ព័ត៌មានទាន់ហេតុការណ៍៖

Ajax បញ្ចប់តំណែងគ្រូបង្វឹក Marcel Keizer និងជំនួយការ២នាក់

ចែករំលែក៖

ក្រោយធ្លាក់ចេញពីពានរង្វាន់ហុល្លង់ Dutch Cup ក្រុម Ajax បានសម្រេចចិត្តចែកផ្លូវគ្នា ជាមួយគ្រូបង្វឹកលោក Marcel Keizer និងជំនួយការគ្រូបង្វឹក២រូបផ្សេងទៀតគឺ អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Dannis Bergkamp និងជំនួយការម្នាក់ទៀតលោក Spijkerman ។

Ajax បានធ្លាក់ចេញពីការប្រកួតដណ្តើមពានរង្វាន់ Dutch Cup តាមរយៈការកាត់សេចក្តីទាត់បាល់ពិន័យ១១ម៉ែត្រក្រោមថ្វីជើងក្រុម Twente Enschede កាលពីថ្ងៃពុធ បន្ទាប់ពីលទ្ធផលចប់ការប្រកួតទាំងពីរតង់ និងម៉ោងបន្ថែមក្រុមទាំងទាំងពីរទទួលលទ្ធផល ៣-៣។

ប្រធានគ្រប់គ្រងទូទៅលោក Edwin van der Sar បានប្រកាសថា ពួកយើងមិនមានជំនឿចិត្ត និងផ្តល់ការទុកចិត្ត ព្រមជាមួយមហិច្ឆតានៅក្រោមការដឹកនាំរបស់ពួកគេទៀតទេ។ វាចាការសម្រេចចិត្តមួយក្រោយពីយើងទទួលបាន លទ្ធផលមិនល្អសោះ នៅក្នុងការចាប់ផ្តើមរដូវកាលថ្មីនេះ។

ក្រុមជើងឯកទ្វីបអឺរ៉ុប (European Champion)៤សម័យមួយនេះ ក៏បានធ្លាក់ចេញផងដែរពីការប្រកួតនៅក្របខ័ណ្ឌ Champion League វគ្គជម្រុះជាមួយក្រុម Nice របស់បារាំង។ ក្រុមក៏បានបន្តលេងនៅក្របខ័ណ្ឌ Europa League ប៉ុន្តែបានរងបរាជ័យក្នុងជំនួបជាមួយក្រុម Rosenborg របស់ន័រវេស ។ រដូវកាលចាស់ក្រុមបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europa League ប៉ុន្តែត្រូវក្រុម Man United ផ្តួលដើម្បីលើកពាន។

សូមបញ្ជាក់ថា គ្រូបង្វឹកលោក Marcel Keizer វ័យ៤៨ឆ្នាំ បានចូលមកដឹកនាំក្រុម Ajax បន្ទាប់ពីអតីតអ្នកចាត់កាទូទៅលោក Peter Bosz បានចេញទៅដឹកនាំក្រុម Dortmund ។ បច្ចុប្បន្នក្រុម Ajax មានចំណាត់ថ្នាក់លេខ២នៅលីកកំពូលហុល្លង់ តាមពីក្រោយក្រុម PSV ចំនួន៥ពិន្ទុ ៕ ដេវីត


ចែករំលែក៖