សារព័ត៌មាន AFP បានផ្សាយថា មានការវាយប្រហារដោយអាវុធគីមី នៅតំបន់របស់ក្រុមបះបោរស៊ីរី បណ្តាលឲ្យកុមារម្នាក់ស្លាប់ និង១៣នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យពាក់ព័ន្ធនឹងផ្លូវដង្ហើម។
អង្គការឃ្លំាមើលសិទ្ធិមនុស្សស៊ីរី SOHR បានប្រកាសឲ្យដឹងថា មានពលរដ្ឋស្លូតត្រង់១៤នាក់ មាន អការស្ទះផ្លូវដង្ហើយដោយសារធាតុគីមី ក្រោយយន្តហោះចម្បាំងរបស់រដ្ឋាភិបាលស៊ីរី បានបើកការវាយប្រហារទៅលើ ភូមិ Al Shifuniyah ភាគខាងកើតទីក្រុង Ghouta ។
ប្រធាន SOHR លោក Rami Abdel Rahman បានឲ្យដឹងថា ក្នុងចំណោមអ្ននករងផលប៉ះពាល់ មានកុមារម្នាក់ស្លាប់ និងស្ត្រីម្នាក់ស្ថិតនៅក្នុងសភាពសង្គ្រោះបន្ទាន់ ។ ក្នុងពេលជាមួយគ្នានេះ គ្រូពេទ្យម្នាក់ ដែលបានព្យាបាលអ្នកជំងឺបានឲ្យដឹងថា អ្នករងរបួសគឺអាចបណ្តាលមកពីសារធាតុគីមី Clo បណ្តាលឲ្យកុមារអាយុ៣ឆ្នាំម្នាក់ស្លាប់ដោយថប់ដង្ហើម។ ចំណែកអ្នករងរបួសផ្សេងទៀត គឺមានជាតិ Clo នៅលើស្បែកផងដែរ ។
ស្ថានភាពនៅក្នុងប្រទេសស៊ីរីនាពេលនេះ គឺបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ហើយប្រមុខដឹកនាំប្រទេសរុស្ស៊ី និងអាល្លឺម៉ង់កំពុងតែជជែកគ្នាពីការអនុវត្តបទឈប់បាញ់នៅស៊ីរី ។
ក្រោយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆ័ន្ទនៅយប់មិញ សេចក្តីសម្រេចទាមទារឲ្យមានបទឈប់បាញ់នៅស៊ីរី ប្រធានាធិបតីបារាំង លោក អេម៉ាណុយអែល ម៉ាក្រុង និងប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ លោកស្រី អង់ហ្គេឡា ម៉ាកកែល នឹងពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី អំពីការអនុវត្តបទឈប់បាញ់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីបារាំង។
“ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័ត ជាឯកច្ឆ័ន្ទ សេចក្តីសម្រេច ទាមទារឲ្យមានបទឈប់បាញ់ រយៈពេល ៣០ថ្ងៃ នៅស៊ីរី » នេះជាសេចក្តីរំលឹករបស់វិមានប្រធានាធិបតីបារាំង មុននឹងប្រកាសថា លោកប្រធានាធិបតីម៉ាក្រុង និងលោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ នឹងពិគ្រោះយោបល់ជាមួយប្រធានាធិបតីរុស្ស៊ី ពូទីន ស្តីអំពីដំណើរការអនុវត្តសេចក្តីសម្រេច និងស្តីអំពីផែនទីចង្អុលផ្លូវនយោបាយដ៏ចាំបាច់សម្រាប់ស្តារសន្តិភាពជានិរន្តនៅស៊ីរី។
បើតាមសេចក្តីថ្លែងការណ៍ បារាំងនឹងចាំយាមមើលការអនុវត្តដោយជាក់ស្តែងបទឈប់បាញ់ យ៉ាងហ្មត់ចត់ ថា ពិតជាត្រូវបានគោរព ហើយក្បួនដឹកជំនួយមនុស្សធម៌អាចទៅដល់កន្លែងរងគ្រោះ។ បារាំង ក៏បានអំពាវនាវឲ្យប្រទេសពាក់ព័ន្ធទាំងអស់ ជាពិសេស រុស្ស៊ី ទួរគី និងអ៊ីរ៉ង់ ជួយទ្រទ្រង់ដំណើរការបទឈប់បាញ់។ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង នឹងធ្វើដំណើរទៅក្រុងម៉ូស្គូ ដើម្បីពិនិត្យរួមគ្នាជាមួយសមភាគីរុស្ស៊ីអំពីមធ្យោបាយនៃដំណើរការបទឈប់បាញ់ផង និងផ្តល់សន្ទុះអន្តរជាតិថ្មីដល់ការស្វែងរកដំណោះស្រាយនយោបាយ។
សេចក្តីសម្រេចទាមទារឲ្យមានបទឈប់បាញ់នៅស៊ីរី ដោយគ្មានកាលកំណត់ និងសម្រាប់រយៈពេល៣០ថ្ងៃជាប់គ្នា ដើម្បីចែកចាយ និងផ្តល់មនុស្សធម៌ដល់ជនស៊ីវិល ត្រូវបានលើកពេលជាច្រើនសារ មុនអនុម័តបានជាឯកច្ឆ័ន្ទ។ ប៉ុន្តែ បើតាមអង្គការក្រៅរដ្ឋាភិបាល ស្នូរទម្លាក់គ្រាប់បែកនៅលាន់ឮទៀត។ អ៊ីរ៉ង់ និងស៊ីរី បានប្រកាសទទួលយក និងគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា តែបន្តវាយប្រហារ នៅតាមជាយក្រុងដាម៉ាស ដែលកាន់កាប់ដោយពួកភេរវនិយម ៕ ម៉ែវ សាធី