ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស្លូតត្រង់ជាច្រើនស្លាប់ដោយការវាយប្រហាររបស់ទួរគីនៅតំបន់ Afrin ប្រទេសស៊ីរី

ចែករំលែក៖

កម្លាំងទាហានទួរគីបានបើកការវាយប្រហារដោយថ្មើរជើងទៅលើតំបន់ដែលជនជាតិឃើដគ្រប់គ្រង ស្ថិតនៅភាគខាងជើងប្រទេសស៊ីរី បានទទួលរងការរិះគន់យ៉ាងខ្លាំង។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា មានពលរដ្ឋស្លូតត្រង់ជាច្រើននាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់ទួរគី កាលពីថ្ងៃទី២១ ខែមករា។ ក្រុមសកម្មជនសិទ្ធិមនុស្សបានឲ្យដឹងថា មានពលរដ្ឋ១១នាក់ស្លាប់ ក្នុងនោះមានស្ត្រី និងកុមារ៦នាក់ និង១៦នាក់ផ្សេងទៀតរងរបួស។

នៅពេលនេះដែរ កម្លាំងទាហានទួរគីក៏រងការខូចខាតជាច្រើនផងដែរ ដោយកម្លាំងក្រុមជនជាតិឃើដបានប្រើប្រាស់មីស៊ីល ATGM វាយប្រហារកម្ទេចរថក្រោះរបស់ទួរគី។ ក្នុងរយៈពេល១ថ្ងៃ នាថ្ងៃទី២១ ខែមករា កម្លាំងក្រុមជនជាតិឃើដបានកម្ទេចរថក្រោះទួរគី៥គ្រឿង។

តាមសារព័ត៌មាន ANF កម្លាំងទាហានជនជាតិឃើដបានបំផ្លាញរថក្រោះ៥គ្រឿង ក្នុងនោះមាន២គ្រឿងត្រូវបានបំផ្លាញនៅក្នុងតំបន់ Diqmetash ចំណែក៣គ្រឿងផ្សេងទៀត វាយកម្ទេចនៅក្នុងតំបន់ Tel Rifat។

ការវាយប្រហារខាងលើធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសស៊ីរីកាន់តែតានតឹងខ្លាំងឡើងនៅពេលដែលសន្តិភាពនៅក្នុងប្រទេសស៊ីរីមិនទាន់បានសម្រេចផងដែរ។ កន្លងមករដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ីបានជួបពិភាក្សាគ្នា ស្វែងរកសន្តិភាពនៅក្នុងប្រទេសស៊ីរី។ នៅពេលនេះដែរ អាចនិយាយបានថា សង្គ្រាមប្រឆាំងក្រុមភេរវកម្ម IS បានចប់ហើយ នៅតែវិវាទផ្ទៃក្នុងរវាងក្រុមទាហានប្រឆាំងដែលគាំទ្រដោយអាមេរិក និងរដ្ឋាភិបាលស៊ីរីគាំទ្រដោយរុស្ស៊ី។

នៅពេលនេះដែរ អាមេរិកបានអំពាវនាវដល់ប្រទេសទួរគីបន្ធូរដៃ និងអត់ធ្មត់ កុំបង្ករឿងឲ្យកាន់តែខ្លាំងជាងនេះនៅក្នុងទឹកដីស៊ីរី ដើម្បីបញ្ចៀសកុំឲ្យមានជនស៊ីវិលរងគ្រោះច្រើន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។

ក្រសួងការបរទេសអាមេរិក បានអំពាវនាវឲ្យទួរគីបន្តមានដែនកំណត់នៅលើវិសាលភាព និងថិរវេលានៃប្រតិបត្តិការយោធារបស់ខ្លួន ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីបញ្ជៀសការបាត់បង់ជីវិត និងរងរបួសនៃប្រជាជនស៊ីវិលស្លូតត្រង់។ ដោយបានគូសបញ្ជាក់អំពីកិច្ចពិភាក្សាគ្នារវាងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធីលល័រសុន និងសមភាគីទួរគី ក៏ដូចជារុស្ស៊ី ស្តីពីស្ថានការណ៍នៅភាគពាយ័ព្យស៊ីរី អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauertបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញក្តីព្រួយបារម្ភរួចមកហើយ អំពីស្ថានភាពនៅក្នុងតំបន់ ជាពិសេសនោះ គឺជនស៊ីវិលស្លូតត្រង់ ដែលបច្ចុប្បន្នត្រូវប្រឈមមុខនឹងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក។

គួរជម្រាបថា ទួរគីបានបើកប្រតិបត្តិការខាងលើ ដែលមានឈ្មោះថា Operation Olive Branch ដោយមានការវាយលុកតាមផ្លូវអាកាស និងការផ្លោងគ្រាប់យ៉ាងចាស់ដៃជាទីបំផុត ដើម្បីបោសសម្អាតក្រុមប្រដាប់អាវុធឃើដ YPG ចេញពីតំបន់ Afrin របស់ស៊ីរី ដែលទីក្រុងអង់ការ៉ាចាត់ទុកថា គឺជាក្រុមភេរវករមានទំនាក់ទំនងនឹងគណបក្សពលករឃើដ PKK នៅទួរគី។

បន្ថែមពីខាងលើនេះ ទួរគីក៏ធ្លាប់បានបញ្ជាក់ហើយថា ខ្លួនបានជូនដំណឹង ក៏ដូចជាស្នើដល់ទីក្រុងដាម៉ាសរួចជាស្រេច ប៉ុន្តែរដ្ឋាភិបាលស៊ីរីបានទាត់សំណើនេះចោល និងថ្កោលទោសធ្ងន់ៗទៅលើប្រតិបត្តិការទួរគីថា ជាការឈ្លានពានសុទ្ធសាធ។ បើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ជនស៊ីវិលយ៉ាងតិច១៨នាក់បានបាត់បង់ជីវិត ដោយគ្រាន់តែប្រតិបត្តិការយោធាទ្រង់ទ្រាយធំនេះ ចាប់ផ្តើមបានតែបន្តិចប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖