ព័ត៌មានទាន់ហេតុការណ៍៖

អីុស្រាអែលខិតខំស្វែងរកការគំាទ្រពីប្រទេសក្នុងតំបន់អាស៊ី

ចែករំលែក៖

ក្រោយប្រទេសជាច្រើនបានថ្កោល ​ ទោស អាមេរិកដែលបានទទួលស្គាល់ តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីស្របច្បាប់របស់អីុស្រាអែល ពេលនេះអីុស្រាអែលត្រូវតែ ​ខិតខំស្វែងរកការគាំទ្រពីប្រទេសជាដៃគូ នៅតំបន់អាស៊ីវិញម្តង ដោយនៅតំបន់ មជ្ឈិមបូព៌ានិង អាហ្វ្រិក អាមេរិក គឺមិន ពេញចិត្តនឹងសកម្មភាពរបស់អីុស្រាអែលឡើយ។

នាយករដ្ឋមន្ត្រីអីុស្រាអែល លោកណេ តាន់យ៉ាហូ បានចាប់ផ្តើមធ្វើទស្សនកិច្ចទៅកាន់ ប្រទេសមហាអំណាចយោធា នៅ អាស៊ីគឺឥណ្ឌាដើម្បីពង្រឹងកិច្ចសហប្រតិ​បត្តិការទ្វេភាគីឲ្យកាន់តែខ្លាំងឡើងថែមទៀត។ ដំណើរទស្សនកិច្ចរបស់លោក​មានរយៈពេល៥ថ្ងៃនៅឥណ្ឌា ។ នាឱកាស នោះ នាយករដ្ឋមន្ត្រីអុីស្រាអែល ប៉ុនប៉ងស្វែងរកការពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលជាតិនិយមឥណ្ឌារបស់លោក Narendra Modi ដែលជាអ្នកកាន់សាសនា ហិណ្ឌូ។

នៅទីក្រុង ញូវដេលី លោក Narendra Modi បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអុីស្រាអែលយ៉ាងកក់ក្តៅជាទីបំផុត។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Nerendra Modi លែងខ្វល់ពីបញ្ហាពិធីសារដែលជា ​ ទំនៀមទម្លាប់របស់ប្រទេសឥណ្ឌាទៀតហើយ។ ពីព្រោះ គ្រាន់តែនាយករដ្ឋមន្ត្រីអុីស្រាអែលលោក តាន់យាហ៊ូ បានចុះពី យន្តហោះមកដល់លើដីភ្លាម នាយករដ្ឋ មន្ត្រីឥណ្ឌា បានស្ទុះទៅឱបក្រសោបសមភាគីអុីស្រាអែលយ៉ាងកក់ក្តៅជាទីបំផុត។

ក្នុងឱកាសដំណើរទស្សនកិច្ចចំនួន ៥ថ្ងៃ នៅឥណ្ឌាចាប់ពីថ្ងៃអាទិត្យម្សិលម៉្ងៃ នាយក រដ្ឋមន្ត្រីអុីស្រាអែល នឹងអញ្ជើញទៅទស្សនកិច្ចនៅក្នុងទីក្រុងមួយចំនួនដូចជាទីក្រុង បុមបៃAhmedabad ឬក៏នៅក្រុង Goujarat ជាដើម។

គួររំលឹកថា សហប្រតិបត្តិការរវាង ឥណ្ឌានឹងអុីស្រាអែលជាសហប្រតិបត្តិការយុទ្ធសាស្ត្រមួយ។ ដោយហេតុថា អុីស្រាអែលគឺជាអ្នកផ្គត់ផ្គង់សព្វាវុធទី៤នៅលើលោកឲ្យដល់ឥណ្ឌា ជាអាទិ៍ យន្តហោះ ដ្រូនដែលគ្មានពីឡុតបើកបរនិងមីស៊ីល។

គួរបញ្ជាក់ថា អុីស្រាអែលក្រៅពីនាំអាវុធចេញយ៉ាងសម្បើមទៅកាន់ប្រទេសឥណ្ឌានោះ ទីក្រុង តែលអាវីវ ក៏មានបំណងចង់ ផ្តល់ឲ្យដល់ទីក្រុងញូវដេលី នូវសេវាបច្ចេកទេសដ៏ទំនើបនិងប្រសិទ្ធភាពជាទីបំផុតរបស់អុីស្រាអែល នៅលើវិស័យសន្តិសុខខាង ផ្នែកព័ត៌មានវិទ្យា ឬក៏ការបន្យាបទឹក សមុទ្រជាដើម។

នៅក្នុងឱកាសដំណើរទស្សនកិច្ចនៅ ឥណ្ឌានេះ នាយករដ្ឋមន្ត្រីអុីស្រាអែល អមដំណើរដោយធុរជនជាង១៣០នាក់ ​ដើម្បីពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួួយឥណ្ឌាឲ្យកាន់តែរឹងមាំថែមទៀត។

ក៏ប៉ុន្តែនៅលើវិស័យការទូតវិញ ការខិតចូលជិតគ្នារវាងឥណ្ឌានឹងអុីស្រាអែលនេះ អាចជួបប្រទះនឹងភាពស្មុគស្មាញ។ ដោយ ហេតុថា នៅម្ខាង ទីក្រុងញូវដេលី នៅតែ បន្តការគាំទ្ររបស់ខ្លួនដល់អាជ្ញាធរប៉ាឡេស្ទីន និងបានបោះឆ្នោតគាំទ្រដល់សេចក្តីសម្រេចរបស់អ.ស.ប.ក្នុងការផ្តន្ទាទោស អុីស្រាអែលដែលបានលើកផ្ទេរស្ថានទូតអាមេរិកមកដាក់នៅទីក្រុង ហ្ស៊េរុយសា ឡឹមវិញ។

ប្រទេសឥណ្ឌា បានរឹតចំណងជាមួយ ប្រទេសអុីរ៉ង់ កាន់តែខ្លាំងឡើងៗ ហើយ ចំណែកអុីរ៉ង់វិញ ក៏ជាប្រទេសសត្រូវទី១ដែររបស់អុីស្រាអែល ជាពិសេសទីក្រុង តែលអាវីវ បានធ្វើសកម្មភាពយ៉ាងមុតមាំ ដើម្បីធ្វើឲ្យសាធារណរដ្ឋអ៊ិស្លាមអុីរ៉ង់មួយនេះស្ថិតនៅឯកាលើលោក៕ ម៉ែវ សាធី


ចែករំលែក៖