ព័ត៌មានទាន់ហេតុការណ៍៖

ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាជំរុញឲ្យតម្លៃប្រេងកើនឡើងខ្ពស់

ចែករំលែក៖

តម្លៃប្រេងឆៅលើពិភពលោក កាលពីថ្ងៃទី១៩ ខែកុម្ភៈ បានកើនឡើងខ្ពស់បំផុត ក្នុងរយៈពេល ពីរសប្តាហ៍ចុងក្រោយនេះ ដោយសារតែភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាធ្វើឲ្យការខួងប្រេងត្រូវបានកាត់បន្ថយជាច្រើន ។

តម្លៃប្រេង WTI នៅលើទីផ្សារខែកុម្ភៈ កើនឡើង៥៤សេនគឺ៦២,២២ដុល្លារ ក្នុងមួយបារ៉ែល។ ការចាប់ផ្តើមបើកទីផ្សារតម្លៃប្រេង WTI កើនឡើងរហូតដល់ទៅ១,៤ភាគរយ គឺខ្ពស់បំផុតចាប់ពីថ្ងៃទី៧ ខែកុម្ភៈមក។

តម្លៃប្រេង Brent កើនឡើង៣៧សេន គឺឡើងដល់ ៦៥,២១ដុល្លារក្នុងមួយបារ៉ែល ។ ការបើកទីផ្សារភ្លាម គឺមានរហូតដល់ទៅ៦៥,៣៥ដុល្លារក្នុងមួយបារ៉េល ។

តម្លៃប្រេងកើនឡើងក្រោយពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានប្រកាសតបត នឹងប្រទេសអ៊ីរ៉ង់ និងបណ្តាប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ ភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កើនឡើងខ្ពស់ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ក្រោយពេលយន្តអ៊ីស្រាអែល រងការបាញ់ប្រហារដោយមីស៊ីល អាកាសយាននឹក២នាក់ ក៏បានលោតឆត្រទាន់ពេល តែរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។

ចំណុចមួយទៀត ដែលធ្វើឲ្យតម្លៃប្រេងកើនឡើង គឺការប្រកាសរបស់ រដ្ឋមន្ត្រីថាមពលអារ៉ាបរួម ដោយបញ្ជាក់ថា នឹងកាត់បន្ថយការខួងយកប្រេងរយៈពេលយូរអង្វែង។ ប៉ុន្តែអាមេរិកវិញ បានបង្កើន ការលក់ប្រេងក្នុងពេលដែលតម្លៃកើនឡើងខ្ពស់ ។ តាមតួលេខរបស់ក្រុមហ៊ុនឧស្ម័នប្រេង Baker Hughes ចំនួនស្ថានីយខួងប្រេង របស់អាមេរិកកើនឡើង ៧ស្ថានីយនៅក្នុងសប្តាហ៍កន្លងមក ធ្វើឲ្យចំនួនស្ថានីយខួងប្រេងសរុបមានរហូតដល់ទៅ ៧៩៨ គឺខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីខែ មេសា ឆ្នាំ២០១៥មក ។ ចំណុចទាំងនោះហើយបានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីការបំផ្លាញ គម្រោងកាត់បន្ថយចំនួនប្រេងរបស់បណ្តាប្រទេស OPEC និង ១០ប្រទេសផ្សេងទៀតលើពិភពលោក។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ក្នុងនាមជាមហាអំណាចយោធា និងសេដ្ឋកិច្ចពិភពលោក អាមេរិកតែងតែ មានគោលនយោបាយ ផែនការ ដើរមុនបណ្តាប្រទេសផ្សេងទៀត មួយជំហានជានិច្ច។ កន្លងមកនៅពេលដែល តម្លៃប្រេងលើពិភពលោកធ្លាក់ចុះ អាមេរិកបង្កើនការទិញយ៉ាងច្រើនយកទៅស្តុកទុក នៅពេលនេះតម្លៃប្រេងឡើងថ្លៃ ប្រទេសជាច្រើនបានសម្រេចកាត់បន្ថយ ការខួងយកប្រេង អាមេរិក បែជាបង្កើន ស្ថានីយខួងប្រេង ដើម្បីលក់ទៅកាន់ទីផ្សារពិភពលោកក្នុងតម្លៃថ្លៃ ៕ ម៉ែវ សាធី


ចែករំលែក៖