ព័ត៌មានទាន់ហេតុការណ៍៖

នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកចូលចតនៅកំពង់ផែ Tien Sa ខេត្តដាណាងវៀតណាម

ចែករំលែក៖

នៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី៥ ខែមីនា ក្រុមនាវាចម្បាំងអាមេរិក ដែល មាននាវាផ្ទុកយន្តហោះ USS Arl Vinson , នាវាយាមល្បាត USS Lake Champlain នាវាចម្បាំង USS Wayne E Meyer រួម ទាំងនាវិកជាង ៦០០០នាក់ បានចូលចត នៅដែនសមុទ្រ ខេត្តដាណាង មានចម្ងាយ ពីឆ្នេរសមុទ្រ១គីឡូម៉ែត្រ។

នេះជាជំហានប្រវត្តិសាស្ត្រ ដោយ កន្លងមកមិនដែលមាននាវាផ្ទុកយន្តហោះ អាមេរិកណាមួយ ចូលចតនៅប្រទេសវៀត ណាម ឡើយរយៈពេល ជាង៤០ឆ្នាំកន្លង មក។ សារព័ត៌មាន ញូវយ៉កថាមស៍ បាន ដកស្រង់សម្តី មេបញ្ជាការកងទ័ព នៅលើ ក្រុមនាវាចម្បាំង ខាងលើ លោក John Fuller បានបញ្ជាក់ថា តាមរយៈដំណើរ​ទស្សនកិច្ចនេះ យើងសង្ឃឹមថានឹងជំរុញ ឲ្យមានទំនាក់ទំនងសន្តិសុខកាន់តែប្រសើរថែមទៀត។

ដំណើរទស្សនកិច្ចនេះទៀតសោត គឺជាសញ្ញាមួយនៃការរីកចម្រើនទំនាក់ទំនងយោធារវាងអតីតគូសត្រូវទាំងពីរ ក្នុង សម័យសង្រ្គាមវៀតណាម។ ប៉ុន្តែទន្ទឹមគ្នា នេះ អ្នកជំនាញអាមេរិកខ្លះ ដូចជាលោក ចន ឃើបាយ (John Kirby) អតីតឧត្ដម នាវីឯកអាមេរិកយល់ថា ដំណើរទស្សនកិច្ច របស់នាវាដឹក យន្ដហោះចម្បាំងនេះ គឺជាសារមួយផ្ញើទៅកាន់ទីក្រុងប៉េកាំង ដែល កំពុងពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់ សមុទ្រចិនខាងត្បូង។

«វៀតណាមកំពុងមានការព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពយោធារបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូងដូ ច្នេះ ហើយទើបទីក្រុងហាណូយ ចង់ស្ដារទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដើម្បីបានខ្នងបង្អែកកុំឱ្យចិនធ្វើអ្វីស្រេចតែអំពើចិត្ត»។ នេះបើតាម លោក John Kirby។

គួរបញ្ជាក់ថា បច្ចុប្បន្នចិនត្រូវបានគេមើលឃើញថា កំពុងពង្រីកឥទ្ធិពលយោធាកាន់តែខ្លាំង នៅតំបន់សមុទ្រចិនខាងត្បូង ជា ទីដែលវៀតណាម ហ្វុីលីពីន តៃវ៉ាន់ ប្រុ៊យ ណេ និងម៉ាឡេស៊ី អះអាងថាជាដែនអធិប តេយ្យរៀងៗខ្លួន។ ចំណែកឯក្រុមអ្នក ជំនាញ ក៏បានបង្ហាញការព្រួយបារម្ភផង ដែរ ដោយខ្លាចក្រែងថា ជម្លោះក្នុងតំបន់ ដែនទឹកមួយនេះ អាចនឹងបង្ខំឱ្យសហរដ្ឋ អាមេរិក និងចិនប្រឈមមុខដាក់គ្នាដោយផ្ទាល់នៅថ្ងៃណាមួយ៕ ម៉ែវ សាធី


ចែករំលែក៖