ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច សាយ ឈុំ អញ្ជើញដឹកនាំសម័យប្រជុំ លើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៨:០០នាទី នៅវិមានព្រឹទ្ធសភា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើទី១១ នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកាសមាជិកព្រឹទ្ធសភា វត្តមានចំនួន៥០រូប។

សម័យប្រជុំបានដំណើរការតាមរបៀបវារៈតែមួយគត់គឺ ៖ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌ័ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។

តំណាងរាជរដ្ឋាភិបាល ដែលបានអញ្ជើញមកបំភ្លឺសេចក្តីព្រាងច្បាប់ខាងលើដឹកនាំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញចំនួន០៦រូប។

បន្ទាប់ពីបានស្តាប់លោក គង់ សារាជ ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ និងទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (គ៩) រាយការណ៍ ពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ និងក្រោយពីបានស្តាប់ការពិភាក្សាផ្តល់យោបល់អង្គប្រជុំ និងស្តាប់ការបំភ្លឺពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អង្គព្រឹទ្ធសភាក៏បានអនុម័ត(៤៩សម្លេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល)យល់ព្រមដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់លើខ្លឹមសារទាំងមូលនៃសេចក្តីព្រាងច្បាប់ ៕


ចែករំលែក៖