ស្ថាប័នកំពូលនៅលើពិភពលោក គឺអង្គ ការសហប្រជាជាតិកំពុងតែបាត់បង់ប្រសិទ្ធ ភាព និងឥទ្ធិពលនៅលើពិភពលោក ដោយការចេញច្បាប់របស់អង្គការសំខាន់មួយនេះ មិនសូវមានបណ្តាប្រទេសណាគោរពនោះឡើយ។ បច្ចុប្បន្ន ស្ថានការណ៍ ក្តៅខ្លាំងពេកនៅស៊ីរី ដល់ថ្នាក់លែងមានអ្នកគោរពដំណោះស្រាយ UN ហើយ UN បានត្រឹមសោកស្តាយ ចំពោះមុខមនុស្ស ស្លាប់ជិត៦០០នាក់។
កត្តាដែលប្រទេសជាច្រើនមិនគោរព ដោយសារតែអង្គការកំពូលមួយនេះ មាន ចរិតលម្អៀង ទៅលើអាមេរិកទាំងស្រុង ដោយស្តាប់តាមតែការបញ្ជារបស់អាមេរិកប៉ុណ្ណោះ។ អាមេរិកជាអ្នកផ្តល់ប្រាក់សម្រាប់ ដំណើរការអង្គការមួយនេះ។ មួយវិញ ទៀតអាមេរិក បានប្រើប្រាស់អំណាច ជា ប្រទេសអ្នកមាន ព្រមានដល់ប្រទេសណាដែលមិនគាំទ្រអាមេរិក នោះនឹងត្រូវកាត់ ជំនួយទាំងស្រុង។ អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិបានលើកឡើងថា អាមេរិកមិនចំណាយប្រាក់ចោល ទទេ ទៅលើប្រទេសដែលមិនគាំទ្រខ្លួន ឡើយ។
ពាក់ព័ន្ធនឹងបទឈប់បាញ់នៅក្នុង ប្រទេសស៊ិរី ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ (UNSC) បានបង្ហាញ អារម្មណ៍សោកស្ដាយជាខ្លាំង ចំពោះបរា ជ័យក្នុងការអនុវត្តបទឈប់បាញ់នៅក្នុងប្រទេសស៊ីរី។ បើទោះជាមានបទឈប់ បាញ់ ក៏ការវាយប្រយុទ្ធគ្នានៅតែបន្តកើតមាន ហើយភាគីជម្លោះបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ខណៈប្រជាជន ស៊ីវិលស៊ីរី ហាក់ដូចជាកំពុងរស់នៅក្នុង ស្ថានភាពនរក។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែ មីនា ឆ្នាំ២០១៨។
កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន UNSC បានអនុម័តដំណោះស្រាយលេខ ២៤០១ ដោយអំពាវនាវឲ្យមានបទឈប់បាញ់ រយៈពេល៣០ថ្ងៃ នៅទូទាំងប្រទេសស៊ីរី ដើម្បីទុកលទ្ធភាពឲ្យក្រុមមន្ត្រីមនុស្សធម៌ ដឹកជំនួយទៅកាន់ប្រជាជនស៊ីរី។ ក៏ប៉ុន្តែ បទឈប់បាញ់នេះ មិនត្រូវបានគេគោរព ឡើយ ហើយការវាយប្រយុទ្ធគ្នានៅតែបន្តកើតមាននៅក្នុងតំបន់ហ្គួតា (Ghouta) ភាគខាងកើត ។
ដោយឡែក ជុំវិញបញ្ហានេះដែរ ថ្លែង នៅចំពោះមុខ UNSC កាលពីថ្ងៃពុធ មន្ត្រីជាន់ខ្ពស់យូអិនទទួលបន្ទុកកិច្ចការនយោបាយ លោក ចេហ្វហ្វ្រេយ៍ ហ្វែលមែន (Jeffrey Feltman) បានសម្ដែងអារម្មណ៍សោកស្ដាយជាខ្លាំង ចំពោះការរំលោភលើ បទឈប់បាញ់នេះ លោកថា «យើងនៅទី នេះសាជាថ្មី ពីព្រោះដំណោះស្រាយលេខ ២៤០១ ស្ដីពីបទឈប់បាញ់កាលពីប៉ុន្មានថ្ងៃមុន មិនត្រូវបានគេគោរព ហើយវាគ្មាន ពាក្យណាមួយ ដើម្បីបង្ហាញពីការព្រួយ បារម្ភរបស់យើងនោះឡើយ។ ប៉ុន្តែការ ព្រួយបារម្ភនេះ មិនអាចប្រៀបធៀបទៅនឹង ការឈឺចាប់ របស់ប្រជាជនស៊ីរីបាននោះ ទេ»។
គួរបញ្ជាក់ថា បើតាមលោក Jeffrey Feltman ឲ្យដឹងថា ជនស៊ីវិលយ៉ាងហោច ណាស់៥៨០នាក់ ក្នុងនោះមានកុមាររាប់ រយនាក់ ត្រូវបានសម្លាប់ និង១,០០០នាក់ ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រយុទ្ធ គ្នា រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី នឹងក្រុម ឧទ្ទាមស៊ីរី នៅក្នុងតំបន់ Ghouta ភាគខាង កើតចាប់តាំងពីថ្ងៃទី១៨ ខែកុម្ភៈមក៕ ម៉ែវ សាធី