ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ ខណៈដែលមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្ទះលាងម៉ូតូទាំងកណ្ដាលយប់អធ្រាត្រ្រ ដោយមានការអន្តរាគមន៍ពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត និងនគរបាលព្រមទាំងរថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ចេញមកបាញ់ពន្លត់កាលពីវេលាម៉ោង១និង៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង សង្ស័យឆ្លងចរន្តអគ្គិសនី។
យោងតាមមន្ត្រីកងរាជអាវុធហត្ថក្រុងស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ប្រាក់ សុផាត ភេទប្រុស អាយុ៦០ឆ្នាំ ជាមន្ត្រីចូលនិវត្តន៍ និងមានមុខរបរមួយទៀត លាងម៉ូតូ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។
ប្រភពឲ្យដឹងទៀតថា ផ្ទះដែលត្រូវអគ្គិភ័យឆេះនោះ មានទំហំ៧ម៉ែត្រ គុណនឹង៩និង៥ម៉ែត្រ សង់ពីថ្មក្រោម ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្ការត្រូវខូចខាតស្ទើទាំងស្រុង។
តាមម្ចាស់ផ្ទះបានប្រាប់ថា នៅមុនពេលកើតហេតុនោះ រូបគាត់ និងក្រុមគ្រួសារបានសម្រាន្តលង់លក់ ក្នុងដំណេកយ៉ាងស្កុបស្កល់ ខណៈនោះស្រាប់តែមានផ្សែងហុយចេញពេញផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល និងដាស់ប្រពន្ធ កូនឡើង ទាំងប្រញាប់ប្រញាល និងស្រែកហៅអ្នកភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីសុំអន្តរាគមន៍ជួយយករថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ទើបគ្រប់គ្រង់ស្ថានការណ៍បាន។
ម្ចាស់ផ្ទះបាននិយាយទាំងទឹកមុខក្ដុកក្ដួលស្រងូតស្រងាត់ថា ចំពោះសម្ភារ និងទ្រព្យសម្បត្តិដែលខូចខាតដោយសារអគ្គិភ័យឆេះ មិនទាន់សរុបទឹកប្រាក់ការបាត់បង់នៅឡើយទេ។
សូមបញ្ជាក់ថា នាពេលនោះដែរ សមត្ថកិច្ចមូលដ្ឋាន បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង មកអន្តរាគមន៍ គឺមានរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តមួយគ្រឿងបាញ់ពន្លត់ ទើបគ្រប់គ្រង់សភាពការណ៍បាន ដោយមិនរាលដាលដល់ផ្ទះអ្នកជិតខាង និងមិនមានអ្នកណារងគ្រោះថ្នាក់ដល់អាយុជិវិតនោះទេ ។
តែទំហំនៃការខូចខាត នៅពុំទាន់ដឹងថា ខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននៅឡើយនោះទេ ។
សមត្ថកិច្ចបានបញ្ជាក់ជាបឋមថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ បង្កឡើងដោយសារការឆ្លងចរន្តអគ្គិសនី ដែលផ្ដើមចេញពីបន្ទប់ផ្នែកខាងលើ ហើយបង្កជាអណ្តាតភ្លើង បានឆេះរាលដាលរហូតដល់ដំបូលផ្ទះ និងតួផ្ទះទាំងមូលតែម្តង ៕ យឹម សុថាន