ព័ត៌មានទាន់ហេតុការណ៍៖

អតីតខ្សែបម្រើជម្រើសជាតិប្រេស៊ីល Kaka ប្រកាសចូលនិវត្តន៍

ចែករំលែក៖

កីឡាករសញ្ជាតិប្រេស៊ីល Kaka អតីតខ្សែបម្រើក្លិបAC Milan និង Real Madridបានសម្រេចចិត្តចូលនិវត្តន៍ពីការលេងបាល់ទាត់អាជីពហើយ។

កីឡាករវ័យ៣៥ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពបាល់ទាត់នៅក្នុងស្រុកកំណើតរបស់ខ្លួនជាមួយនឹងក្រុម Sao Paulo ហើយបានបញ្ចប់អាជីពវិញជាមួយនឹងក្រុម Orlando City នៅសហរដ្ឋអាមេរិក។

Kaka ផ្ទេរពី Sao Paulo មកអឺរ៉ុបដោយចូលរួម AC Milan ក្នុងឆ្នាំ២០០៣និងលេងឱ្យក្លិបយក្សអ៊ីតាលីមួយនេះលើកទី១រហូតដល់ឆ្នាំ២០០៩ ជាឆ្នាំដែលរូបគេផ្ទេរទៅ Real Madrid ក្នុងតម្លៃឯតទគ្គកម្មពិភពលោក៦៧លានអឺរ៉ូ មួយសប្ដាហ៍មុន Cristiano Ronaldo បំបែក។ ក្នុងរយៈពេល៤រដូវកាលនៅអេស្ប៉ាញ ជ័យលាភី FIFA World Player of the Year និង Ballon d’Or ឆ្នាំ២០០៧ លេងមិនសូវបានល្អដូចកាលនៅអ៊ីតាលីឡើយ ហើយក៏ត្រលប់ទៅ AC Milan វិញក្នុងឆ្នាំ២០១៣។ ក្នុងឆ្នាំ២០១៤ កីឡាករដែលបានលើកពាន FIFA World Cup 2002 នៅកូរ៉េ-ជប៉ុន ជាមួយក្រុមជម្រើសជាតិប្រេស៊ីលខាងលើ ផ្លាស់ទៅលេងឱ្យ Orlando City រហូតដល់ចប់រដូវកាល២០១៧។

ក្រៅពីឈ្នះពានរង្វាន់ផ្ទាល់ខ្លួនជាច្រើនក្នុងអាជីព Kaka បានជួយ AC Milan ឈ្នះជើងឯក Serie A 2003-04, Champions League 2006-07, UEFA Super Cup 2007, FIFA Club World Cup 2007, ជួយ Real Madrid គ្រងជើងឯក La Liga 2011-12, Copa del Rey 2010-11 និងលើកពាន World Cup 2002, FIFA Confederations Cup 2005, 2009 ជាមួយប្រេស៊ីលដែលរូបគេចូលលេងឱ្យចំនួន៩២លើកស៊ុតចូល២៩គ្រាប់៕ ដេវីត


ចែករំលែក៖