ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលៀបឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ដកហូតបានថ្នាំញៀន២កញ្ចប់ ម៉ូតូ១គ្រឿង។
ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោងជិត១រំលងអធ្រាត្រ ថ្ងៃសៅរ៍៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុច ផ្លូវជាតិលេខ៦ភូមិគៀនឃ្លាំងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះសួស បុប្ផា អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរបើកឡានស្នាក់នៅភូមិខ្នុលសង្កាត់ស្វាយអង់ស្រុកស្វាយជ្រុំ ខេត្តកណ្តាល ទី២ឈ្មោះដួង ភារិទ្ធ អាយុ២៣ជនជាតិខ្មែរ ស្នាក់នៅភូមិទូកមាស សង្កាត់ទូកមាសខាងលិច ស្រុកទូកមាស ខេត្តកំពត។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានប្រាប់អោយដឹងថា កម្លាំងបានដើរល្បាតក្នុងភូមិសាស្រ្តដើម្បីការពារបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យទាំងពីរនាក់ បានឃាត់ខ្លួននិងឆែកឆែររកឃើញថ្នាំញៀន២កញ្ចប់ភ្លាមៗក្រោយពេលឃាត់ខ្លួនបានជនសង្ស័យកមកប៉ុស្តិ៍តែម្តង។
វត្ថុតាងដកហូតបានរួមមានក្រាមសថ្លាសង្ស័យជាសាធាតុញៀនចំនួន២កញ្ចប់តូច ម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីម។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ ជ្រោយពេជ្រ