ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបើកបរលឿនគ្មានការប្រុងប្រយ័ត្ន បុកអ្នកជិះម៉ូតូពីក្រោយស្លាប់ម្នាក់និងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តដឹកដីបើកបរក្នុងល្បឿនលឿនមកបុកម៉ូតូសងពីក្រោយ ពេញទំហឹង ខណៈ ជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នា៣នាក់ បណ្ដាលឲ្យដួលបោកក្បាលស្លាប់​ស្រ្ដី ជិះពីក្រោយម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់ ។​

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ០៦ ពីខាងកើតអធិការដ្ឋានស្រុកប្រាសាទបាគង ក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទ ខេត្តសៀមរាប ។

លោកវរសេនីយ៍ទោ ប៉ោះ ចន្ថា អធិការរងស្រុកប្រាសាទបាគង បានប្រាប់ថា ជនរងគ្រោះឈ្មោះ ចយ ខាត់ ភេទ ប្រុសអាយុ៥៨ឆ្នាំ (ជាប្ដីអ្នកបើកបរ) រងរបួសធ្ងន់ និងប្រពន្ធ ឈ្មោះ អែប តែម អាយុ៥២ឆ្នាំ( រងរបួសធ្ងន់) រស់នៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប  អ្នកជិះពីក្រោយ ឈ្មោះ ឡែម យឿម ភេទស្រី អាយុ៦១ឆ្នាំនៅភូមិជាមួយគ្នា(ស្លាប់) ។ ចំណែកអ្នកបើករថយន្ត ហ៊ី យ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ SR0119 ចង្កូតស្តាំ មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ស្រមោល ។ (មូលហេតុរថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រងប្រយ័ត្ន) ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យក្នុងក្រុងសៀមរាប ចំណែកសាកសព ស្ត្រីជនរងគ្រោះ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីរៀបចំសុំណុំរឿងបញ្ជូនបន្ត។

ពលរដ្នលក់ដូរនៅតាមដងផ្លូវជាតិលេខ០៦ ឲ្យដឹងថា រថយន្តដឹកដីតែងតែបើកបរលឿន ពេលខ្លះថែមទាំងវ៉ាប្រដេញគ្នា នៅលើដងផ្លូវសារធាណៈដោយមិនខ្លាចប៉ះពារអ្នកដទៃឡើយ ជាក់ស្ដែង ថ្ងៃកើតហេតុ រថយន្ដដឹកដីបានបុកពីក្រោយម៉ូតូសង់សេ១២៥ ពេញទំហឹង ក្នុងទិសដៅស្របទិសគ្នា ពីកើតមកលិច បណ្ដាលឲ្យមានគ្រោះថ្នាក់ស្លាប់ និងរបួសមនុស្សបែបនេះ ។​

ដូច្នេះ សុំឲ្យលោកអភិបាលខេត្ត និង មន្រ្ដីសមត្ថកិច្ចជំនាញមើល ការបើកបររបស់ពួកអ្នកដឹកជញ្ជូនដីលក់ នៅក្នុងក្រុង សៀមរាបផង ៕ ប៊ុន រិទ្ធី

 


ចែករំលែក៖