ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្រឡាញ់ស្រី ខឹងសង្សារមិនជក់ថ្នាំញៀនជាមួយ ប្រុសស្នេហ៍វាយហើមមុខប្តឹងនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ មានរឿងហួសចិត្តមួយ ដែលកើតចេញពីមនុស្សភេទដូចគ្នា(ស្រី)បាន យកគ្នាធ្វើជាសង្សារដោយម្នាក់ជាស្រីពេញលក្ខណៈ ឯម្នាក់ទៀតជាស្រីធ្វើជាប្រុស ហើយព្រោះតែស្រីស្នេហ៍មិនព្រមជក់ថ្នាំញៀនជាមួយ ប្រុសស្នេហ៍ បានវាយលើផ្ទៃមុខ បណ្តាលឲ្យរងរបួសប៉ោងមុខនិងភ្នែក។

ហេតុការណ៍នេះកើតឡើងកាលព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព-ស ២៥៦១ ត្រូវនឹង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្រុងប៉ោយប៉ែត ។

អធិការនគរបាលក្រុងប៉ោយប៉ែតលោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា ដោយយោងតាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ ឈ្មោះ វ៉ា វិចិត្រ អាយុ៣១ឆ្នាំ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ ជាកម្មករ បានអះអាងនៅចំពោះមុខសមត្ថកិច្ចថា នៅវេលាម៉ោងប្រមាណ១២យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ខ្លួនត្រូវបានស្ត្រីម្នាក់ ដែលតែងខ្លួនជាប្រុស(ខ្ទើយ)ឈ្មោះ ហ៊ុម លក្ខណា ហៅល័ក្ខ អាយុ២៧ឆ្នាំ ស្នាក់ជាមួយគ្នា វាយធ្វើបាបនឹងដាល់ បណ្តាលឲ្យជាំភ្នែក គ្រាដែលហ៊ុម លក្ខណា ហៅល័ក្ខ សុំលុយ១០០០បាត នាងមិនឲ្យនិងមិនព្រមជក់ថ្នាំញៀនជាមួយគេ។ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានចុះទៅឆែកឆេរដល់ ក្នុងបន្ទប់ស្នាក់នៅខាងលើ បានរកឃើញឧបករណ៍ជក់ថ្នាំញៀនមួយចំនួនជាភស្តុតាង ក៏បានឃាត់ខ្លួនឈ្មោះហ៊ុម លក្ខណា ហៅល័ក្ខ យកមកសួរនាំតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដែលខ្លួនធ្វើជាប្រុស បានសារភាពថា ខ្លួនបានប្រើប្រាស់ថ្នាំញៀន ជាច្រើនខែមកហើយ ហើយអ្វីដែលខ្លួនឈានដល់ការវាយលើស្ត្រីរងគ្រោះ គឺមកពីសុំលុយ១០០០បាតទៅទិញថ្នាំញៀនមកជក់មិនបាន។

បន្ទាប់ពីបានទទួលបានចម្លើយសារភាព កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕ ប្រាថ្នា


ចែករំលែក៖