ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់១២នាក់ដោយសារបាតុកម្មហិង្សានៅក្នុងប្រទេសអ៊ីរ៉ង់

ចែករំលែក៖

បាតុកម្មបានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ក្នុងពេលដែលភាពក្រីក្រនិង គ្មានការងាធ្វើកាន់តែច្រើន នៅក្នុងប្រទេសនេះ។

បណ្តាញទូរទស្សន៍ជាតិអ៊ីរ៉ង់ បានផ្សាយថា នៅថ្ងៃដំបូងក្នុងឆ្នាំ២០១៨ មានមនុស្សស្លាប់ ១២នាក់ នៅក្នុងមហាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងប្រទេសនេះ ។ ជនរងគ្រោះ១០នាក់ស្លាប់ នៅពេលប៉ះទង្គិចជាមួយប៉ូលិស និង២នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ ។

សារព័ត៌មាន AP បានផ្សាយថា «បាតុករមួយចំនួន មានអាវុធ ដោយប៉ុនប៉ងវាយប្រហារទៅលើទីតាំងប៉ូលិស និងយោធានៅក្នុងប្រទេសនេះ ទើប កម្លាំងទាហានវាយប្រហារតបតវិញ»។ ព័ត៌មានខាងលើ ត្រូវបានផ្សព្វផ្សាយក្រោយពេលតំណាងរាស្ត្រអ៊ីរ៉ង់ លោក Hedayatollah Khademi បានឲ្យដឹងថា មានមនុស្ស៤នាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ូលិស ។ លោកបន្តទៀតថា មានមនុស្ស២នាក់ស្លាប់នៅយប់ថ្ងៃអាទិត្យ ស្ថិតនៅទីក្រុង Izeh ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសសាន រ៉ូហានី បានថ្លែងតាមកញ្ចក់ទូរទស្សន៍ទៅកាន់ពលរដ្ឋដើម្បីជួយកាត់បន្ថយភាពតានតឹង ក្រោយពេលមានមនុស្សជាច្រើនស្លាប់។ លោក រ៉ូហានីបានបញ្ជាក់ថា ពលរដ្ឋមានសិទ្ធ បញ្ចេញមតិរបស់ខ្លួន និងសម្តែងការខកចិត្តចំពោះការដឹកនាំរបស់រដ្ឋាភីបាល ប៉ុន្តែត្រូវរក្សាការអត់ធ្មត់ បញ្ចៀសអំពោះហឹង្សា។

ពាក់ព័ន្ធនិងស្ថានភាពខាងលើ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានវិភាគជុំវិញការធ្វើបាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយលោកត្រាំបានបញ្ជាក់ថា «នៅទីបំផុតពលរដ្ឋអ៊ីរ៉ង់ មានភាពយលដឹងនឹងឆ្លាតវៃជាងមុន» ។ លោកត្រាំ បន្តទៀតថា ទីក្រុងវ៉ាស៊ីនតោន និងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសអ៊ីរ៉ង់។

បាតុកម្មចាប់ផ្តើមកើតឡើងនៅទីក្រុង Mashhad ភាគខាងជើងប្រទេសអ៊ីរ៉ង់ នៅពេលដែលមានមនុស្ស ជាច្រើនប្រមូលផ្តុំប្រឆាំងនឹងតម្លៃប្រេង ស្បៀងអាហារឡើងថ្លៃ ។ មកទល់ពេលនេះ សកម្មភាពធ្វើបាតុកម្មនោះមានមនុស្សជាង៥០នាក់ត្រូវបានចាប់ខ្លួន។

ក្រុមអ្នកវិភាគបានលើកឡើងថា ការដែលប្រធានាធិបតីអាមេរិកលូកដៃចូលក្នុងវិបត្តិនៅក្នុងប្រទេសអ៊ីរ៉ង់ នឹងជំរុញឲ្យបាតុកម្មនឹងអំពើហិង្សាកាន់តែខ្លាំងឡើង ក្រោយលោកត្រាំ ប្រកាសតាមដានរាល់សកម្មភាព រំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសនោះ។

ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ អាចនឹងឈានទៅរកកគន្លងចាស់របស់ស៊ីរី ប្រសិនបើរដ្ឋាភិបាល មិនអាចទប់ស្កាត់ពលរដ្ឋធ្វើបាតុកម្មនោះទេ។

អ្នកឯកទេសរបស់អ៊ីរ៉ង់ ក៏បានលើកឡើងថា គោលដៅរបស់ប្រទេសលោកខាងលិច មានអាមេរិក និងអីស្រាអែលជាដើម បានចាត់ទុកអ៊ីរ៉ង់ជាគោលដៅបន្ទាប់ ពីស៊ីរី អីរ៉ាក់និងអាហ្វហ្គានីស្ថាន ក្នុងការកម្ចាត់មេដឹកនាំដែលប្រឆាំងនឹងអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖