ស្ថានភាពនៅឧបទ្វីបកូរ៉េ មានភាពល្អ ប្រសើរជាងមុនបន្តិច ក្រោយពេលកូរ៉េខាងជើងបានព្រមពិភាក្សាជាមួយកូរ៉េខាងត្បូង និងបញ្ជូនក្រុមកីឡាករទៅចូលរួមការប្រកួត កីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បូង។ ប៉ុន្តែអាមេរិកនៅតែបង្កើនវត្តមានកម្លាំង ទាហាន ត្រៀមវាយប្រហារកូរ៉េខាងជើង ដោយសារតែប្រទេសនេះមិនបោះបង់កម្ម វិធីបរមាណូ។
នៅពេលកន្លងមកថ្មីៗ ប្រធានាធិបតី ចិន លោក ស៊ី ជីនពីង និងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ ជាលើក ដំបូងនៅដើមឆ្នាំថ្មីនេះ ពាក់ព័ន្ធនឹងបញ្ហា វិវឌ្ឍន៍ថ្មីៗនៅឧបទ្វីបកូរ៉េ ហើយបន្ថែមពីនេះប្រមុខដឹកនាំកំពូលទាំង២លើលោកនេះ ក៏បានផ្លាស់ប្តូរយោបល់ជុំវិញកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិន-អាមេរិកផងដែរ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មានចិន CGTN នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។
នៅក្នុងកិច្ចពិភាក្សានោះ ប្រធានាធិបតីអាមេរិកបានបង្ហាញឆន្ទៈខ្ពស់ នៅក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយប្រធានា ធិបតីចិន ដើម្បីផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកក្នុងកម្រិតខ្ពស់ ជាពិសេសទៅលើការដោះស្រាយនានាជាមួយគ្នា ជុំវិញ បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បី ទទួលបាននូវការអភិវឌ្ឍបន្ថែមទៀត ព្រម ទាំងនៅក្នុងក្របខ័ណ្ឌ នៃទំនាក់ទំនងទ្វេ ភាគី។
គួរបញ្ជាក់ថា លោក ស៊ី និងលោក ត្រាំ បានពិភាក្សាគ្នាច្រើនអំពីបញ្ហានៅឧបទ្វីបកូរ៉េផងដែរ ប៉ុន្តែចំណុចសំខាន់ទាំងឡាយពុំទាន់ត្រូវបានបញ្ជាក់លម្អិតនោះឡើយ គ្រាន់តែភាគីទាំង២នៅព្រឹកថ្ងៃអង្គារ បានប្តេជ្ញារួមគ្នាបង្កើនការធ្វើទំនាក់ទំនង និង សហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហា រួមគ្នា។
នៅចំពោះមុខអន្តរជាតិសហរដ្ឋអាមេរិក បានអះអាងម្តងហើយម្តងទៀតពី ការ ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការ ជ្រើសរើសមធ្យោបាយការទូត ដើម្បីបញ្ឈប់ ការគំរាមកំហែង និងការប្រឈមមុខដាក់ គ្នា ដោយប្រើអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងនោះ មន្ទីរបញ្ចកោណស្ងាត់ៗ បាន និងកំពុងត្រៀមរៀបចំខ្លួនសម្រាប់ទប់ទល់ស្ថានការណ៍ដែលនឹកស្មានមិនដល់។ នេះ បើតាមការចេញផ្សាយដោយ សារព័ត៌មាន រុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។
ខណៈប្រមុខការពារជាតិអាមេរិក លោក James Mattisនិងប្រមុខការទូត លោក Rex Tillersonបានលើកឡើងជា ដដែលៗ ថា សហរដ្ឋអាមេរិក គឺបានត្រៀមខ្លួនរួច ជាស្រេច ដើម្បីចរចាជាមួយកូរ៉េខាងជើង នៅគ្រប់ពេលវេលាក្នុងគោលបំណង បញ្ចប់ការគំរាមកំហែងនៃការផ្ទុះសង្រ្គាម នុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើង នោះ ការបង្កើនធ្វើសមយុទ្ធ និងលំហាត់ ដឹកជញ្ជូនផ្នែកយោធានានា ដែលត្រាប់ តាមករណីសង្រ្គាមលើដីគោកពិតៗនោះ កំពុងកើតមានឡើងនៅលើទឹកដីរបស់ សហរដ្ឋអាមេរិក។
គួរជម្រាបថា បើតាមសារព័ត៌មាន New York Times ការហ្វឹកហ្វឺនផ្នែកយោធានាពេលថ្មីៗ របស់ក្រសួងការពារជាតិ អាមេរិក (មន្ទីរបញ្ចកោណ) កំពុងតែមានការកើនឡើងទាំងផ្នែកទ្រង់ទ្រាយ ហើយ ថែមទាំងញឹកញាប់ជាងមុនទៀត ដែល ប្រការនេះបង្ហាញអំពីការពង្រឹងសមត្ថភាព ដើម្បីត្រៀមខ្លួនដោយស្ងាត់ៗ ដែលពុំធ្លាប់ កើតមាននោះឡើយ តាំងតែពីសម័យ សង្រ្គាមអាមេរិកនៅអុីរ៉ាក់៕ ម៉ែវ សាធី