ភ្នំពេញ ៖ លោក ច័ន្ទ សារុន ប្រធានសហ័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានអំពាវនាវដល់មហាគូ្រសារ ល្បុក្កតោក្នុងក្របខណ្ឌទូទាំងប្រទេស រួមគ្នាអភិរក្ស និងអភិវឌ្ឍវិស័យក្បាច់គុនល្បុក្កតោ ដែលជាកេរ្តិ៍ដំណែល របស់បុព្វបុរសខ្មែរ បានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយជួយអភិរក្ស និងថែរក្សា ក្បាច់គុនដួងព្រលឹងជាតិ និងបន្តអភិវឌ្ឍន៍ឲ្យល្បីសុះសាយរន្ទឺ ពេញពិភពលោក។ លោកបានថ្លែងបែបនេះ ក្នុងពិធីបិទការប្រកួត កីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ នៅក្នុងសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីរសៀលថ្ងៃចន្ទ ៨រោច ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ។
លោក ច័ន្ធ សារុន បានបន្តថា កីឡាល្បុក្កតោត្រូវការឯកភាពគ្នាមួយ ដើម្បីអភិវឌ្ឍកីឡានេះឆ្ពោះទៅរកភាពជោគជ័យ នៅលើឆាកអន្តរជាតិ ។ ប៉ុន្តែមុនឈានដល់ដំណាក់កាលជោគជ័យ សហព័ន្ធត្រូវការគាំទ្រពីមហាជន និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសមហាគ្រូសារកីឡាគុនល្បុក្កតោទាំងអស់ត្រូវរួបរួមគ្នា ដោយសហព័ន្ធនឹងបង្កើនព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើនដងក្នុង១ឆ្នាំៗ ក្នុងគោលបំណងជំរុញដល់កម្រិតបច្ចេកទេស របស់កីឡាករ កីឡាការិនី បានផ្លាស់ប្តូរបទពិសោធន៍ និងកែលម្អចំណុចដែលខ្វះចន្លោះ ឈានឆ្ពោះទៅរកឧត្តមភាពក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិផ្សែងៗ ដូចជាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ជាដើម។
លោកប្រធានសហព័ន្ធគុនល្បុក្កតោបានបន្តទៀតថា ចំពោះការអភិវឌ្ឍធនធានមនុស្សក្នុង វិស័យកីឡានេះ សហព័ន្ធបានត្រៀមលក្ខណៈរួចហើយ ក្នុងការបណ្តុះបណ្តាលយុវជនវ័យក្មេង សម្រាប់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ប៉ុន្តែលោកស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ ដូចជា គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម តំណាងសមាគម ក្លិបត្រូវរួមគ្នារុញវិស័យកីឡាគុនល្បុក្កតោ ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឲ្យខាងតែបាន ។
ប្រធានសហព័ន្ធរូបនេះបានបញ្ជាក់ថា ចំពោះការរៀបចំឯកសារដាក់បញ្ចូលក្បាច់គុនល្បុក្កតោ ជាសម្បត្តិមនុស្សជាតិ នៅអង្គការយូណេស្កូវិញ គឺកម្ពុជាមានសង្ឃឹមទទួលបានជោគជ័យច្រើន ព្រោះភាគីអង្គការបានទាមទារឯកសារពាក់ព័ន្ធបន្ថែមជាបន្តបន្ទាប់ ហើយកម្ពុជា ក៏បានផ្តល់ជូនឯកសារតាមការចង់បាន របស់អង្គការបេតិកភ័ណ្ឌពិភពលោកនេះជាច្រើនហើយដែរ ៕ សារីម