ព័ត៌មានទាន់ហេតុការណ៍៖

ចិនចេញមុខការពារកិច្ចព្រមព្រៀងបរមាណូជាមួយប្រទេសអីុរ៉ង់ពេលដែលអាមេរិកស្នើឲ្យកែប្រែ

ចែករំលែក៖

ចិនគឺជាប្រទេសមួយក្នុងចំណោម ប្រទេស5+1 ដែលបានព្រមព្រៀងលើកម្ម វិធីបរមាណូជាមួយអីុរ៉ង់ ពេលនេះបាន ចេញមុខការពារ និងបន្តអនុវត្ត នូវកិច្ចព្រម ព្រៀង នោះដដែល ក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចង់កែតម្រូវ នូវកំហុសឆ្គង់ដ៏គ្រោះថ្នាក់ ក្នុងកិច្ចព្រម ព្រៀងនោះ។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោក Mohammad Javad Zarif តាមទូរស័ព្ទថា ការអនុវត្តកិច្ចព្រមព្រៀងនោះ មិនបាន ធ្លាក់ខុសផ្លូវនោះទេ ប៉ុន្តែនឹងប្រឈមមុខ នឹងកត្តាដ៏ស្មុគស្មាញថ្មីខ្លះៗ។

ក្នុងអំឡុងធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទនោះដែរ លោក វ៉ាង បានមានប្រសាសន៍ បន្តថា ការបន្តអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ គឺជាទំនួលខុសត្រូវរបស់ភាគីដែលពាក់ព័ន្ធទាំងអស់ និងជាក្តីប្រាថ្នារួមគ្នារបស់ សហគមន៍អន្តរជាតិ ហើយកិច្ចព្រមព្រៀង នឹងជួយលើកកម្ពស់របបដែលគ្មានការសាយភាយនុយក្លេអ៊ែអន្តរជាតិ ថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងដោះស្រាយ បញ្ហាក្តីផ្សេងទៀត នៅជុំវិញពិភពលោក។

កន្លងមក ថ្មីៗរដ្ឋាភិបាលអុីរ៉ង់បានទាត់ចោល សេចក្តីអំពាវនាវរបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ដែលស្នើឲ្យមានការ អនុញ្ញាតដល់ការធ្វើអធិការកិច្ច ពីសំណាក់ បរទេស មកលើមូលដ្ឋាន ក៏ដូចជាទីតាំង យោធារបស់អុីរ៉ង់ ក្រោមលេសនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ នេះបើតាម ការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារ ព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨។

លោក ប៊ែរួស កាម៉ាល់វ៉ាន់ឌី (Behrouz Kamalvandi) អ្នកនាំពាក្យអង្គការថាម ពលអាតូមិកនៃប្រទេសអុីរ៉ង់ (AEOI) បានលើកឡើងថា បញ្ហានៃការបើកសិទ្ធិ ឲ្យបរទេសចូលមកក្នុងទីតាំងយោធាអុីរ៉ង់ គឺមិនស្ថិតក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ (JCPOA) ឡើយ ទោះបីជាកាលពីមុនធ្លាប់មានករណីចុះអធិការកិច្ចមួយ ចំនួន មកលើមូលដ្ឋានទ័ពរបស់អុីរ៉ង់ ដូច ជាបន្ទាយ Parchin ជាដើមក៏ដោយ ដែលធ្លាប់ត្រូវបានត្រួតពិនិត្យម្តងដោយទីភ្នាក់ងារឃ្លាំមើល ថាមពលអាតូមិកអន្តរជាតិ (IAEA)។

លោក Kamalvandi បានបន្ថែមថា តែ បច្ចុប្បន្ន IAEA ពុំបានស្នើឲ្យមានការចុះ អង្កេតទីតាំងយោធាអុីរ៉ង់ដទៃទៀតឡើយ ហើយអ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា សាធារណរដ្ឋអ៊ិស្លាមមួយនេះ នឹងមិនអនុញ្ញាតឲ្យភាគីបរទេសណាមួយចេញ-ចូល ទីតាំងយោធារបស់ខ្លួនទៀតឡើយ រួមទាំង IAEA។

ការបញ្ជាក់របស់ លោក Kamalvandi ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តសម្រេចមិនអនុវត្តនូវទណ្ឌកម្មមួយចំនួន ទាក់ទងនឹង នុយក្លេអ៊ែរទៅលើប្រទេសអុីរ៉ង់ កាលពី ចុងសប្តាហ៍មុន ដោយបានដាក់លក្ខខណ្ឌ ខ្លះៗ សម្រាប់ការធ្វើដូច្នេះទៀតនាពេលក្រោយ។ ប៉ុន្តែភ្លាមៗក្រសួងការបរទេស អុីរ៉ង់បានប្រកាសថា ទីក្រុងតេអេរ៉ង់នឹង គ្មានថ្ងៃចរចា កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាច៥បូក១ឡើងវិញ ឡើយ ទោះបីជាអាមេរិកដាក់សម្ពាធយ៉ាងណា ក្តី។

គួរជម្រាបថា នៅក្រោមកិច្ចព្រមព្រៀង ខាងលើ ដែលត្រូវបានចុះហត្ថលេខា ដោយអុីរ៉ង់ និងមហាអំណាច ៥ បូក ១ រួមមានចិន រុស្ស៊ី ចក្រភពអង់គ្លេស បារាំង សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ប្រធានាធិបតីអាមេរិកត្រូវតែចុះហត្ថលេខាផ្អាកការអនុវត្តទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ទៅ លើប្រទេសអុីរ៉ង់ជារៀងរាល់ ១២០ថ្ងៃ ម្តង។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ គឺជាសមិទ្ធផលដ៏ធំ របស់អតីតរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា៕ ម៉ែវ សាធី


ចែករំលែក៖