ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារគ្រាប់បែកបង្កៃក្នុងរថយន្តស្លាប់និងរបួសជិត៣០០នាក់នៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

ចំនួនអ្នកស្លាប់ដោយការវាយប្រហារគ្រាប់បែកបង្កៃនៅក្នុងរថយន្តកណ្តាល ទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ជាង១០០នាក់ និង១៥៨នាក់ទៀតរង របួស។

ការវាយប្រហារខាងលើ គឺក្រុមភេរវករបានប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ សម្រាប់បង្កែគ្រាប់បែក ហើយវាបានផ្ទុះនៅចំកណ្តាលទីក្រុងកាប៊ុល ដែលកំពុង មានមនុស្សយ៉ាងច្រើនកុះករនៅទីនោះ។ នេះជាការវាយប្រហារគ្រាប់បែកទ្រង់ ទ្រាយធំបំផុតមិនធ្លាប់មាន ជាច្រើនឆ្នាំ កន្លងមកនៅអាហ្វហ្គានីស្ថាន។ កន្លងមក ក៏មានការវាយប្រហារគ្រាប់បែកនៅក្នុង សណ្ឋាគារ ដែលមានជនបរទេសជាច្រើនមកពីលោកខាងលិច បណ្តាលឲ្យមនុស្ស ២២នាក់ស្លាប់។

សារព័ត៌មាន New York Times បាន ផ្សាយថា ចំនួនអ្នករងរបួសដោយការវាយប្រហារខាងលើ មានច្រើនណាស់ ធ្វើឲ្យ មន្ទីរពេទ្យនៅក្នុងតំបន់ខ្វះកន្លែងសម្រាក ព្យាបាល។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យ ពិនិត្យសាកសពកំពុងតែប្រញាប់ប្រញាល់កំណត់អត្តសញ្ញាណអ្នកស្លាប់ផងដែរ។

ចាប់តាំងពីអាមេរិកធ្វើសង្គ្រាមនៅក្នុងប្រទេសនេះរយៈពេល១៧ឆ្នាំកន្លងមក បណ្តាលឲ្យប្រទេសមួយនេះរងការខូច ខាតជាច្រើនទាំងអាយុជីវិត និងទ្រព្យ សម្បត្តិ។

តាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានបញ្ជាក់ ថា នៅក្នុងឆ្នាំ២០១៧កន្លងមក មានអ្នក ស្លាប់ជាច្រើន ក្នុងនោះកម្លាំងសន្តិសុខ ជាង១មឺុននាក់ត្រូវបានគេសម្លាប់ និង១៦ ពាន់នាក់រងរបួស។ ចំណែកភាគីតាលីបង់ ក៏រងការខូចខាតប្រហាក់ប្រហែលនឹង ចំនួនខាងលើនេះដែរ។

តាមការបញ្ជាក់របស់ក្រុមអ្នកវិភាគ បានឲ្យដឹងថា ការបង្កើនសកម្មភាពវាយ ប្រហារភេរវកម្មសម្លាប់មនុស្សជាច្រើន នាក់ខាងលើនេះ គឺជាប់ពាក់ព័ន្ធនឹងការ បង្កើនសកម្មភាពយោធារបស់អាមេរិកនៅអាហ្វហ្គានីស្ថាន។ ពាក់ព័ន្ធនឹងការវាយ ប្រហារកើនឡើងនៅអាហ្វហ្គានីស្ថាន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់ថា នឹងបង្កើនសកម្មភាពយោធា នៅទីនេះដើម្បីកម្ចាត់ក្រុមភេរវកម្ម។

ពាក់ព័ន្ធនឹងការវាយប្រហារខាងលើ អាជ្ញាធរអាហ្វហ្គានីស្ថានបានប្រកាសពី ការកាន់ទុក្ខរយៈពេល១ថ្ងៃ ខណៈចំនួន មនុស្សស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតយ៉ាងកក្រើកនៅរដ្ឋ ធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន នេះ ត្រូវបានគេជឿជាក់ថា កើនដល់ច្រើន ជាង១០០នាក់ និង១៥៨នាក់ទៀតរង របួសធ្ងន់-ស្រាល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅ ថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០១៨។

ការបំផ្ទុះគ្រាប់បែកខាងលើនេះ ត្រូវ បានប៉ូលិសទីក្រុងកាប៊ុលអះអាងថា ជា ការបំផ្ទុះអត្តឃាតដោយរថយន្តទៅលើ តំបន់ទីប្រជុំជនមួយកន្លែង ស្ថិតនៅជិត អគារចាស់នៃក្រសួងមហាផ្ទៃ អាហ្វហ្គានី ស្ថាន ដែលនៅមិនឆ្ងាយប៉ុន្មានពីការិយា ល័យសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសន្តិ សុខជាន់ខ្ពស់ ប្រចាំនៅប្រទេសអាស៊ី ខាងត្បូងមួយនេះឡើយ។ ចំណែកឯរដ្ឋា ភិបាលអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះ បានប្រកាសកាន់ទុក្ខ រយៈពេល១ថ្ងៃដល់ជនរងគ្រោះ ស្រប ពេលពិធីបុណ្យសពបានប្រព្រឹត្តទៅ ហើយមនុស្សជាច្រើនកំពុងស្វែងរកសាច់ញាតិ របស់ខ្លួនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា បើតាមមន្ត្រីអាហ្វហ្គានីស្ថានបញ្ជាក់ថា ក្រុមតាលីបង់ បានចេញ មុខទទួលខុសត្រូវលើការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ដែលជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស២២នាក់។

ពាក់ព័ន្ធនឹងការវាយប្រហារខាងលើ លោក Antonio Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ (UN) បានធ្វើ ការថ្កោលទោសយ៉ាងខ្លំាង ទៅលើអំពើ ភេរវកម្ម ដែលបានវាយប្រហារនៅភាគ កណ្តាលក្រុងកាប៊ុល បណ្តាលឲ្យស្លាប់ មនុស្សយ៉ាងច្រើន ហើយអាហ្វហ្គានីស្ថានត្រូវបានប្រកាសថា បង្កដោយក្រុមតាលីបង់។ នេះបើយោងតាមការថ្លែងឲ្យដឹងពីលោក Stephane Dujarric អ្នកនាំពាក្យរបស់ លោក Guterres។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែល បានចេញប្រកាសនៅក្រុង Addis Ababa ដែលជាកន្លែងប្រមុខ UN កំពុងចូលរួម ក្នុងកិច្ចប្រជុំកំពូល នៅសហភាពអាហ្វ្រិក ថា “ការវាយប្រហារដោយមិនរើសមុខ ប្រឆាំងនឹងក្រុមជនស៊ីវិល ជាអំពើហិង្សា ប្រឆាំងនឹងសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ស្តីអំពីមនុស្សជាតិ ហើយអាចវិនិច្ឆ័យបាន យ៉ាងច្បាស់។ អ្នកដែលទទួលខុសត្រូវ សម្រាប់ការវាយប្រហារនៅថ្ងៃនេះ ត្រូវតែនាំខ្លួនមកកាត់ទោសដោយយុត្តិធម៌”។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ មាន ខ្លឹមសារថា អគ្គលេខាធិការសូមសម្តែងក្តីសោកសង្រេង ដោយចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ទាំងអស់ និងសូមឲ្យអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយពីជំងឺ៕ ម៉ែវ សាធី

 


ចែករំលែក៖