ខេត្តព្រះសីហនុ៖ ព័ត៌មានពីមហាជនបានឲ្យដឹងថា នៅកណ្តាលអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិ៣សង្កាត់លេខ៤ក្រុង/ខេត្តព្រះសីហនុ មានអគ្គិភ័យមួយកើតឡើង ដោយសារឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) ក្នុងក្លិបកំសាន្តអិលវី នៅចំណុចច្រកទ្វារ ចេញ ចូល ក្នុងខណៈពេល ដែលមានមនុស្ស ម្នា ជាច្រើននាក់ កំពុងរាំឌីស្កូនៅទីនោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា ដោយឃើញហេតុការណ៍ដូចនេះ ភ្ញៀវរាំកំសាន្ត និង បុគ្គលិក បាននាំគ្នារត់ចេញប្រសេចប្រសាច នៅសល់អ្នកចំរៀងម្នាក់ឈ្មោះបូ វេហា ដែលកំពុងបត់ជើងក្នុងបន្ទប់ទឹក។
ក្រោយពេលទទួលដំណឹងនេះភ្លាម រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួនពីរគ្រឿង បានចេញធ្វេីអន្តរាគមន៍ ជួយសង្គ្រោះ និង បានចូលទៅជួយយកជនរងគ្រោះចេញពីកន្លែងកើតហេតុ មកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរ ខ្លាំងណាស់។
អគ្គិភ័យនេះបានបំផ្លាញ អគារ និង សម្ភារៈជាច្រើនមុខ ត្រូវរងការខូចខាតស្ទើរ ទាំងស្រុង។ ម្ចាស់ទីតាំងរង្គសាល ឈ្មោះ ឌឹក យូ ភេទ ប្រុស អាយុ ៥២ឆ្នាំ។
ប្រតិបត្តិការ ពន្លត់អគ្គិភ័យនេះ នគរបាលខេត្តព្រះសីហនុ បានប្រេីពេលស្ទើរតែពេញមួយយប់ទល់ភ្លឺ។ មន្រ្តីនគរបាលសង្កាត់លេខ៤បានអោយដឹងថា ប្រើរយៈពេលរហូតដល់ម៉ោង៤ភ្លឺ ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ចំពោះអ្នករបួសមានតែម្នាក់ទេ ពេលនេះបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមហើយ ៕ ឆ្លាម សមុទ្រ