ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវនារីជាសង្សារចាក់សម្លាប់ក្នុងបន្ទប់ផ្ទះសំណាក់យីហោសំណាងណាស់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់លើគ្រក្នុងថ្លុកឈាម គួរឲ្យរន្ធត់ក្រោយពីបុរសរូបនេះបនជិះម៉ូតូឌុបនារីជាសង្សារមកដេកក្នុងផ្ទះសំណាក់មួយកន្លែងយីហោសំណាងណាស់បន្ទប់លេខ១១។ ខណៈដេកបានមួយសន្ទុះ ដោយពុំដឹងជាមានរឿងហេតុអ្វី ស្រាប់តែនារីជាសង្សារបានយកកាំបិតចាក់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់រួចជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ស្រមោល។

ករណីឃាតកម្មខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ និង១០នាទីព្រលប់ ថ្ងៃអាទិត្យ ៥កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ នឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅ ភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គ ស្នួល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យ ដឹងថា ជនរងគ្រោះមានឈ្មោះ នួន សុភាព ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា និងជាអ្នកសារព័ត៌មាន សំឡេងប្រជាជន បច្ចុប្បន្នស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ទពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។ ករណីខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កាំបិតចុងស្រួចដងខ្មៅលាយសប្រឡាក់ ឈាមចំនួន១, ភួយពណ៌ផ្កាឈូក ១, កន្សែងពណ៌ក្រហមប្រលាក់ឈាម១, ខ្នើយពណ៌គ្របមុខជនរងគ្រោះ១, កម្រាល ពូកពណ៌ផ្កាឈូកប្រលាក់ឈាម, ខោ ទ្រនាប់ពណ៌ក្រហម, វ៉ែនតា១, ស្រោម អនាម័យចំនួន២មិនទាន់ប្រើប្រាស់, ច្រាស ដុសធ្មេញចំនួន២មិនទាន់ប្រើ, សាប៊ូ២ដុំ,​ទឹកសុទ្ធ១ដប, វិទ្យុទាក់ទង១គ្រឿង ម៉ាក ម៉ូតូរ៉ូឡា, ខោជើងវែងពណ៌ត្រីអីុ និងអាវ យឺតដៃវែង ពណ៌សខ្មៅលាយខៀវ, អាវ វាលក្លៀកដៃខ្លី ពណ៌ខ្មៅ, ស្រោមជើង មនុស្សស្រី១គូ ពណ៌ខ្មៅ, មួកសុវត្ថិភាព​ចំនួន១, ខ្សែកលោហធាតុពណ៌លឿងមាន បន្តោង១ខ្សែ, ស្រោមជើងពណ៌ខ្មៅ១គូ, ស្បែកជើង, នាឡិកាដៃ និងខ្សែចង្កេះប្រាក់ ១ខ្សែផងដែរ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ ឈ្មោះ ចែម ប៊ុនធី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកមើលការខុសត្រូវផ្ទះសំណាក់យីហោសំណាងណាស់បានឲ្យដឹងថា នៅ មុនពេលកើតហេតុ គឺក្នុងថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៨ នៅម៉ោង១២និង១៥ នាទីថ្ងៃត្រង់ ជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកចូលផ្ទះ សំណាក់ស្នាក់នៅមួយពេលដោយបាន ដឹកនារីជាសង្សារម្នាក់មកជាមួយផងដែរ រួចចូលដេកក្នុងបន្ទប់លេខ១១ ។ លុះ ប្រហែលម៉ោង១និង៤៣នាទីរសៀល ឈ្មោះ ចាន់ សុខនីម ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមើលការខុសត្រូវផ្ទះសំណាក់បាន ឃើញនារីជាសង្សាររបស់ជនរងគ្រោះ ដែលមកជាមួយគ្នានោះបានចេញក្រៅ បន្ទប់ ហើយអង្គុយលើម៉ូតូរបស់ជន រងគ្រោះដោយនិយាយទូរស័ព្ទថា ម្តេចអត់ ស្គាល់កន្លែងនេះអ៊ីចឹង? ចាំខ្ញុំចេញទៅ យក! ភ្លាមនោះនារីសង្សារក៏ជិះម៉ូតូចេញ ទៅក្រៅបាត់ទៅដោយមិនឃើញត្រឡប់ មកវិញនោះទេ ។

ប្រភពដដែលបានបន្ដទៀតថា លុះ ដល់ម៉ោងប្រមាណ៦ល្ងាច ថ្ងៃខែឆ្នាំដដែល ដោយមានការសង្ស័យមិនឃើញនារីជា សង្សារត្រឡប់មកវិញ ឈ្មោះ ចាន់ សុខនីម ក៏ដើរទៅមើលបន្ទប់លេខ១១ក៏ឃើញទ្វារ បន្ទប់ហើបបន្តិច ហើយឃើញនៅក្នុងបន្ទប់ មានសភាពរញ៉េរញ៉ៃនិងឃើញបុរសម្នាក់ ដេកស្លាប់លើគ្រែដោយមានប្រឡាក់ ឈាម។ ភ្លាមនោះឈ្មោះ ចាន់ សុខនីម ក៏ រត់ទៅប្រាប់ប្ដីថាមានមនុស្សស្លាប់ក្នុងបន្ទប់ លេខ១១ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល រួចបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីមក ពិនិត្យសាកសព ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយ ពីបានទទួលបានព័ត៌មានករណីឃាតកម្ម ភ្លាមនោះក៏ចុះមកធ្វើអន្ដរាគមន៍ និងរាយ ការណ៍ទៅនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្ដ កណ្ដាលមកពិនិត្យឃើញថាសាកសពមាន ស្នាមចាក់នឹងកាំបិតចុងស្រួចចំនួន១៧ កន្លែងត្រង់ក្បាលពោះជម្រៅដល់ក្នុង២ សង់ទីម៉ែត្រ, នៅចង្អុលដៃស្ដាំសពមាន ដាច់មុតមួយកន្លែង, ត្រង់ខ្នងដៃខាងឆ្វេង មានមុតទំហំបីសង់ទីម៉ែត្រជម្រៅដល់ឆ្អឹង, ថ្លើមដៃខាងឆ្វេងមុតទំហំ៣សង់ទីម៉ែត្រ ជម្រៅដល់ឆ្អឹង, ភ្លៅខាងស្ដាំមុតមួយកន្លែង ផងដែរ ។

ចំពោះករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងកសាងសំណុំ រឿងស្រាវជ្រាវស្វែងរកឃាតក ដែលចាក់ សម្លាប់ជនរងគ្រោះដើម្បីចាត់ការតាមនីតិ វិធីច្បាប់ ។ ចំណែកឯសាកសពជនរង គ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅ ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕ ស្អាងជ័យ


ចែករំលែក៖