ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករសៅ វណ្ណាឡើងទៅវគ្គ៤នាក់ចុងក្រោយ TV5 BOXING KNOCK OUT SERIES ក្រោយភរិយាសម្រាលបានកូនប្រុស

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ សៅ វណ្ណា មកពីក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ក្រោយពីវាយឈ្នះកីឡាករពុយ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ ហើយធ្វើឲ្យទស្សនិកជន មាន ការអាណិតអាសូរសៅ វណ្ណា ជាខ្លាំងដោយសារ គេខំប្រឹងឡើងវ៉ៃដណ្តើមពានកំពូលជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement) សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៧ ព្រោះចង់បានថវិកាយកទៅសងថ្លៃថ្នាំពេទ្យពេលប្រពន្ធសម្រាលកូន។

កីឡាករ សៅ វណ្ណា បានប្រាប់ទស្សនិកជននៅលើសង្វៀនថា ការពិតខ្លួនខំវាយយកឈ្នះ គូប្រកួតថ្ងៃនេះ គឺដើម្បី យកលុយបង់ថ្លៃពេទ្យ ដែលប្រពន្ធខ្លួនបានសម្រាលកូននៅមន្ទីរពេទ្យកាល់ម៉ែត ព្រោះចាប់តាំងពីភរិយាមានផ្ទៃពោះមក ការងាររោងចក្រ ក៏ធ្វើមិនបានដែរ ដូច្នេះជីវភាពគ្រួសាររូបខ្លួនជាអ្នកទទួលបន្ទុករ៉ាប់រងទាំងស្រុង ។

សៅ វណ្ណា បានបន្តថា ភរិយារបស់ខ្លួនសម្រាលបានកូនប្រុសម្នាក់ហើយនឹងត្រូវចេញ ពីមន្ទីរពេទ្យវិញឆាប់ៗនេះទើបខំប្រឹងបន់អស់ដូនតា ឲ្យកូនប្រុសដែលទើបសម្រាល ជួយឱពុកប្រកួតឈ្នះបានលុយសងថ្លៃថ្នាំពេទ្យនិងបានចេញទៅផ្ទះ វិញសូមកូនជួយពុកផង។ ការបែរបន់គ្រាន់តែជំនឿ ប៉ុន្តែការខំប្រឹងហ្វឹកហាត់ និងតស៊ូវាយអស់ពីកម្លាំងកាយចិត្តទើបសៅ វណ្ណាឈ្នះ ការប្រកួតនេះលើកីឡាករ ពុយ វណ្ណៈ ដោយពិន្ទ ។ជោគជ័យនេះមិនមែនជាការចៃដន្យទេគឺជាភាពវៃឆ្លាតនិងការអំណត់ ដើម្បីរង់ចាំឱកាសឆ្មក់វាយបកសងទៅលើគូប្រកួតឲ្យចំគោលដៅទើបទទួលបានពិន្ទុពីចៅក្រមទាំង៥រូប ។

គួររំលឹកថា ការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមពានរង្វាន់ជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement) រកឃើញកីឡាករ ៤នាក់ចុងក្រោយសម្រាប់ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ដែលមានប្រាក់រង្វានចំនួន៤.០០០ដុល្លារនិងពានមួយ ៕ សារីម


ចែករំលែក៖