ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលានៅអាមេរិកធ្វើបាតុកម្មក្រោយមានការបាញ់ប្រហារជាបន្តបន្ទាប់

ចែករំលែក៖

កាលពីថ្ងៃទី២០ ខែកុម្ភៈ សិស្សសាលារាប់រយនាក់ និងអ្នកគាំទ្របាននាំគ្នាធ្វើបាតុកម្មនៅមុខសេតវិមាន ក្នុងគោលដៅស្នើដល់រដ្ឋាភិបាលរិតបន្តឹង ការគ្រប់គ្រងកាំភ្លើង ក្រោយមានការបាញ់ប្រហារជាបន្តបន្ទាប់នៅក្នុងសាលារៀន ពិសេសគឺការបាញ់ប្រហារសម្លាប់មនុស្ស១៧នាក់នៅរដ្ឋហ្វ័រីដា នាពេលកន្លងមក ។

ការបាញ់ប្រហារកើតឡើងនៅសាលារៀនធម្យមសិក្សា Marjory Stoneman Douglas កាលពីថ្ងៃទី១៤ ខែកុម្ភៈ នៅពេលដែលអតីតសិស្សបានប្រើប្រាស់កាំភ្លើងយន្តបាញ់ប្រហារសាលារៀនចាស់របស់ខ្លួន ។

កាលពីថ្ងៃទី២០ សិស្សប្រមាណ២០នាក់ បានដេកនៅមុខសេតវិមាន តំណាងដល់សិស្សរងគ្រោះ ដែលបានស្លាប់ដោយការបាញ់ប្រហារ ។ ក្នុងពេលនោះ សេតវិមាន បានប្រកាសថា ប្រធានាធិបតី ដូណាល់ ត្រាំ បានគាំទ្រដល់ការខិតខំដើម្បីកែប្រែប្រព័ន្ធគ្រប់គ្រងអាវុធឲ្យបានល្អបំផុត ក្នុងនោះ មានប្រវត្តិរូបអ្នកដែលទិញកាំភ្លើង ។

នេះជាការធ្វើបាតុកម្មលើកទីមួយរបស់សិស្សសាលានៅអាមេរិកពាក់ព័ន្ធ និងការប្រើប្រាស់កាំភ្លើងបាញ់ប្រហារ ក្នុងសាលារៀនបង្កឲ្យមានការភ័យខ្លាច និងមានអារម្មណ៍មិនល្អពេលទៅរៀន ។

មិនមែនតែសិស្សប្រុសប៉ុណ្ណោះដែលបាញ់ប្រហារនៅក្នុងសាលារៀន សូម្បីតែសិស្សស្រីវ័យ១២ឆ្នាំក៏បានបាញ់ប្រហារផងដែរ ។ កតាទាំងនោះហើយដែលជាហេតុធ្វើឲ្យសិស្ស សាលាជាច្រើនទៀតនាំគ្នាធ្វើបាតុកម្មស្នើឲ្យមានការគ្រប់គ្រងអាវុធប្រកបដោយប្រសិទ្ធិភាព។

កន្លងមកថ្មីមានការបាញ់ប្រហារនៅទីក្រុងSeattle រដ្ឋវ៉ាស៊ីនតោនបណ្តាលឲ្យបុរសម្នាក់ស្លាប់ដែលជាជនសង្ស័យ នៅក្នុងករណីបាញ់ប្រហារជាមួយប៉ូលិសនៅក្នុងទីក្រុង ស៊ីតថល (Seattle) នៃរដ្ឋវ៉ាស៊ីនតោន ភាគជើងឆៀងខាងលិច សហរដ្ឋអាមេរិក បន្ទាប់ពីកើតមានករណីលួចប្លន់ និងបម្រុងបើករថយន្តរត់គេច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

ទីបញ្ជាការប៉ូលិសប្រចាំទីក្រុងស៊ីតថល បានឲ្យដឹងថា «មន្ត្រីប៉ូលិសមួយរូបបានបាញ់តបតជាមួយនឹងជនសង្ស័យម្នាក់ ហើយជាលទ្ធផលជនសង្ស័យនោះបានស្លាប់ ឯមន្ត្រីប៉ូលិសម្នាក់បានទទួលរងរបួស»។ ការបាញ់ប្រហារបានកើតមានឡើង នៅតំបន់ 34th Avenue នៃទីក្រុងស៊ីតថល ក្រោយប៉ូលិសបានទទួលបានសេចក្តីរាយការណ៍ អំពីការលួចប្លន់រថយន្តពីលំនៅឋានប្រជាជនក្នុងតំបន់ រួចបម្រុងបើករថយន្តរត់ចេញ ។

ប៉ូលិសបានអះអាងថា ខ្លួនបានឃើញបុរសម្នាក់ចុះចេញពីរថយន្ត ហើយរត់នៅតាមដងផ្លូវរួចប៉ូលិស ក៏ដេញតាម តែជនសង្ស័យបានងាកមកបាញ់ប្រហារលើប៉ូលិសវិញ ជាហេតុបង្ខំឲ្យប៉ូលិសបាញ់តបតក្នុងន័យការពារខ្លួន ទើបបានបណ្តាលឲ្យជនសង្ស័យនោះស្លាប់ ឯប៉ូលិសបានរងរបួស ។ បច្ចុប្បន្នការស៊ើបអង្កេតករណីនេះ កំពុងតែបន្តនៅឡើយ ៕ ម៉ែវ សាធី


ចែករំលែក៖