ក្រោយមានសោកនាដកម្មកើតឡើងដោយការបាញ់ប្រហារនៅក្នុងសាលារៀនជាបន្តបន្ទាប់ក្នុងនោះមានសាលារៀននៅរដ្ឋផ្ល័រីដាកាលពីសប្តាហ៍កន្លងមក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា ការបំពាក់អាវុធឲ្យគ្រូបង្រៀន អាចជួយរារាំងជនល្មើសបង្កគ្រោះថ្នាក់បាន។
នេះជាសកម្មភាពរបស់ប្រធានាធិបតីអាមេរិកដែលធ្វើឲ្យពលរដ្ឋជាច្រើនបង្ហាញការមិនពេញចិត្ត ដោយរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់សមស្រប ឬគ្រប់គ្រងការប្រើប្រាស់អាវុធ បែជាប្រើប្រាស់អាវុធដើម្បីទប់ទល់នឹងអាវុធទៅវិញ។ ទាំងនោះហើយ អាចធ្វើឲ្យមានការបាញ់ប្រហារ និងមានអ្នកស្លាប់កាន់តែច្រើន។
ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងនៅក្នុងជំនួបជាមួយសិស្សដែលរួចផុតពីក្តីស្លាប់នៅក្នុងការបាញ់ប្រហារនៅសាលារៀន Marjory Stoneman Douglas ថា «ប្រសិនបើលោកគ្រូ អ្នកគ្រូមានកាំភ្លើងនោះ អាចជួយបញ្ចប់ការបាញ់ប្រហារបានលឿន មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសច្រើនឡើយ»។
លោក ត្រាំ បានទទួលស្គាល់ថា ការហ្វឹកហាត់ និងបំពាក់កាំភ្លើងដល់លោកគ្រូអ្នកគ្រូ ដើម្បីប្រឆាំងនឹងខ្មាន់កាំភ្លើងបាញ់ប្រហារនៅសាលារៀន ប៉ុន្តែទស្សនៈខាងលើ នឹងបង្កឲ្យមានវិវាទមិនអាចប្រព្រឹត្តទៅដោយរលូននោះឡើយ។
យុវជនម្នាក់ឈ្មោះ Sam Zeif អាយុ១៨ឆ្នាំ បាននិយាយទាំងក្តុកក្តួលនៅក្នុងជំនួបនៅសេតវិមានថា «ខ្ញុំមិនយល់ ហេតុអ្វីបានជាយើង អាចទៅកាន់ហាង ហើយទិញកាំភ្លើងបានយ៉ាងងាយស្រួលបែបនេះ»។
ជនដៃដល់ដែលបាញ់ប្រហារនៅក្នុងសាលារៀនគឺបានប្រើប្រាស់កាំភ្លើងស្វ័យប្រវត្តប្រភេទ AR-15 បាញ់ប្រហារបណ្តាលឲ្យសិស្ស១៧នាក់ និងគ្រូបង្រៀនម្នាក់ទៀតស្លាប់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ។
ដើម្បីជួយដល់អាណាព្យាបាលរបស់សិស្សកុំឲ្យមានការព្រួយបារម្ភ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្យាថា នឹងជំរុញការគ្រប់គ្រងអាវុធឲ្យបានល្អបំផុត ទាំងអ្នកលក់ និងអ្នកទិញផងដែរ ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់បែបនេះកើតឡើង។
លោក ត្រាំ បញ្ជាក់ថា «យើងនឹងគ្រប់គ្រងឲ្យបានតឹងតែងបំផុត នូវការប្រើប្រាស់អាវុធ។ នេះមិនមែនជាការនិយាយឲ្យតែរួចពីមាត់ដូចកាលពីមុននោះឡើយ»។
ប្រសិនបើលោក ត្រាំ គាំទ្រដល់ច្បាប់គ្រប់គ្រងអាវុធ និងជួញដូរអាវុធបានពិតមែន នោះវាគឺជាជំហានផ្លាស់ប្តូរទ្រង់ទ្រាយធំរបស់គណបក្សសាធារណរដ្ឋ។ នៅក្នុងពេលឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៦ លោក ត្រាំ គាំទ្រការប្រើប្រាស់អាវុធ ហើយទទួលបានការគាំទ្រពីសមាគមន៍អាវុធអាមេរិក NRA យ៉ាងខ្លាំងទៀតផង។
កន្លងមក លោក ត្រាំ ក៏ដូចជាគណបក្សសាធារណរដ្ឋបានប្រឆាំងយ៉ាងខ្លាំង ដល់សេចក្តីព្រៀងច្បាប់ដែលបានធ្វើឡើង ដោយគណបក្សប្រជាធិបតេយ្យ និងអតីតប្រធានាធិបតី អូបាម៉ា។ ប៉ុន្តែក្រោយមានការបាញ់ប្រហារ សម្លាប់មនុស្សយ៉ាងច្រើននាពេលកន្លងមក និងការប្រឆាំងពីពលរដ្ឋ បានធ្វើឲ្យលោក ត្រាំ និងគណបក្សរបស់លោក ត្រូវពិចារណាលើច្បាប់គ្រប់គ្រងអាវុធឡើងវិញ។
កន្លងមកសិស្សសាលារាប់រយនាក់ និងអ្នកគាំទ្រ បាននាំគ្នាធ្វើបាតុកម្មនៅមុខសេតវិមាន ក្នុងគោលដៅស្នើដល់រដ្ឋាភិបាលឲ្យរិតបន្តឹងច្បាប់គ្រប់គ្រងកាំភ្លើង ក្រោយមានការបាញ់ប្រហារជាបន្តបន្ទាប់នៅក្នុងសាលារៀន ពិសេសគឺការបាញ់ប្រហារសម្លាប់មនុស្ស១៧នាក់នៅរដ្ឋផ្ល័រីដា នាពេលកន្លងមកនោះ។
ការបាញ់ប្រហារកើតឡើងនៅសាលារៀន ធម្យមសិក្សា Marjory Stoneman Douglas កាលពីថ្ងៃទី១៤ខែកុម្ភៈ នៅពេលដែលអតីតសិស្សបានប្រើប្រាស់កាំភ្លើងយន្ត បាញ់ប្រហារសាលារៀនចាស់របស់ខ្លួន។
នៅក្នុងការធ្វើបាតុកម្មនោះ សិស្សប្រមាន២០នាក់ បានដេកនៅមុខសេតវិមានតំណាងដល់សិស្សរងគ្រោះដែលបានស្លាប់ដោយការបាញ់ប្រហារ។ ក្នុងពេលនោះ សេតវិមានបានប្រកាសថា ប្រធានាធិបតី ដូណាល់ ត្រាំ បានគាំទ្រដល់ការខិតខំដើម្បីកែប្រែប្រព័ន្ធគ្រប់គ្រងអាវុធឲ្យបានល្អបំផុត ក្នុងនោះមានប្រវត្តិរូបអ្នកដែលទិញកាំភ្លើង ហើយនេះជាការធ្វើបាតុកម្មលើកទី១របស់សិស្សសាលានៅអាមេរិក ពាក់ព័ន្ធនឹងការប្រើប្រាស់កាំភ្លើងបាញ់ប្រហារក្នុងសាលារៀន បង្កឲ្យមានការភ័យខ្លាច និងមានអារម្មណ៍មិនល្អពេលទៅរៀន៕ ម៉ែវ សាធី