ព័ត៌មានទាន់ហេតុការណ៍៖

ចិនកំពុងតែខិតខំកសាងកម្លាំងយោធាខ្លាំងជាងគេបំផុតទី១លើពិភពលោក

ចែករំលែក៖

នៅពេលនេះចិនមានសកម្មភាពយោធាជាច្រើនបង្ហាញឲ្យឃើញពីមហិច្ឆតា កសាងកម្លាំងយោធា ក្លាយជាប្រទេស ដែលមានយោធាខ្លាំងជាងគេបំផុតនៅលើពិភពលោក ក្រោមការដឹកនាំរបស់ប្រធានា ធិបតី ស៊ី ជីនពីង។ នៅពេលនេះដែរ អាមេរិក ក៏បាន បង្កើតយុទ្ធសាស្ត្រយោធាថ្មី ដើម្បីឆ្លងផុតការប្រដេញលើផ្នែកយោធា របស់ប្រទេស ដែលអាមេរិកចាត់ទុកជា សត្រូវ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន មិនបាន លាក់លៀប នៅយុទ្ធសាស្ត្រ យោធារបស់ ខ្លួននោះឡើយ ។នៅក្នុងការប្រកាសរបស់ប្រធានាធិបតីចិនស៊ីជីងពីងបានបង្ហាញយ៉ាងច្បាស់ថា ចិននឹងមានកម្លាំងទាហាន ជើងទឹក លេខ១នៅលើពិភពលោក។

ចិនជាប្រទេសធំ មានពលរដ្ឋច្រើន និងមានសេដ្ឋកិច្ចលំដាប់ទី២លើពិភពលោក ហើយផលប្រយោជន៍ជាតិរបស់ចិនក៏ ត្រូវបានបើកទូលាយផងដែរ ដូច្នេះចិនចាំបាច់ត្រូវតែធ្វើឲ្យទំនើបកម្មកម្លាំងយោធា និងអាវុធ។ ក្រៅពីនេះសកម្មភាពរបស់ចិន នៅក្នុងសកម្មភាព អន្តរជាតិ ដូចជា ការពារ ប្រឆាំងក្រុមចោរសមុទ្រ ចូលរួមរក្សា សន្តិភាព របស់អង្គការសហប្រជាជាតិជា ដើម។

ដើម្បីបំពេញទៅតាម តម្រូវការរបស់ខ្លួនចិនបានសម្រេចផលិតនាវាផ្ទុកយន្តហោះជាលើកទី៣របស់ខ្លួន ក្នុងការពង្រឹងសមត្ថភាពការពារដែនសមុទ្រដ៏ធំធេងរបស់ចិន ។ បច្ចុប្បន្នកម្លាំងទាហានចិន មានកម្លាំងខ្លាំងគ្រប់គ្រាន់មិនខ្លាចប្រទេសណាមួយនៅលើពិភពលោកនោះឡើយក្នុងនោះក៏មានទាំងអាមេរិកផងដែរ។

កន្លងមកថ្មីៗចិនបានបណ្តេញនាវា ចម្បាំងអាមេរិកដែលបានចូលរំលោភ បំពាន លើដែនអធិបតេយ្យ របស់ខ្លួន។

កាលពីថ្ងៃទី២១ខែមករា ចិនបានបញ្ជូននាវាចម្បាំងមួយទៅបណ្តេញនាវាចម្បាំងអាមេរិក USS Hopper ដែលបានបើកចូលក្បែរកោះមួយស្ថិតក្នុងសមុទ្រចិនខាង ត្បូង។ ទីក្រុងប៉េកាំងដែលបានចោទនាវាចម្បាំងអាមេរិកពីបទចូលបំពានអធិប តេយ្យរបស់ចិនបានបញ្ជាក់ថា វត្តមាន នាវាចម្បាំង USS Hopper ស្ថិតមិនឆ្ងាយ ប៉ុន្មានពីថ្មប៉ប្រះទឹកឈ្មោះ Huangyan ជាភាសាចិនក្នុងយប់ថ្ងៃទី១៧ មករាដោយមិនបានជូនដំណឹងដល់រដ្ឋអំណាចចិនទេ។

ក្រៅពីឈ្មោះជាភាសាចិន Huangyan ថ្មប៉ប្រះទឹកមួយនេះក៏គេបានស្គាល់ក្រោមឈ្មោះ Scarborough ស្ថិតនៅចម្ងាយ ២៣០គីឡូម៉ែត្រពីប្រទេសហ្វុីលីពីន និង ដែលចិន តៃវ៉ាន់ រួមទាំងហ្វុីលីពីនកំពុងបន្តទាមទារថាជារបស់ខ្លួន។ អ្នកនាំពាក្យ ក្រសួងការបរទេសចិនលោកលូ កាងបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយថា វត្តមាននាវាចម្បាំងអាមេរិកាំងនៅក្នុងតំបន់ជាការរំលោភបំពានលើអធិបតេយ្យ និងគំរាមកំហែងសន្តិសុខលើនាវារបស់ចិនដែលស្ថិតក្បែរថ្មប៉ប្រះទឹកនោះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិនដដែល ក្រសួងការពារជាតិចិនបានប្រាប់ឲ្យដឹងពីការបញ្ជូននាវាចម្បាំងចិនភ្លាមៗទៅកាន់តំបន់នោះដើម្បីផ្ទៀងផ្ទាត់ និងរកអត្តសញ្ញាណ រួចធ្វើការព្រមានបណ្តេញនាវាច្បាំងអាមេរិកាំងនោះចេញពីតំបន់។ ដោយឡែក គេហទំព័រនៃ ទ័ពជើងទឹកអាមេរិកបានប្រាប់ឲ្យដឹងថា នាវាចម្បាំង USS Hopper បានធ្វើដំណើរទៅកាន់តំបន់ប្រតិបត្តិការនៃកងពលទី៧ និងបន្ថែមថានាដើមខែមករានេះ បេសក កម្មរបស់ USS Hopper ទាក់ទងនឹងកិច្ចសប្រតិបត្តិការផ្នែកសន្តិសុខ ការអភិវឌ្ឍនៃ កិច្ចសហប្រតិបត្តិការជាមួយដៃគូ និងការល្បាតជាប្រចាំនៅក្នុងតំបន់។

ព័ត៌មានស្តីពីឧប្បត្តិហេតុនេះបានកើតមានឡើង បន្ទាប់ពីក្រសួងការពារជាតិអាមេរិកទើបបានផ្សព្វផ្សាយឯកសារមួយនាថ្ងៃសុក្រ ទី ១៩ មករានូវយុទ្ធសាស្រ្តថ្មីមួយដោយបានចាត់ទុកចិន និងរុស្ស៊ីជាប្រទេសគំរាមកំហែងកាន់តែខ្លាំង។ ឯកសាររបស់ក្រសួងការពារជាតិអាមេរិកដដែលបានចោទចិនត្រង់ៗពីបទប្រើតាក់ទិកសេដ្ឋកិច្ចដើម្បីបំភិតបំភ័យលើប្រទេសជិតខាងខ្លួនក្នុងគោលដៅពង្រីកមហិច្ឆតាយោធានៅ ក្នុងតំបន់។

ក្រសួងការពារជាតិចិនបានច្រានចោលលើព័ត៌មាននេះ និងឆ្លើយបកវិញថា ស្ថានការណ៍នៅក្នុងសមុទ្រចិនខាងត្បូងមានស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ រួចចង្អុលមុខអាមេរិកពីបទបានបញ្ជូននាវាចម្បាំងដោយ ខុសច្បាប់ទៅកាន់ដែនទឹកក្បែរទីប្រជុំកោះ និងថ្មប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូង៕ ម៉ែវ សាធី


ចែករំលែក៖