មន្ត្រីសន្តិសុខ រដ្ឋKentucky អាមេរិក បានឲ្យដឹងថា៖ កាលពីថ្ងៃទី១១ខែកុម្ភៈ ក្រុមប៉ូលិសទទួលបាន ការហៅទូរស័ព្ទ ស្តីពីការបាញ់ប្រហារដោយកាំភ្លើង ស្ថិតនៅ ក្នុងផ្ទះមួយជាយក្រុង Paintsville បណ្តាលឲ្យមានអ្នកស្លាប់៥នាក់ ។
តាមការប្រកាស របស់ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា៖ ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី១១ ខែកុម្ភៈ នៅពេលប៉ូលិសទៅដល់ ក៏ឃើញសាកសពពីរនាក់ដេកស្លាប់នៅក្នុងត្លុកឈាម ។
នៅពេលដែលប៉ូលិសកំពុងតែស្វែងរក ជនដៃដល់ ក៏មានទូរស័ព្ទបន្ទាន់ ស្តីពីការបាញ់ប្រហារមួយកន្លែងផ្សេងទៀត នៅខុនដូស្ថិតនៅក្នុងតំបន់ Paintsville ។ នៅទីកន្លែងបាញ់ប្រហារលើកទីពីរ ប៉ូលិសក៏បានរកឃើញសាកសព៣នាក់ ក្នុងនោះមានជនដៃដល់ម្នាក់ ។
ប៉ូលិសបានកំណត់អត្តសញ្ញាណជនដៃដល់ឈ្មោះ Joseph Nickell ប៉ុន្តែប៉ូលិសមិនបានផ្តល់ព័ត៌មានលម្អិតស្តីពី អត្តសញ្ញាណជនដៃដលនិងជនរងគ្រោះនោះឡើយ ។
ហេតុការណ៍បាញ់ប្រហារខាងលើកើតឡើងក្រោយរយៈពេល២សប្តាហ៍នៃការបាញ់ប្រហារនៅក្នុងសាលារៀនក្នុងរដ្ឋនេះដែរ បណ្តាលឲ្យសិស្សពីរនាក់ ស្លាប់ និង ១៦នាក់រងរបួស ហើយជនដៃដល់ជាសិស្សដូចគ្នា ។
តាមតួលេខស្តីពីអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងនៅអាមេរិក បានបង្ហាញពីតួលេខមួយបង្កក្តីបារម្ភយ៉ាងខ្លាំង ដោយនៅក្នុង១ថ្ងៃ មានពលរដ្ឋ អាមេរិក៩០នាក់ស្លាប់ ដោយសារតែការបាញ់ប្រហារ ។ ការចេញច្បាប់ គ្រប់គ្រងអាវុធនៅអាមេរិកគឺជាប្រធានបទ ក្តៅជាច្រើនឆ្នាំកន្លងមក ។
បច្ចុប្បន្ន ការទិញ លក់ អាវុធ នៅអាមេរិក កើតឡើងគ្រប់ទិសទី បើទោះបីតំបន់មួយចំនួន ដែលលក់អាវុធស្របច្បាប់ បានត្រួតពិនិត្យ ប្រវត្តិរូប និង បញ្ហាសុខភាព ទើបអនុញ្ញាតឲ្យទិញ ។
កាលពីជំនន់អតីតប្រធានាធិបតីអូបាម៉ា លោកបានស្នើឲ្យមានការអនុម័តទៅលើច្បាប់គ្រប់គ្រងអាវុធ នៅអាមេរិក ដើម្បីកាត់បន្ថយ អ្នកស្លាប់ដោយអំពើហិង្សាពាក់ព័ន្ធនឹងអាវុធ ប៉ុន្តែគឺបរាជ័យទាំងអស់ដោយសារតែគណបក្សសាធារណរដ្ឋ មានសម្លេងភាគច្រើននៅក្នុងសភា មិនព្រមអនុម័តច្បាប់ខាងលើ ៕ ម៉ែវ សាធី