ខ្សែប្រយុទ្ធ Harry Kane របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបំបែកកំណត់ត្រាស៊ុតបាល់បញ្ចូលទីក្នុងលីកកំពូលអង់គ្លេសច្រើនបំផុតក្នុងមួយប្រតិទិនរបស់ខ្សែប្រយុទ្ធ Alan Shearer មកពីក្លិប Blackburn Rovers បន្ទាប់ពីរូបគេស៊ុតបើកឆាកចូល២គ្រាប់លើក្រុម Southampton កាលពីរាត្រីថ្ងៃទី២៦ ខែធ្នូ ។
ក្រោយពីកំណត់ត្រាខ្លួនត្រូវបានបំបែកអតីតខ្សែប្រយុទ្ធ Shearer បានបង្ហោះសារតាម Twitter អបអរទៅ Kane ថា ឆ្នាំ២០១៧ ពិតជាឆ្នាំដ៏អស្ចារ្យសម្រាប់អ្នកឯង។ អ្នកសមនឹងកាន់កំណត់ត្រាមួយនេះ ។
សូមបញ្ជាក់ថា គ្រាប់បាល់ដែលរកបានសម្រេចនៅនាទីទី២២ និងនាទី៣៩ បានជួយឲ្យចំនួនគ្រាប់បាល់ នៅលីកកំពូលអង់គ្លេសសរុបដែលខ្សែប្រយុទ្ធ Kane ឡើងដល់ចំនួន៣៧ គ្រាប់ហើយក្នុងឆ្នាំ ២០១៧នេះ។ មានន័យថា ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបានបំបែកកំណត់ត្រាចាស់របស់ខ្សែប្រយុទ្ធ Shearer ដែលរកបានចំនួន៣៦គ្រាប់ឲ្យក្លិប Blackburn Rovers កាលពីឆ្នាំ១៩៩៥ ៕ ដេវីត