អាមេរិក មិនព្រមបន្ធូរបន្ថយដល់កូរ៉េ ខាងជើងឡើយបើទោះបី កូរ៉េខាងជើងបាន បន្ទន់ឥរិយាបថ បង្កើនទំនាក់ទំនងជាមួយកូរ៉េខាងត្បូងក្តី។ កន្លងមកថ្មីៗអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ផេន (Mike Pence) បានសន្យាថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តដាក់ទណ្ឌកម្មជាអតិបរមា ប្រឆាំង នឹងកូរ៉េខាងជើង ខណៈប្រជាជនកូរ៉េខាងត្បូងមួយចំនួនធំ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ រវាងទីក្រុងព្យុងយ៉ាង នឹងទីក្រុងសេអ៊ូល ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា បើទោះជាដឹងថា វាអាចជារឿងបណ្ដោះអាសន្នក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារ ព័ត៌មានចិន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។
តែទោះជាបែបនេះក្ដី លោក Mike Pence បែរជាប្រើប្រាស់ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ បញ្ជូនសារធ្ងន់ធ្ងរពាក់ព័ន្ធនឹង កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងទៅវិញ។ «ជាការរួមគ្នាជាមួយជប៉ុន និងសម្ពន្ធមិត្ត របស់យើងដទៃទៀត ទុកឱ្យពិភពលោក ដឹងពីរឿងមួយនេះថា យើងនឹងបន្តបង្កើន ការដាក់ទណ្ឌកម្ម ជាអតិបរមាជាយុទ្ធនា ការដាក់សម្ពាធរហូតទាល់តែកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរ»។ នេះគឺ ជាការគូសបញ្ជាក់របស់ លោក Pence នាឱកាសបំពេញទស្សនកិច្ចក្នុងទីក្រុងតូក្យូ មុននឹងដឹកនាំប្រតិភូកីឡា អាមេរិកទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុង PyeongChang។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងនឹងបញ្ជូនប្អូនស្រីរបស់លោក គីម ជុងអ៊ុន មកកាន់កូរ៉េខាងត្បូង ហើយនេះ នឹងក្លាយជាលើកដំបូងបំផុត ដែលមន្ត្រីជាន់ខ្ពស់សែស្រឡាយគ្រួសារត្រកូលគីម ធ្វើ ដំណើរមកជាន់កូរ៉េខាងត្បូង ក្នុងរយៈពេល រាប់សិបឆ្នាំមកនេះ។
អាមេរិកនិងកូរ៉េខាងជើង ប្រឈមមុខ ដាក់គ្នាយ៉ាងតានតឹង ដោយកូរ៉េខាងជើងបានប្រមានពីការធ្វើសមយុទ្ធរួម ក្រោយ ការប្រកួតកីឡា អូឡាំពិករដូវរងាកូរ៉េ ខាងត្បូង។ ក្រុមអ្នកវិភាគបានលើកឡើង ថា ក្រោយការប្រកួតកីឡា ស្ថានភាពនៅ ឧបទ្វីបកូរ៉េនឹងតានតឹងជាថ្មីហើយខ្លាំង ជាងមុនទៀត។
នៅក្នុងកិច្ចប្រជុំ ស្តីពីការលុបបំបាត់ បរមាណូ ដែលបានធ្វើឡើងកាលពីថ្ងៃទី៦ខែកុម្ភៈកន្លងមកថ្មីៗនៅទីក្រុងហ្សឺណែវ ប្រទេសស្វុីស អាមេរិកបានចោទប្រកាន់ កូរ៉េខាងជើង កំពុងពង្រីកកម្មវិធីបរមាណូ ក្នុងគោលដៅគំរាមកំហែងដល់ប្រទេស ផ្សេងទៀត។
ឧបការី ទទួលបន្ទុកបរមាណូរបស់ អាមេរិកលោក Robert Wood បានព្រមាន ថា អាវុធបរមាណូរបស់កូរ៉េខាងជើង ចាំ បាច់ត្រូវតែលុបបំបាត់ទាំងស្រុង បើអូស បន្លាយពេលវេលាប៉ុន្មានខែទៀត មីស៊ីល របស់កូរ៉េខាងជើង អាចបំពាក់ក្បាលគ្រាប់ បរមាណូ វាយប្រហារគ្រប់ទិសទីនៅទឹកដីអាមេរិក។
ការប្រកាសរបស់អាមេរិក ធ្វើឲ្យអ្នក អានសង្ស័យពីគម្រោងវាយប្រហាររបស់អាមេរិកទៅលើកូរ៉េខាងជើងក្នុងពេលដ៏ខ្លីខាងមុខ។ ជប៉ុនដែលជាសម្ពន្ធមិត្តរបស់អាមេរិកដូចជាបានដឹងរឿងរ៉ាវនេះ ទើប ចាត់វិធានការចាំបាច់ សម្រាប់ជម្លៀសពល រដ្ឋជប៉ុន ចេញពីកូរ៉េខាងត្បូង។
ជប៉ុននឹងជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីកូរ៉េខាងត្បូងៈ
នៅថ្ងៃទី៩ខែកុម្ភៈ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ នឹងស្នើដល់ កូរ៉េខាងត្បូង ជួយក្នុងការជម្លៀសពលរដ្ឋជប៉ុនចេញពី កូរ៉េខាងត្បូង នៅពេលមានហេតុការណ៍ អាសន្នកើតឡើងនៅឧបទ្វីបកូរ៉េ។
តាមប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន ដែលសារព័ត៌មាន Japan Times បានផ្សាយ ថា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង រយៈពេល២ថ្ងៃ នៅថ្ងៃទី ៩ខែកុម្ភៈ ខាងមុខ លោកអាបេ នឹងស្នើដល់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអីុនគាំទ្រដល់ គម្រោង ជម្លៀសពលរដ្ឋចេញពីកូរ៉េខាង ត្បូងនៅពេលចាំបាច់។
ប្រភពព័ត៌មានផ្សាយថា ការសម្រេចខាងលើបានបង្ហាញយ៉ាងច្បាស់ថា ជប៉ុន ពិតជាព្រួយបារម្ភ ពីសង្គ្រាមដែលអាច កើតឡើង រវាងអាមេរិកនឹងកូរ៉េខាងជើង ក្រោយ ការប្រកួតកីឡា អូឡាំពិករដូវរងាឆ្នាំ២០១៨នៅទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។
បើទោះបីភាពតានតឹងបានបន្ថយកម្តៅនៅមុនការប្រកួតកីឡា ប៉ុន្តែនៅមានពាក្យចចាមអារ៉ាមនៅក្នុងជួររដ្ឋាភិបាលជប៉ុន ថាកូរ៉េខាងជើង នឹងមានសកម្មភាពយោធា ក្នុងពេលដែល អាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធរួម ក្រោយការប្រកួតអូឡាំពិក ដែលនឹងបញ្ចប់ នៅថ្ងៃទី១៨ខែមីនា។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង និង ជប៉ុន នឹងជួបពិភាក្សាគ្នា បន្ទាប់ពីការបើកប្រកួតកីឡាអូឡាំពិកនៅថ្ងៃទី៩ខែកុម្ភៈ ។ តាម គម្រោង មេដឹកនាំទាំងពីរ នឹងជួបពិភាក្សាគ្នារយៈពេល៤៥នាទីនៅក្នុងសណ្ឋាគារនៅជិតពហុកីឡដ្ឋាន។
កាលពីពេលកន្លងមក នាយករដ្ឋមន្ត្រី ជប៉ុនស៊ីនហ្សូ អាបេ បានស្នើគណកម្មការ មូលនិធិសភា ចំណាយដើម្បីសុវត្ថិភាព ពលរដ្ឋ និងស្នើដល់កូរ៉េខាងត្បូងសហការ ដើម្បីជម្លៀសពលរដ្ឋជប៉ុន ពេលមានហេតុ ការណ៍បន្ទាន់។
ចិនបញ្ជូនអាវុធនិងទាហាន ៣០ពាន់នាក់ទៅកាន់ព្រំដែនកូរ៉េខាងជើងៈ
សារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo បានផ្សាយថា កម្លាំងទាហាន ចិន PLA បានដាក់ពង្រាយនៅព្រំដែនជាប់កូរ៉េខាងជើង រហូតដល់ទៅ ៣មឺុននាក់ និង អាវុធទំនើបៗជាច្រើន ជាការត្រៀម លក្ខណៈសម្រាប់ទប់ទល់នឹងហេតុការណ៍អាក្រក់កើតឡើង។ ប្រព័ន្ធមីស៊ីលការពារដែនអាកាសក៏បានបញ្ជូនទៅកាន់ទីនោះដែរ ។
សារព័ត៌មាន Daily NK ក៏បានផ្សាយថា មានរថយន្តដឹកជញ្ជូនយោធា រាប់រយគ្រឿងត្រូវបានគេប្រទះឃើញនៅតំបន់ជិតព្រំដែនកូរ៉េខាងជើងផងដែរ។ សារព័ត៌មានខាង លើបានបញ្ជាក់ទៀតថា ពលរដ្ឋនៅក្នុង តំបន់ ក៏បានបញ្ជាក់ ពីចំនួនទាហានយ៉ាងច្រើននៅក្នុងតំបន់ដែលខ្លួនរស់នៅ ។ ក្បួនរថយន្តដឹកយោធា ធ្វើដំណើរតែ ពេលយប់ប៉ុណ្ណោះ ដើម្បីបញ្ចៀសការចាប់ អារម្មណ៍។
ប៉ុន្តែរដ្ឋាភិបាលចិនបានច្រានចោល ព័ត៌មានខាងលើដោយបញ្ជាក់ថាមិនមែនជាការពិតឡើយ។
សកម្មភាពរបស់ អាមេរិក-ចិន និង ជប៉ុន បានបង្កឲ្យមានការសង្ស័យ ពីការវាយប្រហារទៅលើកូរ៉េខាងជើងរបស់អាមេរិក បើទោះបី ទំនាក់ទំនងរវាងកូរ៉េខាងជើង នឹងកូរ៉េខាងត្បូង មានភាពល្អប្រសើរក្តី៕ ម៉ែវ សាធី