ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍រដ្ឋបាលស្យាចុះបង្រ្កាបបទល្មើសនេសាទរិបអូសវត្ថុតាង ជនប្រព្រឹត្តគេបាត់អស់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្យាប្រមាណ ០៥នាក់ ចុះបង្រ្កាបបទល្មើសនេសាទរិបអូសបានវត្ថុតាង ចំណែកក្រុមជនប្រព្រឹត្តបានរត់គេចខ្លួនបាត់ស្រម៉ោល។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចវាលបឹងប៉ាអាតិញ(ព្រៃរនាមក្រោម) ស្ថិតក្នុងភូមិធ្លក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងដែលបានចុះប្រតិបត្តិការបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងធ្វើការបង្រ្កាបបាននូវឧបករណ៍ខុសច្បាប់ស្ដីពីជលផល(អាំងទ័រឆក់)រួមមាន,អាគុយកម្លាំង ៤០អំពែចំនួន ០៦ធុង អាំងឆក់ និងសម្ភាររួមផ្សំមួយចំនួន ចំណែកក្រុមជនប្រព្រឹត្តបានរត់គេចខ្លួនបាត់ស្រម៉ោលអស់។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះវត្ថុតាងទាំងអស់បានរក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្យាដើម្បីបន្តការបើកការស្រាវជ្រាវ ហើយកម្លាំងនៅតែបន្តការចុះបង្រ្កាបជានិច្ច៕ ប៉ឹម ពិន


ចែករំលែក៖