ខេត្តឧត្តរមានជ័យ៖ នៅម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីអគ្គិភ័យបានឆាបឆេះតូបលក់ឥវ៉ាន់ចាបហួយ១កន្លែង ស្ថិតនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បណ្តាលឲ្យស្លាប់មនុស្ស៣នាក់យ៉ាងរន្ធត់ជាទីបំផុត ។
សមត្ថកិច្ចបានឲ្យកាសែតនគរវត្តដឹងថា ជនរងគ្រោះ ឈ្មោះ ថង់ ហូវ ភេទស្រី អាយុ៤២ឆ្នាំ, ឈ្មោះ ចាន់ លីហ្សា ភេទ ស្រី អាយុ១៣ឆ្នាំ (ត្រូវជាកូនបង្កើត)
និងឈ្មោះ ចាន់ លីតា ភេទ ស្រីអាយុ៧ឆ្នាំ (ត្រូវជាកូនបង្កើត) ជនរងគ្រោះទាំង៣នាក់ រស់នៅភូមិ ឃុំកើតហេតុ ខាងលើ។
សមត្ថកិច្ចបន្តថា ក្នុងករណីនេះ ក៏បណ្តោលឲ្យរខូចខាតតូបលក់ឥវ៉ាន់ចាបហួយទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ និងសម្ភារទ្រព្យសម្បត្តិនៅក្នុងតូបត្រូវឆេះខូចខាតទាំងស្រុង។
សមត្ថកិច្ចបញ្ជាក់ប្រាប់កាសែតនគរវត្តទៀតថា តាមការស្រាវជ្រាវ ត្រួតពិនិត្យរបស់សមត្ថកិច្ចបានឲ្យដឹងថា បណ្តាលមកពីទុស្សេខ្សែភ្លើង ទើបបង្កអគ្គិភ័យឆាបឆេះតែម្ដង នៅគ្រាដែលម្ចាស់ផ្ទះកំពុងដេកលង់លក់ស្កប់ស្កល់ មិនដឹងខ្លួន រហូតដល់អណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅរហូតដល់ជនរងជាម្ចាស់ផ្ទះរត់ចេញមិនរួច ទើបបណ្ដាលអណ្ដាតភ្លើងឆាបឆេះស្លាប់ទាំងម្ដាយ និងកូនស្រី៣នាក់ក្នុងភ្នួកភ្លើងយ៉ាងអាណោចអាធ័មបំផុត ដោយគ្មាននរណាម្នាក់អាចទៅជួយអន្តរាគមន៍សង្គ្រោះទាន់ពេលនោះឡើយ ។
សមត្ថកិច្ចបានចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់៣ឡាន ភ្លើងក៏រលត់វិញជាមួយភាពសោកសៅដោយសារមនុស្ស៣នាក់បានបាត់បង់ជីវិត មិនអាចជួយសង្គ្រោះម្ចាស់ផ្ទះបានទាន់ពេលវេលា។ សូមវិញ្ញាណក្ខន្ធជនរងគ្រោះទាំងម្តាយ និងកូនស្រីអន្ទោលទៅរកសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ ប៉ែន នួន