ក្រោយការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ពេលនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានសម្រេច ឲ្យបញ្ជូនក្រុមជនជាតិរ៉ូហ៊ីងយ៉ាដែលបានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសវិលត្រឡប់មកស្រុកវិញ។ រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏បានសាងសង់ជំរំ សម្រាប់ ឲ្យជនភៀសខ្លួនទាំងនោះស្នាក់នៅបណ្តោះអាសន្នផងដែរ ។
កាលពីថ្ងៃអង្គារ ទី១៦ មករា រដ្ឋាភិ បាលនៃប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែសបានព្រមព្រៀងគ្នាក្នុងការរៀបចំបញ្ជូន ពលរដ្ឋរ៉ូហ៊ីងយ៉ាពីប្រទេសបង់ក្លាដែសទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។ កិច្ចព្រមព្រៀងនេះជាលទ្ធផលនៃការជជែកពិភាក្សាគ្នារវាងភាគីទាំងពីរនាថ្ងៃចន្ទ ទី១៥ មករាក្នុង ទីក្រុងណៃពីដោ ប្រទេសមីយ៉ាន់ម៉ា។ ក្រសួងការបរទេសបង់ក្លាដែសបានប្រាប់ឲ្យដឹងថា គម្រោងការរៀបចំបញ្ជូនពលរដ្ឋ រ៉ូហ៊ីងយ៉ាទាំងជាង ៦៥.០០០នាក់នឹងត្រូវធ្វើឡើងក្នុងរយៈពេល ២ឆ្នាំ។ តែក្រសួងការបរទេសមីយ៉ាន់ម៉ានៅមិនទាន់បាន និយាយអ្វីទាំងអស់។តាមគម្រោង ការរៀបចំបញ្ជូនពលរដ្ឋរ៉ូហ៊ីងយ៉ាពីជំរំនៅបង់ក្លាដែសទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញនឹងត្រូវចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ តែភាគីបង់ក្លា ដែសបានអះអាងថា គេពិតជាមិនអាចធ្វើតាមកាលវិភាគនោះបានឡើយ និងថាគេក៏មិនដឹងថានឹងអាចចាប់ផ្តើមនៅពេលណានោះដែរ។ អ្វីដែលគេអាចនិយាយបាន និងធ្វើបាននាពេលនេះ គឺការចុះឈ្មោះ ពលរដ្ឋរ៉ូហ៊ីងយ៉ាណាដែលមានបំណងចង់វិលត្រឡប់ចូលទឹកដីមីយ៉ាន់ម៉ាវិញ។
អ្វីដែលភាគីបង់ក្លាដែស និងមីយ៉ាន់ម៉ាបានសម្រេចរួមគ្នានៅក្នុងជំនួបក្នុងទីក្រុងណៃពីដ៏ោនាថ្ងៃចន្ទ ទី១៥ ខែមករា គឺការ កំណត់ទម្រង់ឯកសារដែលពលរដ្ឋរ៉ូហ៊ីងយ៉ាត្រូវបំពេញ មុននឹងអាចបញ្ជូនទៅកាន់មីយ៉ាន់ម៉ាបាន។ ភាគីបង់ក្លាដែសក៏បានប្រាប់ឲ្យដឹងបន្ថែមថា ជំរំបណ្តោះអាសន្ន ចំនួន ៥កន្លែងសម្រាប់ដាក់ពលរដ្ឋរ៉ូហ៊ីងយ៉ានឹងត្រូវដាក់ឲ្យដំណើរការក្នុងទឹកដីបង់ក្លាដែស និង ២ទៀតនៅក្នុងទឹកដីមីយ៉ាន់ ម៉ា។ ខណៈនេះ រដ្ឋអំណាចមីយ៉ាន់ម៉ានៅមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីជុំវិញជំនួបជាមួយភាគីបង់ក្លាដែសនៅឡើយទេ។
ទោះជាយ៉ាងនេះក្តី នៅមានសំណួរជាច្រើនទៀតដែលគេនៅមិនទាន់មានចម្លើយនៅឡើយ ទី១ តើនឹងមានពលរដ្ឋរ៉ូហ៊ីងយ៉ាប៉ុន្មាននាក់ដែលសុខចិត្តវិលត្រឡប់ចូល មីយ៉ាន់ម៉ាវិញ ខណៈដែលពួកគេបាន ទទួលការ រើសអើង? ទី២ តើពួកគេពិតជាអាចចាកចេញពីជំរំទៅរស់នៅក្នុងភូមិ ស្រុកកំណើតរបស់ពួកគេវិញបានដែរ ឬទេ? និងសំណួរទី៣ តើអង្គការសហ ប្រជាជាតិអាចនឹងចូលរួមត្រួតពិនិត្យលើលក្ខខណ្ឌនៃការវិលត្រឡប់របស់ពួកបាន ឬអត់? តាមទូរទស្សន៍អង់គ្លេស BBC ភាគីមីយ៉ាន់ម៉ា និងបង់ក្លាដែសក៏បានអញ្ជើញអង្គការសហប្រជាជាតិឲ្យចូលរួមនៅក្នុង ជំនួបពិភាក្សាជាមួយខ្លួននាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករាក្នុងទីក្រុងណៃពីដោដែរ តែភាគីអង្គការសហប្រជាជាតិមិនបានឆ្លើយអ្វីទាំងអស់៕ ម៉ែវ សាធី