ព័ត៌មានទាន់ហេតុការណ៍៖

ការលូកដៃរបស់អាមេរិកបានធ្វើឲ្យប្រទេសជាច្រើនត្រូវវិនាស

ចែករំលែក៖

អាមេរិកបានលូកដៃចូលក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក ទាំងបញ្ហា សន្តិសុខ រដ្ឋក៏ដូចជាការបោះឆ្នោតនៅក្នុងប្រទេស ជាច្រើនផ្សេងទៀតនៅលើពិភព លោក ពិសេសគឺប្រទេសដែលមិនគោរព ទៅតាមការចង្អុលបង្ហាញរបស់ខ្លួន និង ស្តាប់បង្គាប់ខ្លួន ។

ប្រទេសជាច្រើនដែលអាមេរិកលូកដៃចូលមិនឃើញទទួលបានសន្តិសុខពេញលេញឬមានការរីកចម្រើននោះឡើយគឺ មានតែការធ្លាក់ចុះនៃសេដ្ឋកិច្ច ជម្លោះផ្ទៃ ក្នុងក្លាយទៅជាសង្គ្រាមស៊ីវិល។ បច្ចុប្បន្ន ប្រទេស ដែលកំពុងតែជួបនូវវិបត្តិ គឺជា លទ្ធផលនៃការចូលរួមរបស់អាមេរិក។

កន្លងមករុស្ស៊ីបានចោទប្រកាន់អាមេ រិកថា ជាអ្នកដុតភ្លើង ហើយក៏ជាអ្នកពន្លត់ ភ្លើង បញ្ហាកើតឡើង គឺដោយស្នាដៃអាមេ រិកទាំងមូល។ ផ្ទុយទៅវិញ អគ្គមេបញ្ជាការ យោធាអាមេរិក លោក ចូសិប វ៉ូទែល (Joseph Votel) បានបន្ទោសរុស្ស៊ីថា ជាអ្នក ដុតបញ្ឆេះសង្រ្គាម ហើយតាំងដើរតួធ្វើជាអ្នកពន្លត់សង្រ្គាមនៅស៊ីរី។

ពាក់ព័ន្ធនឹងការចោទប្រកាន់គ្នានេះដែរ សារព័ត៌មានរុស្ស៊ី Sputnik កាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ បាននិយាយថា សហរដ្ឋអាមេរិក តែងតែដើរតួជាអ្នកការ ពារ។ ប៉ុន្តែតាមពិត មនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែដឹងថា ទីក្រុងវ៉ាស៊ីនតោននេះឯង ដែលជាអ្នកដើរដុតបញ្ឆេះសង្រ្គាម ហើយបង្ខំឲ្យអ្នកដទៃទទួលយកលទ្ធិប្រជាធិប តេយ្យ ស្ដង់ដារអាមេរិកាំង។ ដើម្បីបញ្ជាក់ ពីការអះអាងបែបនេះ Sputnik បានលើក ឡើងពីប្រទេសចំនួន៤ ដែលសហរដ្ឋ អាមេរិកជាអ្នកដុតបញ្ឆេះសង្រ្គាម ហើយ ដើរតួជាអ្នកពន្លត់សង្រ្គាម៖

១. អាហ្វហ្គានីស្ថាន៖ នៅឆ្នាំ២០០១ ដើម្បីជាការឆ្លើយតបនឹងមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលអតីតប្រធានាធិបតីលោក ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush) បានសម្រេចចិត្ត បញ្ជូនកងទ័ពអាមេរិកទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីកម្ទេច ក្រុមអាល់កៃដា និងរដ្ឋាភិបាលតាលីបង់ នៅពេលនោះ។ ប៉ុន្តែក្នុងរយៈពេលជាង ១៧ឆ្នាំមកនេះ ទីក្រុងវ៉ាស៊ីនតោន មិន អាចបញ្ចប់សង្រ្គាមបានឡើយ រីឯក្រុម តាលីបង់នៅតែគ្រប់គ្រងទឹកដីមួយផ្នែកធំ ហើយការវាយប្រហារបំផ្ទុះគ្រាប់បែកទាំងធំទាំងតូច នៅតែបន្តកើតឡើងស្ទើររាល់ ថ្ងៃ។ ចំណែកឯអ្នករងគ្រោះនៅតែជាប្រជាជនអាហ្វាហ្គានីស្ថាន។

២.អុីរ៉ាក់៖ កាលពីឆ្នាំ២០០៣ រដ្ឋបាល របស់លោក ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush) ដដែល បានលើក ទ័ពឈ្លានពានចូលប្រទេសអុីរ៉ាក់ ដោយ ចោទប្រកាន់ថា រដ្ឋាភិបាលរបស់មេដឹកនាំ សាដាំ ហ៊ូស្សេន (Saddam Hussein) មានអាវុធប្រល័យលោក។ នៅពេលនោះ មានសេចក្ដីរាយការណ៍ជាច្រើន បាន និយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បញ្ជាក់ថា អុីរ៉ាក់គ្មានអាវុធ នុយក្លេអ៊ែរឡើយ តែលោក ប៊ូស នៅតែ បញ្ជាឲ្យ CIA សរសេររបាយការណ៍ថា ទីក្រុងបាដាដមានអាវុធនុយក្លេអ៊ែរ ដើម្បី ឲ្យសភាទម្លាក់កញ្ចប់ថវិកាវាយកម្ទេចរដ្ឋាភិបាលអុីរ៉ាក់របស់ Saddam Hussein។

លើសពីនេះទៅទៀត ក្រោយរបប Sad dam Hussein ដួលរលំ អាមេរិកមិនបានរក ឃើញថា អុីរ៉ាក់មានអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែអ្វីៗបានហួសពេលអស់ទៅហើយ ពោលគឺសង្រ្គាមនៅតែបន្តកើតមានរហូតដល់ក្រុមភេរវករ ISIS ត្រូវបានបង្កើតឡើង ហើយជនស៊ីវិលស្លូតត្រង់អុីរ៉ាក់រាប់ម៉ឺន នាក់បានបាត់បងជីវិត។ រីឯសេដ្ឋកិច្ច ព្រម ទាំងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបំផ្លាញស្ទើរ ក្លាយជាផេះ។

៣. លីប៊ី៖ ដោយសំអាងថារបបដឹកនាំ លីប៊ីរបស់ លោក មួអាម៉ា ហ្គាដាហ្វុី (Muammar Gaddafi) រំលោភសិទ្ធិមនុស្ស ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិដែលមានរុស្ស៊ីជាសមាជិកអចិន្ត្រៃយ៍ផងនោះ បានអនុម័តកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ លើសេចក្ដីព្រាង ដំណោះស្រាយរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើអន្តរាគមន៍យោធានៅលីប៊ី ដើម្បី បង្កើតលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រជា ជនលីប៊ី។

ប៉ុន្តែអ្វីគឺផ្ទុយពីការរំពឹងទុក ក្រោយរបប ដឹកនាំ Gaddafi ដួលរលំ ប្រទេសលីប៊ី និងអ្វីដែលប្រជាជនលីប៊ីធ្លាប់មានក្រោម សម័យដឹកនាំរបស់ជនផ្ដាច់ការរូបនេះ ត្រូវ បានគេមើលឃើញថា បានស្លាប់ទៅជា មួយលោក។ លីប៊ីពីប្រទេសអ្នកមាន និង មានសន្តិភាព ក្លាយជាប្រទេសត្រូវបំផ្លិច បំផ្លាញ និងអសន្តិសុខបំផុតនៅក្នុងពិភព លោក ស្របពេលប្រជាជនលីប៊ីខ្លះ នឹក ស្ដាយស្រណោះលីប៊ីជំនាន់ Gaddafi។

៤. ស៊ីរី៖ ចាប់តាំងពីឆ្នាំ២០១៤ សហ រដ្ឋអាមេរិកបានដឹកនាំក្រុមចម្រុះអន្តរជាតិ ធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងពួក ISIS ដោយគ្មានការអនុ ញ្ញាតពីប្រទេសស៊ីរី និងអង្គការសហប្រជា ជាតិ។ ប៉ុន្តែបើតាមរដ្ឋាភិបាល និងប្រព័ន្ធ ផ្សព្វផ្សាយស៊ីរី ការវាយប្រហារតាមផ្លូវ អាកាសរបស់សហរដ្ឋអាមេរិក បានបណ្ដាល ឲ្យជនស៊ីវិលរាប់រយនាក់បាត់បង់ជីវិត ហើយបើនិយាយពីហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ការរស់នៅរបស់ប្រជាជនស៊ីរី ក៏បានធ្លាក់ដល់ចំណុចសូន្យផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖