ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយមួយរយៈពេលស្ងប់ស្ងាត់ តំបន់ភាគខាងត្បូងថៃរងការផ្ទុះគ្រាប់បែកបណ្តាលឲ្យស្លាប់និងរបួសជិត២០នាក់

ចែករំលែក៖

ក្រោយមួយរយៈពេលស្ងប់ស្ងាត់ គឺចាប់តាំងពីអតីតព្រះមហាក្សត្រថៃចូលទិវង្គត តំបន់ភាគខាងត្បូងប្រទេសថៃមិនសូវមានការវាយប្រហារកើតឡើងនោះឡើយ។ ប៉ុន្តែនៅពេលនេះ ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកបានកើតឡើង នៅតំបន់នេះសាជាថ្មីបង្កក្តីបារម្ភនៅពេលដែលថៃកំពុងតែរៀបចំការបោះឆ្នោត ជ្រើសរើសមេដឹកនាំ។

សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី២២ ខែមករា ដោយដកស្រង់ការប្រកាសរបស់អាជ្ញាធរថៃបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់ និង១៨នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកបង្កៃនៅនឹងម៉ូតូ១គ្រឿង កាលពីព្រឹកថ្ងៃចន្ទ នៅក្នុងផ្សារមួយកន្លែងស្ថិតក្នុងខេត្តយ៉ាឡា (Yala) នៃភាគខាងត្បូងប្រទេសថៃ។

ក្រុមសន្តិសុខនៅក្នុងតំបន់បានឲ្យដឹងថា ក្រុមឧក្រិដ្ឋជនបានបង្កៃគ្រាប់បែកនៅលើម៉ូតូ១គ្រឿង ហើយយកវាទៅប្លុងចោលនៅក្បែរផ្សារ ដោយកម្លាំងផ្ទុះរបស់វាបានបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ ប៉ុន្តែមិនមានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ខណៈមនុស្ស១៨នាក់បានរងរបួស។

ខេត្តចំនួន៣ មានណារ៉ាត់ធីវ៉ាត់ (Narathiwat), ផាត់តានី (Pattani) និងខេត្ត Yalaនៃភាគខាងត្បូងប្រទេសថៃ គឺជាជម្រករបស់ក្រុមជនជាតិភាគតិចម៉ាឡេ ដែលកំពុងប្រយុទ្ធដើម្បីស្វ័យភាព ស្របពេលអំពើហិង្សាបានផ្ដាច់យកអាយុជីវិតមនុស្សច្រើនជាង ៦,០០០នាក់ គិតចាប់តាំងពីឆ្នាំ២០០៤មក៕ ម៉ែវ សាធី


ចែករំលែក៖