ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង ចោទប្រកាន់អាមេរិកថាកំពុងតែ «កុហក»ពិភពលោកទាំងមូល

ចែករំលែក៖

កូរ៉េខាងជើងមិនបានសាកល្បង មីស៊ីល តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧មកទល់ពេល នេះ ហើយបានចូលរួមក្នុងកិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូង កាលពីខែមករាឆ្នាំ ២០១៧ ដែលជាកិច្ចពិភាក្សាដំបូងបំផុត រវាងកូរ៉េទាំងពីរក្រោយជាច្រើនឆ្នាំបាន លុបចោល។

សារព័ត៌មានរ៉យទ័របានផ្សាយថា អាមេ រិកនិងកូរ៉េខាងត្បូង បានត្រៀមលក្ខណៈ ធ្វើសមយុទ្ធរួម ក្រោយពេលដែលការប្រកួតកីឡាអូឡាំពិករដូវរងាបញ្ចប់។ សារព័ត៌ មានរ៉យទ័រ ក៏បានដកស្រង់ សម្តីរដ្ឋមន្ត្រី ក្រសួងការបរទេសកូរ៉េខាងជើង លោក Ri Yong Ho ដែលបានបញ្ជាក់ថា«ការធ្វើសមយុទ្ធរួមគឺ ជាឧបសគ្គនិងជាការគំរាមកំហែងដល់ឧបទ្វីបកូរ៉េ និង ជារនាំងរារាំងដល់ កិច្ចពិភាក្សា ឆ្ពោះទៅរកសន្តិភាព។ យើង កំពុងតែខិតខំដើម្បី កែប្រែទំនាក់ទំនងកូរ៉េទាំងពីរនៅពេលអនាគត់។ ប៉ុន្តែយើងមិនអាចទទួលយកសកម្មភាពបង្កសង្គ្រាមនិងប៉ះពាល់ដល់ទីក្រុងព្យុងយ៉ាងនោះឡើយ»។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអាមេរិក ទទួលបន្ទុកកូរ៉េខាងជើង លោក Joseph Yun បានបញ្ជាក់ថា គ្រប់ជម្រើសត្រូវបានត្រៀមលក្ខណៈដើម្បីដោះស្រាយវិបត្តិមិនមានកាំជ្រួចមីស៊ីលនៅកូរ៉េខាងជើង។ ប៉ុន្តែ លោកYun មិនបានគិតថារដ្ឋាភិបាលរបស់ប្រធានាធិបតីត្រាំ ត្រៀមលក្ខណៈ សម្រាប់ធ្វើសង្គ្រាមវាយប្រហារកូរ៉េខាង ជើងនោះឡើយ។

ចំណែក មន្ត្រីកូរ៉េខាងជើងវិញ បាន បញ្ជាក់ថា អាមេរិកកំពុងតែកុហកពិភព លោក តាមរយៈការប្រកាសថាទីក្រុងវ៉ាស៊ីនតោនជាអ្នកជំរុញឲ្យមានកិច្ចពិភាក្សារវាងកូរ៉េទាំងពីរ។ មន្ត្រីកូរ៉េខាងជើងបានបញ្ជាក់ថា«ការពិតគឺជា ការខិតខំដើម្បីសន្តិភាព និងស្ថិរភាព សហប្រតិបត្តិការដើម្បីឯក ភាពឧបទ្វីបកូរ៉េ ។ទាំងអស់នោះកើត ចេញពី ការស្នេហាជាតិរបស់មេដឹកនាំគីម ជុងអ៊ុន ។ ប៉ុន្តែរដ្ឋាភិបាលអាមេរិកបែរជា កុហកពិភពលោក ដោយបញ្ជាក់ថា ការ ពិភាក្សារវាងកូរ៉េទាំងពីរគឺជាលទ្ធផល នៃការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើកូរ៉េខាងជើង»។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong Ho) បានព្រមានថា បើសិនជាសហរដ្ឋអាមេរិក ដឹកនាំការធ្វើ សមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ក្រោយ ព្រឹត្តិការណ៍កីឡាអូឡាំពិក នោះទីក្រុងព្យុងយ៉ាងនឹងមិនអង្គុយនៅស្ងៀមឡើយ។

ថ្លែងនៅក្នុងលិខិតមួយផ្ញើជូនអង្គការសហប្រជាជាតិ លោក Ri Yong Ho បាន គូសបញ្ជាក់យ៉ាងដូច្នេះថា «មិនថានៅ ពេលណានោះទេ ឱ្យតែសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធារួមគ្នា នោះសនិ្តភាព និងសន្តិសុខនៅលើតំបន់ ឧបទ្វីបកូរ៉េនឹងត្រូវគំរាមធ្ងន់ធ្ងរ ហើយការ មិនទុកចិត្តគ្នានៃទំនាក់ទំនងអន្តរកូរ៉េ និង ការប្រឈមមុខគ្នា នឹងឈានដល់ចំណុច កំពូល រីឯផលវិបាក និងឧបសគ្គកាន់តែ មានច្រើនឡើងៗ សម្រាប់កិច្ចសន្ទនារវាងកូរ៉េទាំងពីរ ដូច្នេះយើងនឹងមិនអង្គុយនៅស្ងៀមឡើយ ចំពោះសកម្មភាពបំផ្លាញ ដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការស្ដារទំនាក់ទំនងអន្តរកូរ៉េ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េ ខាងត្បូង បានព្រមព្រៀងគ្នាពន្យារពេលការធ្វើសមយុទ្ធយោធារួមគ្នារហូតដល់ ព្រឹត្តិ ការណ៍កីឡាអូឡាំពិករដូវរងារក្នុងទីក្រុង PyongChang ប្រទេសកូរ៉េខាងត្បូង ដែល នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី៩ ខែកុម្ភៈខាងមុខ នេះបានបញ្ចប់៕ ម៉ែវ សាធី


ចែករំលែក៖