ​ជាមុខសញ្ញា​ជនទំនើង​ អុកឡុកក្នុងមូលដ្ឋានជាញឹកញ៉ាប់​។ ២ ឈ្មោះ សេន ចាន់ណា ហៅញ៉ាញ់ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរជាងផ្សារដែក បច្ចុប្បន្នរស់នៅភូមិដូងក្រុមទី២១ ភូមិ១ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ជាអ្នកបើកម៉ូតូ (ម៉ាកអ៊ែប្លែត ពណ៌ខ្មៅ ) ។ ៣.ឈ្មោះ ឆន សង្ហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដូង​ សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ ជាបក្សពួកក្នុងការដឹកជនសង្ស័យដើររកវ៉ៃជនរងគ្រោះ មានម៉ូតូសង់ សេរីឆ្នាំ២០១៤ ។

រីឯ​គ្នីគ្នា​ម្នាក់ទៀត​ ឈ្មោះ លី ភេទប្រុស អាយុប្រហែល១៩ ឆ្នាំ ជាម្ចាស់ម៉ូតូសង់ប៊ិច (រត់គេចខ្លួន)។

សមត្ថកិច្ចបានចាប់យក៖ ម៉ូតូម៉ាកអ៊ែប្លែត ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ លេខតួ​ និង​ម៉ាស៊ីនRLHJ4G10iz 406909, ម៉ូតូម៉ាកHONDA.C125 សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ព្រះសីហនុ1C.0403 លេខតួ-ម៉ាស៊ីន ND125ME8466755 និង ម៉ូតូម៉ាកសង់ប៊ិច HONDA C125 (កាំបន្ទះពណ៌ខ្មៅ) លេខតួ ម៉ាស៊ីន​ 3006147 ពាក់ស្លាកលេខ​ ស្វាយរៀង 1D.0105។

ជនរងគ្រោះឈ្មោះ ជ្រឹម មករា​ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងផ្សារដែក បច្ចុប្បន្នរស់នៅម្តុំសេតេ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ( រងរបួសលើចិញ្ចើមខាងស្តាំ ) កំពុងសំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។

ជនសង្ស័យ ទាំង​៣ សមត្ថកិច្ច​បានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ដេីម្បី​កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖