ប្រទេសទាំងអស់នៅជុំវិញពិភពលោក មិនថាប្រទេសក្រីក្រឬប្រទេសអ្នកមាននោះឡើយ គឺបានបង្កើនការចំណាយទៅលើសកម្មភាពយោធាដើម្បីការពារជាតិពេលស្ថានភាព សន្តិសុខនៅលើពិភពលោក មិនអំណោយផល អាចផ្ទុះទៅជាសង្គ្រាម។ ទាំងនោះហើយការការពារជាតិ គឺជារឿងសំខាន់ជួយឲ្យរួចផុតពីការឈ្លានពាន។
នៅពេលនេះមេបញ្ជាការកងទ័ពអង់ គ្លេសបានបញ្ជាក់ថា ការកាត់បន្ថយថវិកា សម្រាប់យោធា គឺជារឿងមួយដ៏គ្រោះថ្នាក់ចំពោះជាតិខណៈដែលរុស្ស៊ី ចិន កំពុងតែ បង្កើនឥទ្ធិពលខ្លាំងឡើងៗ។ ជាមួយគ្នា នេះ អង់គ្លេសបានចាកចេញពីសហគមន៍ អឺរ៉ុប ទៀត អាចធ្វើឲ្យអង់គ្លេសកាន់តែ ចាញ់ប្រៀបលើសត្រូវបើកាត់បន្ថយការ ចំណាយនោះ។
អគ្គមេបញ្ជាការកងទ័ពអង់គ្លេស លោក ឧត្តមសេនីយ៍ ស៊ឺនីក ខាធើរ (Sir Nick Carter) គ្រោងនឹងចេញសេចក្តីថ្លែងការណ៍មួយថា សមត្ថភាពរបស់កងទ័ពអង់គ្លេស ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែង អាចនឹងមិនអាចទៅរួចឡើយ បើសិនជា អង់គ្លេសមិនបន្តការបេ្ដជ្ញាចិត្ត ប្រឆាំងនឹង សត្រូវរបស់ខ្លួនទេនោះ ខណៈដែលរុស្ស៊ី កំពុងជះឥទ្ធិពលរឹតតែខ្លាំងមកលើតំបន់ អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
ការថ្លែងបែបនេះរបស់ លោក Sir Nick Carter ធ្វើឡើងនៅក្នុងសុន្ទរកថា មួយ ដែលត្រូវបានអនុម័តដោយរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ហ្គាវីន វីលៀមសុន (Gavin Williamson) នៅក្នុងបរិបទដែល មានសេចក្ដីរាយការណ៍ជាច្រើន ស្តីពីការកាត់បន្ថយកញ្ចប់ថវិកាយោធា។ ជាងនេះ ទៅទៀត នៅក្នុងសុន្ទរកថានេះទៀតសោត ដែលនឹងត្រូវថ្លែងចេញជាសាធារណៈ នៅឯ Royal United Services Institute នៅថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងទីក្រុងឡុង) លោក Carter ក៏នឹងធ្វើការគូសបញ្ជាក់ពីការគំរាមកំហែង ពីសំណាក់ទីក្រុងម៉ូស្គូ ជា ពិសេសគឺសមត្ថភាពកងទ័ពរុស្ស៊ី នៅក្នុង សង្រ្គាមបច្ចេកវិទ្យា ព្រមទាំងការប្ដេជ្ញាចិត្ត របស់កងទ័ពអង់គ្លេស ក្នុងប្រឈមមុខនឹង ការកើនឡើង នៃឥទ្ធិពលយោធារុស្ស៊ីនៅ ក្នុងតំបន់អឺរ៉ុបខាងកើត។
គួរបញ្ជាក់ថា ការព្រមានរបស់លោក Sir Nick Carter កើតមានឡើងបន្ទាប់ពីរុស្ស៊ី បានដឹកនាំការធ្វើសមយុទ្ធយោធាជាបន្ត បន្ទាប់ នៅតំបន់ភាគខាងជើងអឺរ៉ុប ចាប់ពី ទីក្រុង កាលីនីនក្រាដ (Kaliningrad) រហូតដល់ប្រទេសលីទុយអានី។ ការបង្កើន យោធានេះ គឺកើតមានឡើងចំពេលដែលបណ្តាប្រទេសអង្គការ NATO កំពុងតែប្រុង ជើងការកម្រិតខ្ពស់ និងវិបត្តិភាគខាងកើត អ៊ុយក្រែន ក៏គ្មានសញ្ញាធូរស្បើយនៅ ឡើយ៕ ម៉ែវ សាធី