ភ្នំភ្លើង Shinmoe បានផ្ទុះឡើងសាជាថ្មី នៅថ្ងៃទី១ខែមីនា គឺជាការផ្ទុះលើកទីពីរ ហើយ នៅប៉ុន្មានខែចុងក្រោយនេះ ។ ការផ្ទុះលើកទីមួយ គឺនៅ ខែតុលា ឆ្នាំ ២០១៧ ហើយពេលនេះកម្អែរនៃភ្នំភ្លើង ខាងលើកំពុងតែជះទៅរកក្រុងតាកាហារុ (Takaharu) ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីនោះឡើយ។ ជុំវិញបញ្ហានេះ អាជ្ញាធរនៅតំបន់កំពុងតែបញ្ជូនក្រុមអ្នកតាមដាន និងសង្គ្រោះបន្ទាន់ នៅកាន់តំបន់ភ្នំភ្លើង ដើម្បីពិនិត្យមើលទៅលើស្ថានភាពជាក់ស្តែង និងបង្ការការបង្កគ្រោះថ្នាក់ ទៅដល់ ប្រជាជន។
ភ្នំភ្លើងសុីនមើ (Shinmoe) បានផ្ទុះ ឡើងនៅវេលាម៉ោង ១១ព្រឹកថ្ងៃព្រហស្បតិ៍ នេះ ស្ថិតនៅលើកោះគ្យូស៊ុ (Kyushu) នៃ ភាគខាងលិចប្រទេសជប៉ុន។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួ ដែលដកស្រង់ពីទីភ្នាក់ងារភូមិសាស្ត្រជប៉ុន (JMA) នារសៀលថ្ងៃ ព្រហស្បតិ៍ ទី១ ខែមីនា ឆ្នាំ២០១៨។
យោងតាមទិន្នន័យពី JMA បានឲ្យ ដឹងថា ភ្នំភ្លើងខាងលើនេះ បានបង្កជារំញ័រ មុនពេលផ្ទុះ ដែលអាចនាំឲ្យគេដឹង តាំង ពីវេលាម៉ោង ៨និង១៥នាទីព្រឹក ហើយ ក្រោយមកនៅវេលាម៉ោង ១១ព្រឹក វាក៏ ផ្ទុះឡើងតែម្តង ដែលនាំឲ្យខេត្ត កាហ្គោ សុីម៉ា (Kagoshima) និង មីយ៉ាហ្សាគិ (Miyazaki) រងផលប៉ះពាល់ ខណៈដែល ភ្នំភ្លើង សុីនមើ នេះស្ថិតនៅតាមតំបន់ប្រជុំភ្នំ គិរីហ្ស៊ីម៉ា ដែលមានកម្ពស់រហូតដល់ ១,៤២១ម៉ែត្រ។
សម្រាប់ពេលនេះ ប៉ូលិសជប៉ុនមិន ទាន់បានបញ្ជាក់ព័ត៌មានណាមួយ អំពី ការខូចខាតទ្រព្យសម្បត្តិ ក៏ដូចជាអាចមាន ជនរងគ្រោះនោះឡើយ បន្ទាប់ពីការផ្ទុះនេះ កើតឡើង។ ចំពោះកម្រិតប្រកាសអាសន្ន វិញ គឺ JMA បានបង្កើនវាដល់ថ្នាក់បង្គួរ (កម្រិតទី ៣ ដែលកម្រិតខ្ពស់បំផុតគឺ ៥) ហើយប្រជាជនទាំងអស់ ត្រូវបានហាម ឃាត់មិនឲ្យទៅតំបន់នោះឡើយ ព្រោះ អាជ្ញាធរខ្លាចក្រែងភ្នំភ្លើងនេះ ផ្ទុះឡើង បន្ថែមទៀត។
ប្រទេសជប៉ុន គឺស្ថិតនៅតំបន់ខ្សែ ក្រវាត់ភ្លើង (Ring of Fire) នៃតំបន់មហា សមុទ្រប៉ាស៊ីហ្វិក ដូចហ្វុីលីពីន និងឥណ្ឌូ ណេស៊ីដែរ ដែលជាហេតុនាំឲ្យប្រទេសនេះសម្បូរទៅដោយភ្នំភ្លើង គ្រោះរញ្ជួយ ផែនដី និងព្យុះកំណាចជាដើម ហើយ វាមិនមែនជារឿងអាចដោះស្រាយ បាន នោះឡើយ ព្រោះជាគ្រោះធម្មជាតិ៕ ម៉ែវ សាធី