ព័ត៌មានទាន់ហេតុការណ៍៖

បាត់ខ្លួន៣២នាក់ករណីនាវាដឹកប្រេងបុកជាមួយនាវាដឹកទំនិញឆេះនៅលើសមុទ្រចិន

ចែករំលែក៖

ហេតុការណ៍គ្រោះថ្នាក់នាវាបុកគ្នារវាងនាវាដឹកប្រេង នឹងនាវាដឹកទំនិញ បណ្តាលឲ្យមនុស្ស៣២នាក់បាត់ខ្លួន និង ២១នាក់សង្គ្រោះទាន់ពេលវេលា។

សារព័ត៌មានចិន បានផ្សាយថា កម្លាំងជួយសង្គ្រោះកំពុងតែស្វែងរកនាវឹកដែលបាត់ខ្លួនទាំង៣២នាក់ ក្រោយការប៉ះទង្គិចរវាងនាវាដឹកប្រេង បំពាក់ទង់ជាតិ Panama និងនាវាដឹកទំនិញរបស់ចិន។

ក្រសួងចរាចរណ៍ចិនបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង២០ ថ្ងៃទី៦ ខែមករា ស្ថិតនៅតំបន់សមុទ្រ ក្នុងដែនអធិបតេយ្យរបស់ចិន។ នាវឹកដែលបាត់ខ្លួន មានជនជាតិអ៊ីរ៉ង់៣០នាក់ និងជនជាតិបង់ក្លាដេស២នាក់ ស្ថិតនៅលើនាវាដឹកប្រេងទាំងអស់ ដែលមានឈ្មោះថា Sanchi។ នាវាដឹកប្រេងដែលជួបគ្រោះថ្នាក់មានប្រវែង២៧៤ម៉ែត្រ ជារបស់ក្រុមហ៊ុន អ៊ីរ៉ង់ កំពុងដឹកប្រេង ១៣៦ពាន់តោន ពីប្រទេសអ៊ីរ៉ង់ទៅកាន់កូរ៉េខាងត្បូង។

ក្នុងពេលជាមួយគ្នានោះ នាវឹក២១នាក់នៅលើនាវាដឹកទំនិញ CF Crystal ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។ នាវាដឹកទំនិញខាងលើ មានប្រវែង២២៥ម៉ែត្រ កំពុងតែដឹកទំនិញ៦៤ពាន់តោនពីអាមេរិកទៅកាន់ប្រទេសចិន។

ក្រសួងចារាចរណ៍ចិនបានឲ្យដឹងថា ហេតុការណ៍ប៉ះទង្គិចគ្នាខាងលើបានធ្វើឲ្យនាវាSanchiឆាប់ឆេះយ៉ាងខ្លាំង ហើយ លិចហូរប្រេងចូលសមុទ្រ បង្កផលប៉ះពាល់យ៉ាងខ្លាំង។ កម្លាំងទាហានចិនក៏បានបញ្ជូននាវាជួយសង្គ្រោះ៥គ្រឿង និងនាវាទប់ស្កាត់ ការលិចហៀរប្រេងចូលសមុទ្រ៣គ្រឿងទៅកាន់កន្លែងកើតហេតុ។ ជាមួយគ្នានេះ ភាគីកូរ៉េខាងត្បូង ក៏បានបញ្ជូននាវា១គ្រឿង និងយន្តហោះមួយគ្រឿងដើម្បីសហការជាមួយចិនស្វែងរកជួយសង្គ្រោះនាវឹក ៕ ម៉ែវ សាធី


ចែករំលែក៖