ព័ត៌មានទាន់ហេតុការណ៍៖

ផឹកអស់មួយកេះគិតលុយអស់១៩០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បុរស៤នាក់បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងខារ៉ាអូខេមួយកន្លែងដែលមានយីហោសែនរីករាយ នៅតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ ដោយហៅបៀរមកផឹកចំនួន១កេះ ខណៈផឹកចប់ស្រាប់តែគិតលុយអស់ចំនួន១៩០ដុល្លារ ទើបនាំគ្នាឆោឡោបង្កកាភ្ញាក់ផ្អើល កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់មានគ្នាចំនួន៤នាក់ បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងខារ៉ាអូខេខាងលើ ដោយហៅស្រាបៀរចំនួនមួយកេះផឹកស៊ីច្រៀងលេងកំសាន្ត ខណៈដល់ម៉ោងក៏ហៅគិតលុយ ស្រាប់តែចេញបុងមកសរុបលុយអស់ចំនួន១៩០ដុល្លារ ដោយសារតែអស់ថ្លៃពេក ទើបនាំគ្នាឆោឡោឡើងថា គិតលុយលើសចំនួន និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកសួរនាំ ។

សាក្សីដដែលបានបន្តថា ភ្លាមនោះសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងសួរនាំស្រាប់តែបុរសម្នាក់អះអាងថា ខ្លួនជាម្ចាស់ហាបានស្រែកគំរាមទាំងសមត្ថកិច្ចទៀតផង ។ បន្ទាប់មកជនរងគ្រោះបានសម្រួលគ្នាជាមួយនឹងថៅកែហាងដោយគិតលុយត្រឹមតែ១០០ដុល្លារដើម្បីបញ្ជប់រឿងនៅកន្លែងកើតហេតុហើយជនរងគ្រោះ ក៏បានចេញទៅផ្ទះរៀងៗខ្លួនផងដែរ។

គួរបញ្ជាក់ថា ទីតាំងខាងលើតែងតែមានរឿងជាច្រើនលើកច្រើនសាមកហើយតែហេតុអីបានជាអាជ្ញាធរមូលដ្ឋានមិនដែលចុះមកហាមឃាត់ឬក៏ផ្អាកអាជីវកម្មទីតាំងខាងលើសោះឬមួយក៏មានខ្នងធំនៅខាងក្រោយ។

ជាពិសេសបុគ្គលិសតែងតែដេញចាប់ម៉ូយតាមដងផ្លួវយ៉ាងអនាធិបតេយ្យ។ ចាំមើលតើលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នឹងមានវិធានការយ៉ាងណាចំពោះទីតាំងខាងលើនេះ៕ សុខាសែនជ័យ


ចែករំលែក៖