ភ្នំពេញ៖ កញ្ញា កឹម សម្មាធីតា កូនស្រីរបស់លោកកឹម សុខា រួមទាំងមនុស្សជំនិតលោកកឹម សុខា មួយចំនួនទៀត បានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះការលើកឡើងរបស់លោក សម រង្សុី កាលពីថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ដែល បានចាត់ទុកថា ការប្រកាសជំហររបស់លោក កឹម សុខា ក្នុងការមិនគាំទ្រ និងចូលរួមជាមួយនឹង «ចលនាសង្គ្រោះជាតិ» គឺធ្វើឡើងដោយ ការភ័យខ្លាច ។
នៅលើហ្វេសប៊ុករបស់កញ្ញា កឹម សម្មាធីតា ដែលបង្ហោះកាលពីយប់ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៨ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុង នាមក្រុមគ្រួសាររបស់លោក កឹម សុខា នាងខ្ញុំសូមបញ្ជាក់ថា រាល់ការសម្រេចចិត្ត របស់ឪពុកនាងខ្ញុំគឺធ្វើឡើងដោយឆន្ទៈ របស់លោក។ រូបលោកពុំដែលសម្រេចចិត្ត អ្វីមួយដែលផ្ទុយពីឆន្ទៈលោកដោយហេតុថាខ្លាចពីសុវត្ថិភាពឡើយ។ បើលោកចេះ ក្បត់ឆន្ទៈខ្លួនដើម្បីការពារសុវត្ថិភាពខ្លួននោះលោកក៏មិននៅតស៊ូក្នុងស្រុកទាំង ដែលដឹងថាគេមានបំណងចាប់ខ្លួនរូប លោកដែរ» ។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ លោក កឹម សុខា អតីតប្រធានគណបក្ស សង្គ្រោះជាតិដែលបានឃុំខ្លួននៅពន្ធនាគារ ត្រពាំងប្លុងប្រកាសពីជំហររបស់លោក តាមរយៈលោកមេធាវី ផែង ហេង បានឱ្យ ដឹងថា លោកមិនគាំទ្រនិងចូលរួមជាមួយ ចលនាសង្គ្រោះជាតិដែលបង្កើតឡើងដោយ លោក សម រង្សុី នោះទេ ហើយលោក បញ្ជាក់ប្រាប់សាធារណជនថា លោកនឹងនៅជាមួយប្រជាពលរដ្ឋដែលបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិជារៀងរហូត ។
ឆ្លើយតបនឹងការប្រកាសជំហរនេះ លោក សម រង្សុី បានបង្ហាញសារប្រតិកម្មភ្លាមៗនៅលើបណ្តាញសង្គមហ្វេសប៊ុក។ លើហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ថ្ងៃ ទី២០ ខែមករា ឆ្នាំ២០១៨នោះលោកសម រង្សុី បានហៅការប្រកាសជំហររបស់លោក កឹម សុខា បែបនេះថា ធ្វើឡើងដោយការ ភ័យខ្លាច ។
លោក សម រង្សុី បានបញ្ជាក់យ៉ាងដូច្នេះ ថា «ដោយសារតែលោកប្រធាន កឹម សុខា ស្ថិតក្នុងកណ្តាប់ដៃលោក ហ៊ុន សែន លោក កឹម សុខា មិនអាចប្រកាសថា លោកគាំទ្រ ចលនាសង្គ្រោះជាតិបានទេពីព្រោះចលនានេះមានគោលដៅបើកផ្លូវឲ្យគណបក្ស សង្គ្រោះជាតិចូលរួមក្នុងការបោះឆ្នោតឆ្នាំ ២០១៨នេះហើយដណ្តើមយកជ័យជម្នះលើគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន។ បើលោក កឹម សុខា ប្រកាសគាំទ្រចលនាសង្គ្រោះជាតិច្បាស់ជាលោក ហ៊ុន សែន នឹងធ្វើបាបលោក កឹម សុខា រឹតតែខ្លាំងថែមទៀត» ។
កញ្ញា កឹម សម្មាធីតា បានចាត់ទុកថា ការលើកឡើងរបស់លោក សម រង្សុី នេះគឺមានចេតនាបរិហារកេរ្តិ៍ឪពុករបស់នាង។ កញ្ញាបានសំណូមពរថា «នាងខ្ញុំសូម សំណូមពរឲ្យបញ្ឈប់នូវការបរិហារកេរ្តិ៍មកលើឪពុកនាងខ្ញុំដោយការប្រើពាក្យថា ការសម្រេចចិត្តរបស់លោកដោយសារលោកខ្លាចពីសុវត្ថិភាពរបស់ខ្លួន» ។
សូមបញ្ជាក់ថា រឿងចម្រូងចម្រាសផ្ទៃ ក្នុងនៃអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានកើតឡើងជាបន្តបន្ទាប់ក្រោយ ពេលលោក សម រង្សុី រួមទាំងបក្ខពួករបស់លោកមួយចំនួនទៀតបង្កើតចលនាថ្មីមួយឈ្មោះ «ចលនាសង្គ្រោះជាតិ»កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៨។ ចលនាថ្មីនេះ ត្រូវបានលោក សម រង្សុី អះអាងថា បង្កើតឡើងដើម្បីចូលរួមស្តារប្រជាធិបតេយ្យនៅកម្ពុជាទាមទារឱ្យដោះលែងលោក កឹម សុខា រួមទាំងទាមទារឱ្យអតីតគណបក្ស សង្គ្រោះជាតិអាចចូលរួមការបោះឆ្នោត ខាងមុខនេះឡើងវិញ ។
ក្រុម កឹម សុខា និយម បានចាត់ទុកថាចលនានេះនឹងបន្ថែមបន្ទុកទោសដល់ លោក កឹម សុខា ដែលកំពុងជាប់ចោទពាក់ ព័ន្ធនឹងអំពើក្បត់ជាតិនៅកម្ពុជា។ ចំណែក គណបក្សប្រជាជនកម្ពុជាបានចាត់ទុកថា ចលនានេះជាក្រុមឧទ្ទាមដែលច្បាប់មិន អនុញ្ញាតឡើយ ៕ ហេង សូរិយា