ព័ត៌មានទាន់ហេតុការណ៍៖

ចិន៖ ការបង្កើនវត្តមានកម្លាំងទាហាននៅសមុទ្រចិនភាគខាងត្បូងមិនបានគំរាមកំហែងដល់ប្រទេសណាឡើយ

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា វត្តមានរបស់កម្លាំងទាហានជើងទឹកចិននៅតំបន់សមុទ្រចិនភាគខាងត្បូង មិនបានគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយគឺជាកាតព្វកិច្ចការពារតែប៉ុណ្ណោះ ។

ប៉ុន្តែដោយសារតែតំបន់សមុទ្រចិនភាគខាងត្បូងនៅមានវិវាទ បានធ្វើឲ្យប្រទេសនៅក្នុងតំបន់បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពិសេសគឺប្រទេសហ្វុីលីពីន។ កាលពីថ្ងៃទី ៩ខែមករា ហ្វុីលីពីន បានសម្ដែងពីក្តីព្រួយបារម្ភរបស់ខ្លួន ទាក់ទងទៅនឹងសកម្ម ភាពយោធា របស់ចិន នៅសមុទ្រចិនខាង ត្បូង។ តាមរដ្ឋមន្រ្តីការពារជាតិហ្វុីលីពីន ក្រុងម៉ានីលនឹងដាក់ពាក្យជាផ្លូវការ សុំឲ្យ ចិនឆ្លើយបញ្ជាក់ជាថ្មី ថា ចិនមិនបាន រំលោភពាក្យសន្យា ដែលថា នឹងមិនបំពាក់អាវុធលើកោះសិប្បនិមិត្ត ដែលចិនកំពុង សង់ នៅលើប្រជុំកោះ Spratley។ ប្រជុំកោះSpratleyនៅសមុទ្រចិនខាងត្បូង ដែលចិនកំពុងជាប់ឈ្លោះ ទាមទារជាមួយ ប្រទេសហ្វុីលីពីន វៀតណាម និងតៃវ៉ាន់។

រដ្ឋមន្រ្តីការពារជាតិហ្វុីលីពីន លោក Delfin Lorenzana នៅថ្ងៃអង្គារ មុននេះ បាននិយាយថា រដ្ឋាភិបាលបានបើកការ ស៊ើបអង្កេត នៅក្រោយមានរបាយការណ៍ ដែលថា ចិនកំពុងសកម្មខ្លាំង ក្នុងការបង្កើតមូលដ្ឋានទ័ពនៅលើកោះសិប្បនិមិត្ត ដែលចិនបានចាប់សាងសង់នៅលើថ្មប៉ប្រះទឹក Fiery Cross នៅក្នុងតំបន់ជម្លោះប្រជុំកោះ Spratley។

នៅខែធ្នូកន្លងទៅ មជ្ឈមណ្ឌលសិក្សា អាមេរិកាំង ដែលមានឈ្មោះ គម្រោងតម្លា ភាពជើងទឹកអាស៊ី AMTI បានចេញរបាយ ការណ៍ មួយ ដែលបង្ហាញថា នៅឆ្នាំ ២០១៧ ចិននៅតែបន្តពង្រីកការដ្ឋានសាងសង់របស់ខ្លួន នៅលើកោះសិប្បនិមិត្ត នៅ Fiery Cross នោះបើទោះបីជាមានការ តវ៉ាទាមទារ ពីហ្វុីលីពីន ឬវៀតណាមក្តី។ តាមរបាយការណ៍របស់មជ្ឈមណ្ឌលអាមេរិកាំង ដែលវិភាគដោយពឹងផ្អែកលើរូបភាពបានមកពីផ្កាយរណប ទីក្រុងប៉េកាំងបាន ពង្រីកការដ្ឋានសំណង់របស់ខ្លួន ជាង ១សែនម៉ែត្រការ៉េបន្ថែមទៀត។

តាមការសន្យារបស់រដ្ឋាភិបាលចិន ទៅក្រុងម៉ានីល កោះសិប្បនិមិត្តដែលចិនសង់នៅប្រជុំកោះSpratleyនឹងត្រូវប្រើ សម្រាប់ប្រយោជន៍ សន្តិភាព និងទេស ចរណ៍តែប៉ុណ្ណោះ។ សម្រាប់រដ្ឋមន្រ្តីការពារជាតិហ្វុីលីពីន បើសិនគេរកឃើញថា ប៉េ កាំងកំពុងបំពាក់អាវុធ និងពង្រាយទ័ព លើ កោះសិប្បនិមិត្តមែន នោះរដ្ឋាភិបាលចិន ពិតជារំលោភមិនគោរពសម្ដីរបស់ខ្លួននោះទេ។ ឆ្លើយនឹងសំណួរទាក់ទងនឹងការព្រួយបារម្ភរបស់ក្រុងម៉ានីល អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានអះអាងថា ចិនកំពុងសាងសង់ដើម្បីគោលដៅសន្តិភាព នៅលើទឹកដីរបស់ចិនតែប៉ុណ្ណោះ។ នៅ លើទឹកដីរបស់ចិន ដែលចិនត្រូវការបំពាក់​ជាចាំបាច់ សព្វាវុធ ដើម្បីការពារដែនអធិបតេយ្យភាពរបស់ចិន។

ប្រមុខការពារជាតិហ្វុីលីពីនបានបន្លឺត្រឹមសំឡេងរំលឹក ប៉ុន្តែ មិនគំរាមក្រុងប៉េកាំង នោះទេ។ ហ្វុីពីលីនធ្លាប់ចេញមុខប្រឆាំងខ្លាំងនឹងនយោបាយវាតទីរបស់ចិន ក្នុង អាណត្តិប្រធានាធិបតីមុន រហូតបានប្តឹង ឈ្នះចិន នៅតុលាការអន្តរជាតិក្រុងឡាអេ កាលពីឆ្នាំ២០១៦។ ប៉ុន្តែ ហ្វុីលីពីន ក្នុង អាណត្តិរបស់លោកប្រធានាធិបតី ឌុយទែរតេបានជ្រើសរើសយកផ្លូវសម្របសម្រួល ជាមួយចិន ជាថ្នូរនឹងជំនួយវិនិយោគរាប់ ពាន់លានដុល្លារ របស់ចិន។ កាលពីពេល ថ្មីៗនេះ ដោយសារតែពាក្យគំរាមរបស់រដ្ឋាភិបាលចិន លោកប្រធានាធិបតីហ្វុីលីពីនបានបញ្ជារឲ្យកងទ័ពហ្វុីលីពីន ប្រញាប់ ប្រមូលចូលវិញ សម្ភារដែលគេបានដឹក យកទៅសាងសង់ជម្រកសម្រាប់អ្នកនេសាទហ្វុីលីពីន នៅក្នុងប្រជុំកោះSpratley៕ ម៉ែវ សាធី

 


ចែករំលែក៖