គ្រោះរញ្ជួយដីបានវាយប្រហារ រដ្ឋអាឡា ស្កាសហរដ្ឋអាមេរិក ដោយមានកម្រិតរញ្ជួយរហូតដល់ទៅ៨រិុចទ័រ។ ប៉ុន្តែការរញ្ជួយដី មិនបណ្តាលឲ្យខូចខាតជាទ្រង់ទ្រាយធំ ដូចរលកយក្សស៊ូណាមិនោះឡើយ។
ពេលដំបូងដែលចាប់ផ្តើមរញ្ជួយដីគឺមានការប្រកាសអាសន្ន ពីរលកយក្ស ស៊ូណាមិ នៅតំបន់ឆ្នេរសមុទ្រជិតកន្លែងរងការរញ្ជួយដី ប៉ុន្តែការប្រកាសពីរលកយក្សស៊ូណាមិ ត្រូវបានដកចេញវិញនៅប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីពុំមានសេចក្តីរាយ ការណ៍អំពីសញ្ញានៃរលកធំៗ ដែលអាច បង្កជាការគំរាមកំហែង ឬក៏នាំឲ្យមានការ បំផ្លិចបំផ្លាញ-ខូចខាត ព្រមទាំងមនុស្សរងគ្រោះ ដោយសារតែគ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ ៧.៩រ៉ិចទ័រ (បន្ថយពី៨.១ និង ៨.០រ៉ិចទ័រ) ដែលបានវាយប្រហារដែន សមុទ្រភាគខាងត្បូង នៃរដ្ឋអាឡាស្កា (Alaska) កាលពីល្ងាចថ្ងៃអង្គារ ទី២៣ ខែមករា ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ ២០១៨។
ការប្រកាសលុបចោលខាងលើ ត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលឃ្លាំមើល និង ព្រមានពីរលកយក្សស៊ូណាមិជាតិ របស់ សហរដ្ឋអាមេរិក តាមរយៈការបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter។ សារព្រមានពីរលកយក្ស ត្រូវបាន ដាក់ចេញភ្លាមៗ ក្រោយពីគ្រោះរញ្ជួយ ដីខាងលើ បានវាយប្រហារនៅចម្ងាយ ប្រមាណ ២៩០គីឡូម៉ែត្រ ភាគអាគ្នេយ៍ នៃទីក្រុង Kodiak ក្នុងឈូងសមុទ្រនៃរដ្ឋអាឡាស្កា។
គួរជម្រាបថា បើតាមទីភ្នាក់ងារភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយដីខាង លើ ត្រូវបានគេវាស់ស្ទង់ថា មានជម្រៅ ប្រហែល ២៥គីឡូម៉ែត្រ ក្រោមបាតសមុទ្រ ហើយត្រូវបានគេទម្លាក់កម្រិតរ៉ិចទ័រពីខ្ទង់ ៨.០រ៉ិចទ័រ មកនៅត្រឹម ៧.៩រ៉ិចទ័រវិញ។ ហេតុការណ៍នេះមិនត្រឹមតែបង្កឲ្យមានការព្រមាន ពីរលកយក្សស៊ូណាមិ តែសម្រាប់ រដ្ឋអាឡាស្កាប៉ុណ្ណោះទេ តែសម្រាប់តាម បណ្តោយឆ្នេរភាគខាងលិចនៃសហរដ្ឋអាមេរិកទាំងមូល ដោយរួមទាំងរដ្ឋកាលីហ្វ័រនីញ៉ានៅភាគនិរតីប្រទេស ក៏រងនូវការ ព្រមានដូចគ្នាដែរ៕ ម៉ែវ សាធី